ផ្ទះប្រជា​ពលរដ្ឋ​កំពុង​រង​ការ​​គំរាមកំហែងខ្លាំង

ខេត្តកំពង់ចាម​ ៖ ឆ្លើយ​តប​ទៅ​នឹង​ការ​ណែនាំ​របស់​លោក​ឧត្តម​សេនី​យ៍​ទោ បែន រ័​ត្ន ស្នងការ​នគរបាលខេត្ត​ក្នុង​រដូវវស្សា​នេះ បាន​​​ឱ្យ​​កម្លាំង​អធិការដ្ឋាន​នៅ​តាម​ដង​ទន្លេមេគង្គ ចាប់ពី​ស្រុក​ស្ទឹង​ត្រង់ ​ដល់ស្រុក​ស្រី​សន្ធរ​ ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ដើម្បី​ជួយ​សង្គ្រោះដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយទឹកជំនន់​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។

ជាក់ស្តែង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ២០១៦ នេះ ផ្ទះ​អ្នក​ភូមិ​ទួ​រី​​លើ ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ​​ចំនួន​៣​ខ្នង ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អន្តរា​គម​ន៍​ជួយ​រុះរើ​ ព្រោះ​ច្រាំង​ទន្លេបាក់​ស្ទើរតែ​មក​ដល់​ផ្ទះ​ គឺ​បញ្ចៀសកុំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

លោក​វរ​សេនី​យ៍​​ទោ ហេង វ​ណ្ណា អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​ប្រាប់​ឱ្យ​ដឹងថា លំនៅ​ឋាន​របស់ពលរដ្ឋ​ចំនួន​២​ខ្នង ​នៅ​ភូមិ​ទូ​រី​លើ ក្នុង​នោះ​មានផ្ទះ​៧​គុណ​៩​ម៉ែត្រ ត្រូវ​បាន​ជួយ​រុះរើ  ចំនែក​ផ្ទះ​ទី​៣​ត្រូវបាន​ជញ្ជូន​ទ្រព្យ​ចេញ​អស់ ​ក៏​ត្រៀម​នឹង​រុះរើ ដែល​ត្រូវ​បាន​យារ​យី​ដោយ​ការ​បាក់​ច្រាំង​ទន្លេ​នោះ  និង​កាន់តែ​កៀក​ដល់​ផ្ទះ​នោះ  ដោយ​បាន​ទទួល​ការ​ណែនាំ  ពី​លោកស្នងការ​នគរបាល​ខេត្ត រូប​លោក បាន​ចាត់​ឲ្យ​កម្លាំង​ប្រចាំការ​រួម​និង​ប៉ុ​ស្ត៏​រដ្ឋបាល​មូលដ្ឋាន ប្រញាប់​ចេញ​ទៅ​ជួយ​រុះរើ​ផ្ទះ​ព្រមទាំង​ទ្រព្យ សម្បត្តិ​មក​កាន់​កន្លែង​សុវត្ថិភាព​ ។