ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​អំពី​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​បក

ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បារម្ភ​ថា អាជីវកម្ម​បក​ដី​បូម​យក​ខ្សាច់ ឬ​ខ្សាច់​បក លក់​នៅ​ឃុំ​អូរសណ្ដាន់ អាច​ប៉ះពាល់​ដល់​ផ្លូវ​បុរាណ និង​ស្រែ​ពលរដ្ឋ​ក្បែរ​តំបន់​ធ្វើ​អាជីវកម្ម​នោះ។ អាជ្ញាធរ​បញ្ជាក់​ថា ក្រុមហ៊ុន​ធានា​លើ​ផល​ប៉ះពាល់​ផ្សេងៗ​ដែល​កើត​ចេញ​ពី​អាជីវកម្ម​របស់​ខ្លួន ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​មិន​ទាន់​បាន​ធ្វើ​អាជីវកម្ម​ពេញលេញ​នៅ​ឡើយ​ទេ។

នៅ​ពេល​ដែល​ក្រុមហ៊ុន​ចាប់​ផ្ដើម​ធ្វើ​ផ្លូវ​ត្រៀម​បើក​ឡាន​បែន​ចេញ​ចូល​ដឹក​ខ្សាច់ និង​ខួង​រណ្ដៅ​ជា​ច្រើន​កន្លែង​ដើម្បី​រក​មើល​ដី​ខ្សាច់​នៅ​ភូមិ​អូរតាប្រុក ឃុំ​អូរសណ្ដាន់ បាន​ធ្វើ​អ្នក​ភូមិ​មួយ​ចំនួន​បារម្ភ​ប៉ះពាល់​បរិស្ថាន ផ្លូវ​បុរាណ និង​ស្រែចម្ការ​ពេល​អាជីវកម្ម​ដំណើរការ។ ទាំង​អ្នក​ភូមិ​ដែល​លក់​ដី​ឲ្យ​គេ​ធ្វើ​អាជីវកម្ម និង​អ្នក​ភូមិ​ដែល​មាន​ដី​ស្រែ​ក្បែរ​នោះ ខ្លបខ្លាច​មិន​ហ៊ាន​និយាយ​ពី​រឿង​នេះ​ទេ បើ​ទោះ​ជា​គេ​ប្រឈម​នឹង​ផល​ប៉ះពាល់។

ពលរដ្ឋ​ម្នាក់​ដែល​មាន​ដី​ទំហំ​កន្លះ​ហិកតារ​ឋិត​នៅ​ក្បែរ​តំបន់​គេ​គ្រោង​បក​ដី​បូម​យក​ខ្សាច់ គឺ​លោកស្រី វង្ស លី មាន​ប្រសាសន៍​ថា គ្រួសារ​លោកស្រី​ពុំ​មាន​ដី​កន្លែង​ណា​ផ្សេង​ពី​តំបន់​ដែល​កំពុង​ប្រឈម​នឹង​​ផល​ប៉ះពាល់​នេះ​ទេ ហើយ​លោកស្រី​ក៏​មិន​ចង់​លក់​ដី ព្រោះ​លក់​ទៅ​បាន​លុយ​តិច​មិន​អាច​យក​ទៅ​ទិញ​កន្លែង​ផ្សេង​បាន។

លោកស្រី​កំពុង​ខ្វល់​ចិត្ត​ដោយ​ចាំ​មើល​សកម្មភាព​របស់​ក្រុមហ៊ុន៖ «ព្រួយ​មិន​ដឹង​ធ្វើ​ម៉េច? ចាំ​មើល​គេ​បើ​គេ​លក់​ហើយ។ (ជិន ជេដ្ឋា៖ ដី​បង​នៅ​ក្បែរ​នោះ ហើយ​បើ​មាន​ផល​ប៉ះពាល់​បង​ធ្វើ​យ៉ាង​ម៉េច​ទៅ?) មិន​ដឹង​ធ្វើ​ម៉េច​អត់​ដឹង​ដែរ។ (ជិន ជេដ្ឋា៖ ចុះ​ម៉េច​បង​អត់​លក់​នឹង​គេ?) ដី​អស់​ហើយ​បើ​លក់​ទៅ​អត់​មាន​ដី​ធ្វើ​ស្រែ គឺ​មាន​តែ​ត្រង់​នោះ​បន្តិច​ហើយ​គ្រាន់​ធ្វើ​ស្រែ»

ចំណែក​មេ​ភូមិ​អូរតាប្រុក លោក ញ៉ែម ខុន ថា លោក​ក៏​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ និង​បរិស្ថាន​ដូច​អ្នក​ភូមិ​ដែរ ប៉ុន្តែ​កន្លង​ទៅ​ភាគី​ក្រុមហ៊ុន​បាន​និយាយ​ធានា​នៅ​ចំពោះ​មុខ​លោក និង​អ្នក​ភូមិ​រួច​ហើយ​ថា នឹង​មិន​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​កើត​ឡើង​ទេ។

