ទោស​ប្លន់​11​លើក ជាប់គុក​77​ឆ្នាំ​មិន​ធ្លាប់​មាន

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជា សុខ​ច័ន្ទ​ដេ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ចោរប្លន់​ម្នាក់​ដាក់​ពន្ធនាគារ​រយៈពេល​២៨​ឆ្នាំ ពី​បទ«​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​ហិង្សា​» ចំនួន​៤​ករណី ក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​មួយ​ករណី​ផ្តន្ទាទោស​៧​ឆ្នាំ ។ 

កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៦​កន្លង​ទៅ បុរស​រូប​នេះ ក៏​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ម្តង​រួច​មក​ហើយ រយៈពេល​៤៩​ឆ្នាំ ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្តិ​ហិង្សា​ចំនួន​៧​ករណី​ដែរ ក្នុង​ទឹកដី​ខណ្ឌដង្កោ ដោយ​ក្នុង​មួយ​ករណី​ផ្តន្ទាទោស​៧​ឆ្នាំ​។ ដូច្នេះ​បុរស​រូប​នេះ បច្ចុប្បន្ន​កំពុង​មានទោស​សរុប​ចំនួន​១១​ករណី និង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​៧៧​ឆ្នាំ ។ ជនជាប់ចោទ​នេះ​ឈ្មោះ នុ​ជ សំណាង ហៅ សែន សំណាង អាយុ​២៧​ឆ្នាំ ។ ចោរប្លន់​ម្នាក់​នេះ​ចាត់​ទុក​ថា បាន​ជាប់​ឯតទគ្គ​កម្ម​ក្នុង​ចំណោម​ចោរប្លន់​ទាំងឡាយ ។ បើ​និយាយ​ពី​កំណត់​ទោស​ត្រូវ​ជាប់គុក​វិញ ជា​ទណ្ឌិត​ជាប់​លេខ​២​បន្ទាប់​ពី​ទណ្ឌិត ហេង ពៅ មេឃាតករ​កំណាច​ដែល​ត្រូវ​កាត់ទោស​ជាប់គុក​១០៥​ឆ្នាំ ។ ពិសេស​ណាស់ មិន​ងាយ​រកបាន​ទេ ឯតទគ្គ​កម្ម​បែប​នេះ​នៅ​ស្រុក​យើង ។

នា​ពេល​សវនាការ​កន្លង​ទៅ ជនជាប់ចោទ​រូប​នេះ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន ។
ជនជាប់ចោទ​រូប​នេះ​បាន​សារភាព​ពី​អំពើ​ប្លន់​របស់​ខ្លួន ៖
គឺ​ប្លន់​លើក​ទី​១ នៅ​ភូមិ​គោក​បន្ទាយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៥ ។
ប្លន់​លើក​ទី​២ នៅ​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៥ ។
ប្លន់​លើក​ទី​៣ នៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៥ ។
ប្លន់​លើក​ទី​៤ នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៥ ។
ប្លន់​លើក​ទី​៥ នៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥ ។
ប្លន់​លើក​ទី​៦ នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៥ ។
ប្លន់​លើក​ទី​៧ នៅ​សង្កាត់​កន្ទួត ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ ៕