ដើម​ច្បោះ​ជ័រ​ជា​មុខរបរ​ប្រពៃណី​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង កំពុង​ប្រឈម​នឹង​ការបំផ្លាញ​

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅ​ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ បាន​ឲ្យ​ដឹងថា​ដើម​ច្បោះ​ជ័រ​ដែលជា​មុខរបរ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​ក្នុង​ការផលិត​ជ័រទឹក​លក់​យកលុយ​ដោះស្រាយ​ជីវភាព​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ទីភ្នាក់ងារ​កម្មវិធី​អភិវឌ្ឍន៍​របស់​សហរ​ដ្ឋ​អាមេរិក​(USAID) ចូលរួម​ក្នុង​ការជួយ​ការពារ​ដើម​ច្បោះ​ជ័រ ព្រោះ​បច្ចុប្បន្ន​ដើម​ច្បោះ​ជ័រ​សម្រាប់​ផលិត​ជ័រទឹក​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​នៅក្នុង​ស្រុក​សណ្ដា​ន់ ខេត្តកំពង់ធំ ស្រុក​រវៀង ខេត្តព្រះវិហារ ស្រុក​សេសា​ន និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។

តាម​ការអះអាង​របស់​ជនជាតិដើម​ភាគតិច​មួយចំនួន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​តែង​បំពាន​កាប់​ដើម​ច្បោះ​ជ័រ​របស់​ពួកគាត់​ដែល​នៅក្បែរៗ​បរិវេណ​ដី​សម្បទាន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​ក្រុម​ឈ្មួញ​និង​ក្រុមហ៊ុន​មួយចំនួន​បាន​ពង្រាយ​កម្លាំង​កម្មក​រ​ដែល​ការពារ​ដោយ​កម្លាំងប្រដាប់អាវុធ​ឲ្យ​ធ្វើ​សកម្មភាព​កាប់​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច អស់​រាប់ម៉ឺន​ដើម​រួចមកហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ នៅពេល​មាន​បទល្មើស​កើតឡើង​ជនជាតិដើម​ភាគតិច​ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ដើម​ច្បោះ​ជ័រ​តែង​រាយការណ៍​ទៅ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់ ប៉ុន្តែ​សំណើ​របស់​ពួកគាត់​ពុំមាន​ប្រសិទ្ធិភាព​ឡើយ​។ ឈ្មួញ​មួយចំនួន​ប្រើ​កម្លាំង​កម្មករ​ដែល​ការពារ​ដោយ​មន្ត្រី​ប្រដាប់អាវុធ​ដើម្បី​ធ្វើ​សកម្មភាព​កាប់រំលំ​ដើម​ច្បោះ​ជ័រ ហើយ​អារច្រៀក​ធ្វើ​អាជីវកម្ម​យ៉ាង​គឃ្លើន​។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ បាន​អំពាវនាវ​ឲ្យ​ទីភ្នាក់ងារ​កម្មវិធី​អភិវឌ្ឍន៍​របស់​សហរ​ដ្ឋ​អាមេរិក ក៏ដូចជា​អង្គការក្រៅរដ្ឋាភិបាល​នានា​ជួយ​រក​មធ្យោបាយ​ធ្វើយ៉ាងណា​ជួយ​ការពារ​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ជាបន្ទាន់​។ ជាពិសេស​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ដើម្បី​ឲ្យ​ឃើញ​បទល្មើស​កាប់​ឈើ​ផ្ទាល់​ភ្នែក ជាពិសេស​បទល្មើស​កាប់​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច ព្រោះ​មកដល់​បច្ចុប្បន្ន​ដើម​ច្បោះ​ជ័រ​ត្រូ​វិនាស​ប្រមាណ​ជាង​៨០​ភាគរយ​ហើយ​។ ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ហើយ​មាន​តួនាទី​អភិរក្ស​និង​ការពារ​ព្រៃឈើ លោក សាយ សំ​អាល់ មិនត្រូវ​ជឿ​តែ​តាម​របាយការណ៍​របស់​មន្ត្រី​ថ្នាក់ក្រោម​ដែល​ព្យាយាម​បិទបាំង​ការពិត​នោះទេ ព្រោះ​បច្ចុប្បន្ននេះ​បទល្មើស​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​នៅតែ​កើតមាន​គួរ​ឲ្យ​ព្រួយបារម្ភ​ដូច​មុន​ដដែល​៕

fn-2016-06-18-11-34-30-0

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន 

forest_cen2 cc509eb6-9496-4e11-946b-c9c093acc9f5