លោក​ថា ជា​ច្រើន​ខែ​ហើយ​ដែល​ក្រុម​ហ៊ុន​សង់​រោង និង​ដាក់​គ្រឿង​ចក្រ​រៀបចំ​ផ្លូវ និង​ទីតាំង​ស្ដុក​ខ្សាច់​តែ​មិន​ទាន់​​យក​ខ្សាច់​ពី​ក្នុង​ដី​នៅ​ឡើយ​ទេ៖ «មើល​ឃើញ​មក​ធ្វើ​តែ​រោង ប៉ុន្តែ​អត់​ឃើញ​យក​អី​ផង ខ្សាច់​ក៏​អត់​យក​កើត ហើយ​ផ្លូវ​អូរ​ទឹក​ហូរ​ដាច់​ក៏​អត់​ធ្វើ​កើត​ឡាន​អត់​ចេញ​ចូល​រួច​ផង។ ប្រជា​ពលរដ្ឋ​នៅ​ឆ្ងាយ​ពី​ដី​ហ្នឹង ហើយ​កាយ​ក៏​ទុក​ដប់​ម៉ែត្រ ឬ​ម្ភៃ​ម៉ែត្រ​ដែរ ប៉ុន្តែ​អត់​មាន​ឃើញ​ខួង​ឃើញ​កាយ​អី​ផង»

អាស៊ីសេរី​មិន​អាច​រក​ប្រភាព​ទាក់ទង​តំណាង​ក្រុមហ៊ុន​ដែល​ពលរដ្ឋ​អះអាង​ថា មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា។ ចំណែក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ពោធិ៍សាត់ លោក សេង ប៊ុនថុល ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។

ទោះ​បី​ជា​យ៉ាងណា​ជំទប់​ទី​១ ឃុំ​អូរ​សណ្ដាន់ លោក គឹម ប៊ុនសម្បត្ដិ បញ្ជាក់​ថា មន្ត្រី​ជំនាញ​បរិស្ថាន និង​រ៉ែ និង​ថាមពល ព្រម​ទាំង​រូប​លោក​ដែល​តំណាង​ឲ្យ​អាជ្ញាធរ​ឃុំ​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ពីរ​ដង​ហើយ គឺ​នៅ​ភូមិ​ចុងខ្លុង និង​ភូមិ​អូរតាប្រុក ដែល​មាន​គម្រោង​ធ្វើ​អាជីវកម្ម​ខ្សាច់៖ «បាន​ចុះ​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ​រឿង​ការងារ​បក​ខ្សាច់​នេះ គឺ​អ្វី​ដែល​ធ្វើ​នោះ​សូម​កុំ​ឲ្យ​មាន​ប៉ះពាល់​ដល់​ពលរដ្ឋ ក្នុង​ករណី​ដូច​ជា​ការងារ​បរិស្ថាន ឬ​ផ្លូវ​ដែល​យើង​ធ្វើ ប៉ុន្តែ​ក្នុង​នោះ​ឃើញ​ថា ក្រុមហ៊ុន​នោះ​អនុវត្ត​ទៅ​តាម​យើង​ទាំង​អស់​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​ទិញ​ដី​ពី​ភាគី​ក មាន​ន័យ​ថា ភាគី​ក​ព្រមព្រៀង​លក់​ឲ្យ​គាត់​បាន​គាត់​ហ៊ាន​ទិញ​យក​មក​ធ្វើ»

ប្រភព​ពី​ពលរដ្ឋ និង​អាជ្ញាធរ​ឲ្យ​ដឹង​ថា ដី​ដែល​ធ្វើ​អាជីវកម្ម​ខ្សាច់​នោះ​មាន​ទំហំ​ប្រមាណ ២០​ហិកតារ ដែល​ជា​ប្រភេទ​ដី​ក្បាល​ក្រួស ហើយ​សម្បូរ​ខ្សាច់​នៅ​ខាង​ក្រោម។ កសិករ​មិន​សូវ​បង្កបង្កើន​ផល​ស្រូវ​បាន​ច្រើន​ទេ ដោយសារ​ដី​មិន​សូវ​មាន​ជីជាតិ និង​រហ័ស​ហួត​ទឹក ទើប​កសិករ​សម្រេច​លក់​ដី​នេះ​ក្នុង​តម្លៃ​ចន្លោះ​ពី ៧០០​ដុល្លារ ទៅ ២.៥០០​ដុល្លារ​ក្នុង​មួយ​ហិកតារ ហើយ​ងាក​ទៅ​រក​ទិញ​ដី​កន្លែង​ផ្សេង​សម្រាប់​ធ្វើ​ស្រែ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។