កំសត់ណាស់! អង្វរទម្រាំ​ភាគីថៃបើកភ្លើងខៀវវិញ…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ប៉ៃលិន រួម​ជាមួយ​មន្ត្រីនៃ​មន្ទីរ​ពាក់ព័ន្ធ​ជា​ច្រើន​ស្ថាប័ន​ ដូច​ជាមន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​កសិកម្ម សាខា​កាំកុងត្រូល នគរបាល​អន្តោប្រវេសន៍ សាខា​គយ​និង​រដ្ឋាករ សមាគម​កសិកម្ម​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​១៤ កញ្ញា កន្លង​ទៅ​នេះ បាន​នាំ​គ្នា​ចូល​ទៅ​ចរចា​ជាមួយ​ភាគី​ថៃ ក្នុង​ទឹកដី​ខេត្ត​ចាន់​បូ​រី ដើម្បី​សុំ​ថៃបើក​ឱ្យ​អាជីវករ​ខ្មែរ នាំ​កសិផល​ផ្លែស្វាយ​កែវ​រមៀត ចូល​ទៅ​លក់ដូរ​នៅ​ទីនោះ​ដូច​ពី​មុន តែ​អត់​បាន​លទ្ធ​ផល ។ លុះ​ក្រោយមក ទើប​អាជ្ញាធរ​ខ្មែរចូល​ទៅ​ជួប​ចរចា​ជា​លើក​ទី​២ ដោយ​លើកយក​ហេតុផល​ផ្សេង​ៗ​មក​ពន្យល់ ទើប​ខាង​ថៃ​យល់ព្រម​តែ​ម្តង ។

ហេតុការណ៍​បន្ត​ការ​ច​ចារ​ជាមួយ​ភាគី​ថៃ​នេះ បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៦ កញ្ញា  រវាង​អ​ជ្ញា​ធរ​ថៃ ខេត្ត​ចាន់​បុរី និង​អ​ជ្ញា​ធរ​ខ្មែរ ខេត្ត​ប៉ៃលិន ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយលោកអៀង វុ​ធ អភិបាលរង​ខេត្ត និង​ភាគី​ថៃ ដឹកនាំ​ដោយ​លោកវិ​ធូ​រ៉ាត់ ស៊ី​ណា​ម អភិ​បាលខេត្ត​ចាន់​បុរី ស្ថិត​នៅ​ផ្សារ​បាន​ផា​កាត ក្នុងភូមិ​ផា​កាត ឃុំ​ខ្ល​ង​យ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ដើម្បី​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ថៃ​ផ្អាក​ការ​នាំ​ចូល​ស្វាយ​កែ​រមៀត ។

សូម​បញ្ជាក់​ថា ខាង​ភាគី​ថៃ​ទាមទារ​ឱ្យ​ខាង​ក្រសួងកសិកម្ម​ខ្មែរ​យើង ធ្វើ​លិខិត​បញ្ជាក់​ពី​គុណភាព​ផ្លែស្វាយ​កែវ​រមៀត​ជា​មុន​សិន មុន​នឹង​នាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​របស់​គេ ​ព្រោះ​គេ​ថា ធ្លាប់​ពិនិត្យ​ឃើញ​ផ្លែស្វាយ​របស់​ខ្មែរ​យើង មាន​សត្វល្អិត​នៅ​ក្នុង​គ្រាប់ មាន​បាក់តេរី ហើយ​មាន​ផ្សិត​ខ្មៅ​ៗ​ផង​ដែរ ។ ភាគី​ថៃ​បាន​បិទ​មិន​ឱ្យ​ខ្មែរ​នាំ​ផ្លែស្វាយ​ចូល​ទៅ ប្រទេស​គេ​កាលពី​ថ្ងៃ​ទី​០៨ ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​១៣ ​កញ្ញា អាជីវករ​ជាង​៤០​នាក់​បាន លើកគ្នា​ទៅ​តវ៉ា​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​ឱ្យ​ជួយ​រក​ដំណោះស្រាយ ។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ខ្មែរបានឱ្យ​ដឹង​ថា ជា​លទ្ធផល​ភ​គី​ថៃ បាន​ឯកភាព​លើ​២​ចំណុច ​ទី​១-ថៃ​បាន​អនុញ្ញាត ឱ្យ​កម្ពុជា​នាំ​ស្វាយ​កែវ​រមៀត​ ចូល​ប្រទេស​គេ​បាន ប៉ុន្តែ​អាច​ចូល​ទៅ​ដល់​ត្រឹមតែ​ខេត្ត​ចាន់​បុរី​ប៉ុណ្ណោះ ទី​២-នៅ​ក្រោយ​ថ្ងៃ​ទី​២៥ ​កញ្ញា ខាង​មុខ​នេះ ភាគី​ថៃ​​នឹង​បើក​ឱ្យ​អាជីវករ​ខ្មែរ នាំ​ចូល​ផ្លែស្វាយ​កែវ​រមៀត​ ចូល​ទៅ​លក់​នៅ​ទូ​ទាំង​ប្រទេស​ថៃ​តែ​ម្តង ។

ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ដាំ​ស្វាយកែវ​រមៀត ជា​ច្រើន​នៅ​តាម​ចម្ការ​ក្នុង ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ខេត្ត​នានា មានការ​សប្បាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ឃើញ​អាជ្ញាធរ ខ្មែរ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ជាប់​គាំង​នូវ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ផ្លែស្វាយ​នេះ ។ ពួក​គាត់​បន្ត​ទៀត​ថា រីឯ​តម្លៃ​មិនដឹង​ថា ដូច​ពី​មុន​ ឬ​ចុះថោក​ជាង​មុន​នោះ​ទេ ។ ដូច្នេះ​ នៅពេល​ថៃ​បើក​ឱ្យ​នាំ​ចូល​ទៅ​លក់ដូរ​នៅ​ទីនោះ ​ទើប​ដឹង​ប្រាកដដោយ​ពី​មុន​លក់ដុំ ក្នុង​១​គីឡូក្រាម​ត្រឹមតែ​១០ ទៅ​១៥​បាត (​ប្រាក់​ថៃ​) ប៉ុណ្ណោះ ​។

គួររំលឹកថា ចរចា​យ៉ាងណា! ភាគីថៃមិន​ឱ្យ​នាំ​ផ្លែ​ស្វាយ​ចូលប្រទេស​គេដាច់ខាត