អង្គការសហប្រជាជាតិ​៖ ជនភៀសខ្លួន​ចំនួន​៣​លាន​៧​សែន​នាក់​មិន​មានឱកាស​ទទួលបាន​ការអប់រំ​ និពន្ធដោយ : VOA       September-17-2016, 3:40 pm         83

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អង្គការសហប្រជាជាតិ​៖ ជនភៀសខ្លួន​ចំនួន​៣​លាន​៧​សែន​នាក់​មិន​មានឱកាស​ទទួលបាន​ការអប់រំ​​ពេលដែល​មនុស្ស​ជាច្រើន​បានគេច​ចេញពី​ប្រទេស​កំណើត​របស់​ពួកគេ ដោយសារ​ជម្លោះ​ប្រដាប់អាវុធ ឬ​អស្ថិរភាព​នយោបាយ កុមារ​ជាច្រើន​មិន​ត្រឹមតែ​បាន​បាត់បង់​ផ្ទះសម្បែង​សម្រាប់​ជ្រកកោន​នោះទេ ថែមទាំង​មិន​មានឱកាស​បានទទួល​ការអប់រំ​ទៀតផង​។​

​បញ្ហា​នេះ​ជា​បញ្ហា​ចម្បង​មួយ​ដែល​លើកឡើង​នៅក្នុង​របាយការណ៍​ថ្មី​មួយ​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ របាយការណ៍​នេះ​បាន​បញ្ជាក់ថា កុមារ​ចំនួន​៣​លាន​៧​សែន​នាក់ មិនមាន​ឱកាស​ទទួល​បានការ​អប់រំ​នោះទេ​។​

​ស្ថានការណ៍​នោះ​នឹង​កាន់តែ​អាក្រក់​ថែមទៀត ពេលដែល​កុមារ​ទាំងនោះ​ធំ​ពេញ​រូបរាង​ឡើង ដោយ​ក្នុងនោះ ចំនួន​៥០​ភាគរយ​នៃ​កុមារ​ដែលមាន​អាយុ​ចូលរៀន​ថ្នាក់បឋមសិក្សា បាន​ធ្លាក់ចុះ​រហូតដល់ ២២​ភាគរយ​នៃ​កុមារ​ដែលមាន​អាយុ​ចូលរៀន​ថ្នាក់​អនុវិទ្យាល័យ​។ យោងតាម​ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ ជនភៀសខ្លួន​តែមួយ​ភាគរយ​ប៉ុណ្ណោះ ដែលមាន​ឱកាស​បាន​ចូល​សិក្សា​នៅតាម​សាកលវិទ្យាល័យ នេះ​បើ​យើង​ប្រៀបធៀប​ជាមួយនឹង​ចំនួន​និស្សិត​នៅ​ទូទាំង​ពិភពលោក​ទាំងអស់​ចំនួន​៣៤​ភាគរយ​ដែលមាន​ឱកាស​សិក្សា​នៅតាម​សាកលវិទ្យាល័យ​។​

​លោក Filippo Grandi ប្រធាន​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន បាន​មានប្រសាសន៍ថា​៖ «​ការអប់រំ​សម្រាប់​ជនភៀសខ្លួន​ត្រូវបាន​គេ​មិន​យកចិត្តទុកដាក់​។ ការអប់រំ​នេះ​គឺជា​ឱកាស​មួយ ក្នុងចំណោម​ឱកាស​មួយចំនួន​តូច​ទៀត ដែល​យើង​ត្រូវការ​ដើម្បី​កសាង​មនុស្ស​ជំនាន់​ថ្មី ដើម្បី​ឲ្យ​ពួកគេ​អាច​ផ្លាស់ប្តូរ​ជោគវាសនា​រប​ស់មនុស្ស​រាប់លាន​នាក់​ផ្សេងទៀត ដែល​ត្រូវ​គេច​ចេញពី​ផ្ទះសម្បែង​ដោយ​បង្ខំ​នៅ​ទូទាំង​ពិភព​លោ​ក‍​»​។

​ការ​ប្រឈម​ក្នុង​ការផ្ដល់​ការអប់រំ​ដល់​ជនភៀសខ្លួន គឺ​រឹតតែ​មានការ​លំបាក​ខ្លាំង​ថែមទៀត ដោយសារតែ​ចំនួន​ជនភៀសខ្លួន​កាន់តែ​កើនឡើង និង​ដោយសារ​កង្វះ​ថវិកា​ចំ​បាច់​៕