ចំនុចសាមញ្ញៗ ចាំបាច់មួួយចំនួន ដែលគួររៀបចំ និងប្រតិបត្តិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ!

ជារៀងរាល់ឆ្នាំ ចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ" ប្រជាជនខ្មែរគ្រប់សព្វទាំងអស់ តែងតែនាំគ្នាប្រារព្ធពិធីនេះឡើង មិនដែលអាក់ខានឡើយ ពីព្រោះ បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីទំនៀមទម្លាប់មួយ បន្សល់ទុកពីជំនាន់ដូនតា ដែលមានដើមកំណើតតាំងពីយូរលង់មកម្ល៉េះ។

នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្លរ ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ 

គួរឲ្យដឹងផងដែរថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ពុទ្ធបរិស័ទទាំងអស់ ចាំបាច់ណាស់ក្នុងការត្រៀមលក្ខណៈទុកជាមុន ដើម្បីទទួលប្រារព្ធពិធីនេះ។ ទន្ទឹមនឹងការត្រៀមលក្ខណៈនេះដែរ Khmerload បានជួបសួរផ្ទាល់ជាមួយនឹង លោកយាយម្នាក់ ដែលគាត់ជាចាស់ទុំ មានបទពិសោធន៍ យល់ដឹងច្រើន អំពីពិធីបុណ្យប្រពៃណី ជាពិសេសចំពោះបុណ្យភ្ជុំបិណ្ឌនេះតែម្តង។

លោក យាយ មានឈ្មោះថា «រឹម» បច្ចុប្បន្នរស់នៅនៅឯខេត្តកំពត គាត់បានប្រាប់ខ្មែរឡូតឲ្យដឹងថា «ការរៀបចំ ក៏ដូចជាការត្រៀមខ្លួន សម្រាប់ទទួលពិធីបុណ្យភ្ជុំបិណ្ឌនេះ ពិតជាសំខាន់ និងចាំបាច់ណាស់ សម្រាប់មនុស្សម្នាក់ៗ ដែលគួរតែប្រតិបត្តិ និងជាពិសេសក្មេងៗ ជំនាន់ក្រោយគួរតែរៀនស្វែងយល់ឲ្យហើយ សម្រាប់ទុកអនុវត្ត។ ចំពោះការរៀបចំ ឬត្រៀមលក្ខណៈ សម្រាប់បុណ្យភ្ជុំនេះ មិនមានអ្វីធំដុំទេ គឺសាមញ្ញណាស់ ក្នុងនាមជាពុទ្ធបរិស័ទ ក៏ដូចជាកូនខ្មែរគ្រប់រូប គួរយល់ និងចេះ»

ទាក់ទងនឹងការរៀបចំនេះ លោកយាយ បានរៀបរាប់ប្រាប់ថា «ជាទូទៅ ការរៀបចំ គឺមានច្រើនបែប ហើយក៏អាស្រ័យទៅតាមមនុស្សម្នាក់ៗដែរ ប៉ុន្តែបើនិយាយពីទិដ្ឋភាពទូទៅវិញ ភាគច្រើន ការរៀបចំដើម្បីទទួលបុណ្យភ្ជុំបិណ្ឌ និងដាក់បិណ្ឌនេះ មានដូចជា រៀបចំចង្ហាន់ ម្ហូបអាហារ ភេសជ្ជៈ ដើម្បីប្រគេនព្រះសង្ឃនៅវត្តអារាម ក៏ដូចជា ការត្រៀមបោះបាយបិណ្ឌ និងស្តាប់លោកស្មូតនៅវេលាព្រឹកព្រលឹម» ។ លោកយាយ បានបន្ថែមទៀតថា «ចំនុចពិសេសមួយទៀតនោះគឺ ពុទ្ធបរិស័ទទាំងឡាយ ចាំបាច់ណាស់ ត្រូវឆ្លៀតឱកាសនេះរំលឹកគុណដល់ឪពុកម្តាយ ឬសាច់ញាតិ ដែលនៅរស់រានមានជីវិត ពីព្រោះដូចដែលយើងដឹងហើយថា ឪពុកម្តាយ គឺជាព្រះនៅផ្ទះ ថ្វីត្បិតមិនបានឆ្លៀតពេលទៅវត្ត យ៉ាងហោចណាស់ក៏ បានធ្វើបុណ្យចំពោះអ្នកមានគុណនៅផ្ទះដែរ ។ ចំពោះអ្នកដែលមានសាច់ញ្ញាតិចែកឋានទៅវិញ គួរណាស់តែ រៀបចំនូវគ្រឿងសំណែន និងម្ហូបអាហារ ភេសជ្ជៈផ្សេងៗ ដើម្បីយកទៅវត្តប្រគេនលោក ដើម្បីឲ្យព្រះសង្ឃសូត្រមន្តឧទ្ទិសកុសល ដល់ញាតិសន្តានដែលបានចែកឋានទៅនោះ»

