បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​រវៀង ឆ្លងកាត់​ស្រុក​ស្វាយ​លើ ចូល​ខេត្តសៀមរាប នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​

លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ អំពាវនាវ​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប មិន​បង្ក្រាប​បទល្មើស​ឡើយ​។ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពោធិ៍ និង​ឃុំ​ប្រមេរ ស្រុក​រវៀង បាន​ជំរុញ​ឲ្យ​មានការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ដែលមាន​សភាព​កាន់តែ​ខ្លាំងក្លា​មួយរយៈ​ពេល​ចុងក្រោយ​នេះ ព្រោះ​ក្រុម​ឈ្មួញ​មិន​ញញើត​នឹង​ច្បាប់​ឡើយ​។ ជាក់ស្ដែង​ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​ដឹក​ក្ដារ​និង​ដឹកឈើ​អារ​រួច​ឆ្លងកាត់​ឃុំ​ប្រមេរ និង​ឃុំ​ពោធិ៍ ចូលទៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ហើយ​យកទៅ​ចែកចាយ​ដល់​ក្រុង​សៀមរាប​យ៉ាង​រលូន​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ប្រមេរ និង​ឃុំ​ពោធិ៍ ស្រុក​រវៀង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​ដឹក​ក្ដារ​ឈើ​គគីរ និង​ឈើ​អារ​រួច​ផ្សេងៗ​ទៀត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៩ ឆ្លងកាត់​ក្រុង​ព្រះវិហារ ឆ្ពោះទៅ​ស្រុក​គូលែន និង​ស្រុក​ស្វាយ​លើ ទើប​ចូល​ដ​លើ​ក្រុង​សៀមរាប​។ ប្រជាពលរដ្ឋ​សង្ស័យថា​ក្រុម​ឈ្មួញ​ដឹកឈើ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ទើប​សកម្មភាព​របស់​ពួកគេ​ពុំមាន​ការរំខាន​ពី​សមត្ថកិច្ច​ឡើយ​។ រយៈពេល​ជាច្រើន​ខែ​កន្លងទៅនេះ​មិនឃើញ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​បទល្មើស​ទេ ព្រោះ​ខ្លាច​បាត់បង់​ចំណូល​របស់​ពួកគេ ដូច្នេះ​មេៗ​នៅ​ខាងលើ​គួរពិនិត្យមើល​ភាព​អសកម្ម​របស់​កូនចៅ​ក្រោម​ឱវាទ​ផង​។

មេ​រដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ ក៏ដូចជា​ស្រុក​ស្វាយ​លើ និង​ស្រុក​គូលែន ខេត្តសៀមរាប ត្រូវបាន​គេ​ដឹងថា​ជា​អ្នកទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទើប​ពួកគេ​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ ជាក់ស្ដែង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​សកម្មភាព​ដឹកឈើ​ចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់​ស្រុក​គូលែន និង​ស្រុក​ស្វាយ​លើ ចូលមក​ចែកចាយ​តាម​ដេប៉ូ​ធំៗ​ក្នុង​ក្រុង​សៀមរាប កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប សម្ងំស្ងៀម​ដើម្បី​ទទួលផល​ប្រយោជន៍​ធ្វើ​មាន​ធ្វើបាន​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ព្រៃឈើ​ក្នុងស្រុក​រវៀង ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​គូលែន និង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​៕

2525251

លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ

vihar-2 vihar-1