ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ហូរ​ចូល​យ៉ាង​ពេញបន្ទុក​តាម​ច្រក​ជាំ​ស្រងាំ

សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​មាន​ក្រុមអាជីវករ​និង​ឈ្មួញ​ជាច្រើន​នាក់​ដឹកជញ្ជូន​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ តាម​ច្រក​ជាំ​ស្រងាំ ហើយ​មួយ​ភាគ​ធំ​គឺ​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​ដូចជា ភេសជ្ជៈ និង​គ្រឿង​កំប៉ុង ទំនិញ​ចាប់ហួយ​។ ប្រភពពី​ម្ចាស់​ទំនិញ​មួយចំនួន​បាន​ឲ្យ​ដឹងថា ពួកគាត់​មានការ​សង្ស័យ​យ៉ាងខ្លាំង​ពី​រឿង​ពុករលួយ​របស់​មន្ត្រី​គយ​ប្រចាំ​ច្រក​ជាំ​ស្រងាំ ព្រោះ​ពួកគាត់​បង់លុយ​ឲ្យ​តាម​ការកំណត់ ប៉ុន្តែ​មិន​ទទួលបាន​បង្កាន់ដៃ​បង់ពន្ធ​ត្រឹមត្រូវ​នោះទេ​។ ដូច្នេះ​សមត្ថកិច្ច​គយ​ទាំងនោះ​អាច​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​បែងចែក​មួយផ្នែក​ទៅ​មេៗ​ថ្នាក់លើ ទើប​អ្វីៗ​មាន​ភាពស្ងប់ស្ងាត់ ហើយ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនត្រូវ​មើលរំលង​ឡើយ​។

ឈ្មួញ​និង​ក្រុមអាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ តាម​ច្រក​ជាំ​ស្រងាំ បាន​ឲ្យ​ដឹងថា​ពួកគាត់​បង់លុយ​ដល់​ទៅ​៣​កន្លែង ប៉ុន្តែ​មិន​ទទួលបាន​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ ហើយ​គេ​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​តាម​អំពើ​ចិត្ត​។ ឈ្មួញ​ខ្លះ​បាន​ឲ្យ​ដឹងថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​សាំ​យ៉ុង ហើយ​មាន​អ្នក​រត់ការ​ម្នាក់​គឺជា​អ្នកប្រមូល​លុយ​ពី​ពួកគាត់​ដោយ​ពុំមាន​ចេញ​ប័ណ្ណ​ត្រឹមត្រូវ​ឡើយ ហើយ​ពួកគាត់​ពិបាក​ក្នុង​ការតវ៉ា​។ ឈ្មួញ​និង​អាជីវករ​តូចតាច​បាន​រិះគន់ថា ទាំង​មន្ត្រី​គយ និង​មន្ត្រី​កាំកុងត្រូល​ច្រក​ជាំ​ស្រងាំ គាបសង្កត់​ពួកគាត់​យ៉ាង​តឹងតែង ហើយ​មាន​កុងត្រូលជជុះ​តាមផ្លូវ​ជំរិត​យកលុយ​ពី​ពួកគាត់​ថែមទៀត​ធ្វើ​ឲ្យ​ពួកគាត់​ស្ទើរ​គ្មាន​ប្រាក់ចំណេញ​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។

ឈ្មួញ​និង​ក្រុមអាជីវករ​តូចតាច​បានលើកឡើង​ទៀតថា មន្ត្រី​គយ​និង​កាំកុងត្រូល បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​មាន​លាយ​សារធាតុ​គីមី​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​នោះទេ ព្រោះ​គេ​ត្រូវរ៉ូវ​គ្នា​រួចទៅហើយ​។ ដោយសារតែ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ សមត្ថកិច្ច​គយ និង​កាំកុងត្រូល ក៏ដូចជា​នគរបាល​អ​ន្តោ​ប្រវេសន៍ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​តូចតាច​ហួសហេតុ​ពេក ទើប​បច្ចុប្បន្ន​ឈ្មួញ​និង​អាជីវករ​តូចតាច​ស្ទើរតែ​លែង​ហ៊ាន​ដឹកជញ្ជូន​ទំនិញ​តាម​ច្រក​នេះ ព្រោះ​គ្មាន​សល់​ប្រាក់ចំណេញ​សម្រាប់​ចិញ្ចឹម​ក្រពះ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​គយ​នៅ​ច្រក​ជាំ​ស្រងាំ​ខ្លះ​ផង ព្រោះ​ការតម្រូវ​ឲ្យ​ឈ្មួញ​បង់លុយ​ដោយ​គ្មាន​វិក្កយបត្រ​គឺជា​រូបភាព​នៃ​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​៕

chanroth-aug-04

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

%e1%9e%85%e1%9f%92%e1%9e%9a%e1%9e%80%e1%9e%87%e1%9e%b6%e1%9f%86%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%84%e1%9e%b6%e1%9f%86 odor-4-1