ឯកអគ្គរាជទូត​ជប៉ុន​ចង់ឃើញ​កម្ពុ​ជាមាន​សន្តិ​ភាព ស្ថិរភាព ឯកភាព​ជាតិ និង​ការអភិវឌ្ឍ​

នៅ​ចុង​សប្តាហ៍​នេះ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ដែល​នឹង​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា ក្នុង​ខែកញ្ញា ឆ្នាំ​២០១៦​នេះ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ដោយ​ធ្វើការ​ប្រៀបធៀប​ពី​រយៈពេល​បញ្ចប់សង្គ្រាម និង​ការអភិវឌ្ឍ​ថា ប្រទេស​ជប៉ុន​បានបញ្ចប់​សង្គ្រាម​រយៈពេល​៧១​ឆ្នាំ​រួច​កន្លងទៅ រីឯ​ប្រទេស​កម្ពុជា​ពុំទាន់​ឆ្លងកាត់​ពេលវេលា​ច្រើន​ឆ្នាំ​ដូច​ជប៉ុន​ទេ​។ ហេតុនេះ មុនពេល​លោក​ចាក​ចេញពី​កម្ពុជា លោក​បាន​ប្រាថ្នា​ឲ្យ​ខ្មែរ​រួបរួមគ្នា​អភិវឌ្ឍ​ប្រទេស​ដូច​ជប៉ុន​ដោយមាន​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ និង​ភាពសម្បូររុងរឿង​។​

​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានបញ្ជាក់​ពី​បំណងប្រាថ្នា​ថា​លោក​មានបំណង​ប្រាថ្នា​ឲ្យ​ប្រទេស​កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ពី​សង្គ្រាម​ដ៏ រ៉ាំរ៉ៃ និង​បោះជំហាន​បន្តិច​ម្តងៗ ឆ្ពោះទៅកាន់​ការរួបរួម​គ្នា​រវាង​ប្រជាជន និង​ប្រជាជន និង​មាន ស្ថិរ​ភាពជា​និរន្តរ​រួមជាមួយ និង​ការអភិវឌ្ឍ​ទាំង​សេដ្ឋកិច្ច សង្គម និង​នយោបាយ​ផងដែរ​។ លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន ដែល​បាន​បំពេញបេសកកម្ម​ការទូត​ជាង​៣​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា បាន​វាយតម្លៃថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន និង​កម្ពុជា​កំពុងមាន​ការរីកចម្រើន​យ៉ាងខ្លាំង​។​

គួរ​បញ្ជាក់ថា ថ្មីៗ​នេះ​សហគមន៍ជាតិ និង​អន្តរជាតិ​បាន​សម្តែង​ក្តីបារម្ភ​កាន់តែខ្លាំង​ឡើង​ចំពោះ​ការដែល​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​គាបសង្កត់​កាន់​តែមាន​កម្រិត​ធ្ងន់ធ្ង​រ​ឡើងៗ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល ពិសេស​ការ​ចល័ត​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ពី​តាម​បណ្តា​ខេត្ត​ចូល​រាជធានី​ភ្នំពេញ និង​នៅ​ជុំវិញ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​។ សហគមន៍ជាតិ និង​អន្តរជាតិ ចង់ឃើញ​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​ផ្តើម​ចរចា​នយោបាយ​ស្របតាម​វប្បធម៌​សន្ទនា ដើម្បី​ធានា​ដល់​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បានចាត់ទុក​ការ​ចល័ត​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​នៅ​រាជធានី​ភ្នំពេញ​កាលពីពេល​ថ្មីៗ​នេះ ពិសេស​នៅ​ជុំវិញ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ថា​វា​មិនមែនជា​ដំណោះស្រាយ​នយោបាយ​ដោយ​ប្រសិទ្ធភាព​នោះទេ​។ លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​គួរប្រើ​ប្រាស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ធ្វើ​សមយុទ្ធ​យោធា​នៅតាម​បន្ទាត់​ព្រំដែន​ដែល​កំពុង​រង​ការឈ្លានពាន​ពី​ប្រទេសជិតខាង​កម្ពុជា ហើយ​មិន​ត្រូវយក​កងកម្លាំងប្រដាប់អាវុធ​ទាំងនោះ មក​ធ្វើ​សមយុទ្ធ​នៅ​កណ្តាល​ប្រទេស​បង្ក​ការបំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល ពាណិជ្ជករ ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​កាន់តែ​អាប់អួ​៕

2-yuji-kunamaru