លែង​ពស់ថ្លាន់​ប្រវែង​3​ម៉ែត្រ​ឱ្យ​រស់នៅ​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ

ខេត្តសៀមរាប ៖ ពស់ថ្លាន់​មួយ​ក្បាល​ ប្រវែង​ប្រហែល​៣​ម៉ែត្រ ត្រូវ​បាន​អ្នក​ភូមិ​សហការ​ជាមួយ​ភ្នាក់ងារ​ ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​មានការ​ចូលរួម​ពី​នគរបាល​ការពារ​បេតិកភណ្ឌ​ផង បាន​យក​ទៅ​លែង​នៅ​ក្នុង​ព្រៃអង្គរ កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ត្រង់​ចំណុច​មាត់ក​សិន្ធុ​ខាងកើត​នៃ​ប្រាសាទអង្គរវត្ត ។

លោក មាឃ បូ​រ៉ា មន្ត្រី​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ថ្លែង​ថា ពស់ថ្លាន់​នេះ​មិនមែន​ជា​ សត្វ​ចិញ្ចឹម​ទេ​តែ​ត្រូវ​បាន​អ្នក​ភូមិ​ម្នាក់​រស់នៅ​ភូមិ​វាល សង្កាត់​នគរធំ ក្រុង​សៀមរាប ចាប់​បាន​នៅ​ក្បែរ​ផ្ទះ​របស់​គាត់ ហើយ​ក៏​បាន​ទាក់ទង​ មក​ភ្នាក់ងារ​អភិរក្ស​ព្រៃឈើ និង​នគរបាល​ការពារ​បេតិកភណ្ឌ​ដើម្បី​យក​មក​លែង ឱ្យ​មាន​សេរីភាព​ក្នុង​ឧទ្យាន​អង្គរ ។

លោក និ​ន ចាន់​សា​មៀន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បាន​សម្តែង​នូវ​ការ​គាំទ្រ និង​កោតសរសើរ​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​សកម្មភាព​ក្នុង​ការ​អភិរក្ស​ សត្វព្រៃ​ក្នុង​តំបន់​អង្គរ​នា​ពេល​នេះ ។ លោក​ថ្លែង​ថា សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ​ សព្វថ្ងៃ​មាន​ច្រើន​ ប្រភេទ​គួរសម​ដែរ ដែល​អាច​ជួយ​បង្កើន​ភាព​ទាក់ទាញ​ខ្លាំង​ដល់​អ្នកទេសចរ និង​ធ្វើ​ឱ្យ​មាន​តុល្យភាព​ធម្មជាតិ​ក្នុង​ឧទ្យាន​អង្គរ​ទាំងមូល​ផង​ដែរ ។

លោក​បន្ថែម​ថា ក្រុមការងារ​របស់​លោក​ បាន​បង្កើត​ផ្នែក​មួយ​ ដែល​ទទួល​ភារកិច្ច​អភិរក្ស​សត្វ​និង​រុក្ខជាតិ តែ​ផ្នែក​នេះ​ដំណើរការ​បាន​តិចតួច ហើយ​ធ្វើការ​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(Wild Alliance) ដើម្បី​នាំ​យក​ប្រភេទ​សត្វ​កម្រ​មក​លែង​ក្នុង​ឧទ្យាន​អង្គរ​។ កន្លង​មក ក្រុម​នេះ​ធ្លាប់​បាន​លែង​សត្វ​ទោច​មកុដ​ចំនួន​២​គូ ហើយ​ឥឡូវនេះ​បង្កើត​បានកូន​២​ក្បាល​ហើយ ។

លោក និ​ន ចាន់​សា​មៀន ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការពារ​សត្វព្រៃ​ និង​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ ព្រោះ​កន្លង​មក​មាន​ប្រជាពលរដ្ឋ​ខ្លះ​ដែល​មិន​បាន​ យល់​ដឹង​បាន​ដេញចាប់​សត្វ និង​សម្លាប់សត្វ​ដែល​មាន​ក្នុង​ឧទ្យាន​អង្គរ ។

គួរ​បញ្ជាក់​ថា ដោយ​មានការ​ចូលរួម​ពី​ សហគមន៍​និង​ប្រជាពលរដ្ឋ ទើប​អាច​រក្សា​សត្វព្រៃ និង​ព្រៃឈើ​ឲ្យ​គង់វង្ស​យូរអង្វែង​បាន​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែក  ប្រជាពលរដ្ឋមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ រស់នៅក្បែរខាង នាំគ្នាទៅចោមរោមមើល កាលពីវេលាម៉ោង ជាង៩យប់ ថ្ងៃទី៤ ធ្នូ ២០១៤ កន្លងទៅ នៅចំណុចផ្ទះលេខ 462B44 ក្រុម៦៩ ភូមិ១២ ផ្លូវបេតុងកែងនឹង ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីម្ចាស់ផ្ទះ ដែលពស់ថ្លាន់មួយគូ វាចូលទៅសំងំនៅ កន្លៀតជញ្ជាំងផ្ទះនោះ បានឱ្យដឹងថា ពស់ថ្លាន់មួយគូ ខាងលើនេះ បានវាចូលមកសំងំ នៅកន្លៀតជញ្ជាំង ផ្ទះរបស់គាត់ តាំងពីវេលាម៉ោង ៣រសៀលមកម្លេះ ដោយគ្មានអ្នកណា ហ៊ានប៉ះពាល់នោះទេ ។ ហើយបើសិនជា ពស់ថ្លាន់មួយគូនេះ មិនព្រមវាចេញ ទៅណានោះទេ គាត់នឹងទាក់ទង ទៅកាន់មន្រ្តីអភិរក្សសត្វព្រៃ ឱ្យមកចាប់យកទៅចិញ្ចឹម តាមសួនសត្វ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លែង​ពស់ថ្លាន់​ប្រវែង​3​ម៉ែត្រ​ឱ្យ​រស់នៅ​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ

លែង​ពស់ថ្លាន់​ប្រវែង​3​ម៉ែត្រ​ឱ្យ​រស់នៅ​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