មន្ត្រី​គយ​មួយក្រុម​បង្កើត​ប៉ុស្ដិ៍​ជជុះ​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​លើផ្លូវ​ជាតិ​លេខ​៤៨

ប្រភពពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ចេញពី​ខេត្តកោះកុង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨ ចូលមក​ផ្លូវជាតិ​លេខ​៤ បាន​ឲ្យ​ដឹងថា​មន្ត្រី​គយ​មួយក្រុម​ដែល​ស្ថិតក្រោម​ការ​គ្រប់​គ្រប​របស់លោក នេ​ត ចន្ថា និង​លោក ទី សូ​រី​វុ​ទ្ធ បាន​បង្កើត​ប៉ុស្ដិ៍​ជជុះ​លើផ្លូវ​ជាតិ​លេខ​៤៨​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៤​និង​លេខ​៥៥ ក្នុងភូមិ​ជី​នាល ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ យ៉ាង​សុខ​ស្រួល​។ មន្ត្រី​អាជ្ញាធរ​ក្នុង​ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​គយ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក នេ​ត ចន្ថា និង​លោក ទី សូ​រី​វុ​ទ្ធ បាន​តម្រូវ​ឲ្យ​ឈ្មួញ​ចូល​បង់លុយ​ឲ្យ​ពួកគេ​ទាំងយប់​ទាំង​ថ្ងៃ​។ ក្នុង​មួយថ្ងៃៗ​មន្ត្រី​គយ​ទាំងនោះ​ប្រមូល​លុយ​បាន​មិនតិច​ទេ យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ដោយ​គ្មាន​ខ្លាចក្រែង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ​មាន​លាយ​សារធាតុ​គីមី​ដូចជា សាច់មាន់ ឆ្អឹង​មាន់ ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​ជាដើម ត្រូវបាន​ឈ្មួញ​នាំចូល​តាមផ្លូវ​ទឹក​និង​ផ្លូវគោក​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ខេត្តកោះកុង ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨ ចូលមក​ផ្លូវជាតិ​លេខ​៤ ហើយ​យកមក​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​។ មន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​របស់លោក​នេ​ត ចន្ថា និង​លោក ទី សូ​រី​វុ​ទ្ធ មិន​ចាត់វិធានការ​ទប់ស្កាត់​ទំនិញ​ខុសច្បាប់​ដែល​ឈ្មួញ​នាំចូល​យ៉ាង​អនាធិបតេយ្យ​នោះទេ គឺ​គិតតែ​ប្រមូល​លុយ​ពី​ឈ្មួញ​ក្នុង​មួយថ្ងៃ​វាល់​បាវ​។

មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​លោក​នេ​ត ចន្ថា និង​លោក ទី សូ​រី​វុ​ទ្ធ បាន​ប្ដូរ​វេណ​គ្នា​ប្រចាំការ​នៅ​ប៉ុស្ដិ៍​ជជុះ​លើផ្លូវ​ជាតិ​លេខ​៤៨​ក្នុង​ម្នាក់​រយៈពេល​៧​ថ្ងៃ ដើម្បី​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​គឺ​ទាំង​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ឬ​ទំនិញ​ស្របច្បាប់ សុទ្ធតែ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គយ​ទាំងពីរ​នាក់​នេះ​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ធំៗ​ដឹកទំនិញ​ឆ្លងកាត់​ប៉ុស្ដិ៍​ជជុះ​របស់លោក នេ​ត ចន្ថា និង​លោក ទី សូ​រី​វុ​ទ្ធ រាប់សិប​គ្រឿង​ហើយ​ក្នុង​រថយន្ត​មួយគ្រឿង​ត្រូវ​បង់​ពី​៥​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល ដូច្នេះ​ពួកគេ​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ មានការ​បង្ហើប​ឲ្យ​ដឹង​ទៀតថា លុយ​ទាំងនោះ​លោក​នេ​ត ចន្ថា និង​លោក ទី សូ​រី​វុ​ទ្ធ មិនបាន​ដាក់ចូល​ថវិកា​រដ្ឋ​ទេ គឺ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ប្រើ​វិធី​រកលុយ​តាមរបៀប​ពុករលួយ​តទៅទៀត​ឡើយ​៕

wat-1609y wat-1609w
​ ​
​ ​