ទាក់ទងនឹងការធ្វើបុណ្យចំពោះឪពុកម្តាយ ក្នុងរដូវភ្ជុំនេះដែរ លោកយាយ បានសង្កត់ធ្ងន់ផងដែរថា «វាជាទង្វើដ៏ល្អប្រពៃមួយសម្រាប់កូនចៅទាំងអស់ ចាំបាច់ត្រូវតែប្រតិបត្តិកុំឲ្យរំលង ដូចដែលពាក្យចាស់លោកពោលថា ធ្វើបុណ្យទាន់ខែភ្លឺ បានន័យថា ទាន់ឪពុកម្តាយនៅមានជីវិត យើងត្រូវតែចេះយកចិត្តទុកដាក់ មើលថែពួកគាត់ មិនថាតែពេលរដូវភ្ជុំនេះទេ គឺគ្រប់ពេលវេលាទាំងអស់ ប៉ុន្តែក្នុងរដូវភ្ជុំនេះ យើងក៏ត្រូវបង្ហាញពីភាពកត្តញ្ញូរបស់យើង ជូនពួកគាត់ដែរ ដូចជាងូតទឹកជូនឪពុកម្តាយ ទិញសម្លៀកបំពាក់ថ្មីជូនគាត់ ជូនថវិកាគាត់ តិចក្តីច្រើនក្តី សម្រាប់ទៅវត្តធ្វើបុណ្យ» ។ 

គួរបញ្ជាក់ឡើងវិញផងដែរ ពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ខែភទ្របទ ដែលត្រូវនឹងបិណ្ឌ១ រហូតដល់ ថ្ងៃ១៥រោច ដែលជាថ្ងៃបុណ្យភ្ជុំធំ ហើយអំឡុងរយៈពេល១៥ថ្ងៃនេះ បងប្អូន សាច់ញ្ញាតិ ទាំងអស់ តែងតែជួបជុំគ្នា មិនថាទីជិតឬទីឆ្ងាយ ដើម្បីរៀបចំធ្វើម្ហូប វេចនំអន្សម ទៅវត្តប្រគេនព្រះសង្ឃ ដើម្បីឧទិ្ទសដល់អ្នកដែលចែកឋានទៅ ហើយចំនែកឯបងប្អូននៅតាមភូមិស្រុកវិញ ពួកគេតែងតែនិយមនាំគ្នាបោះបាយបិណ្ឌ ដោយសារពួកគេជឿថា នឹងមានបងប្អូនដែលចែកឋានទៅ កើតទៅជាប្រេត មកចាំទទួលបាយបិណ្ឌនេះ។

ទាក់ទងនឹងការបោះបាយបិណ្ឌនេះ លោកយាយ ក៏បានបញ្ជាក់ប្រាប់ដែរថា «ការបោះបាយបិណ្ឌនេះ ក៏យើងត្រូវរៀបចំទុកមុនដែរ ពីព្រោះពាក្យថា ភ្ជុំបិណ្ឌ គឺកើតឡើងដោយសារ ការដាក់បិណ្ឌនេះហើយ ដែលអ្នកជំនាន់មុនតែងតែនិយាយថា ភ្ជុំ គឺការប្រមូលផ្តុំ ចំនែកឯបិណ្ឌ គឺតំណាងឲ្យបាយបិណ្ឌនេះឯង។ ជាទូទៅ ក្នុងការរៀបចំទៅបោះបាយបិណ្ឌនេះ គឺគេប្រារព្ធឡើងនាពេលព្រលឹម វេលាម៉ោងប្រហែល៤ព្រឹកតទៅ ដោយមានលោកសូត្រធម៌ទេសនា ភ្ជាប់ជាមួយការស្មូតអមមកជាមួយផងដែរ ចំនែកឯយើងជាពុទ្ធបរិស័ទ គឺត្រូវរៀបចំធ្វើបាយបិណ្ឌឲ្យរួចជាស្រេច ដោយក្នុងនោះមានដូចជា ដុំបាយ ទៀន ទង់ និងធូប ជាដើម ហើយក្នុងការបោះបាយបិណ្ឌនេះ គឺគេត្រូវដើរដង្ហែជុំវិញវិហារ ដើម្បីធ្វើការអធិដ្ឋានដល់អ្នកដែលចែកឋាន ឲ្យមកទទួលបាយបិណ្ឌនេះ»។ 

ដូចដែលបានរៀបរាប់ខាងលើ ចំនុចដែលមានក្នុងការរៀបរាប់នេះ ថ្វីត្បិតតែសាមញ្ញបន្តិចមែន ប៉ុន្តែយើងគួរគប្បីត្រូវតែអនុវត្ត និងចងចាំទុក ដើម្បីប្រាប់ទៅដល់ក្មេងជំនាន់ក្រោយ កុំឲ្យពួកគេភ្លេចនូវ វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ដែលដូនតាបានបន្សល់ទុក ហើយមួយវិញទៀត ការរៀបរាប់ទាំងប៉ុន្មាននេះ ជឿជាក់ថា ក៏មានបងប្អូនយើងមួយចំនួន បានដឹងរួចជាស្រេចទៅហើយ ប៉ុន្តែឆ្លៀតក្នុងឱកាសនេះ គឺគ្រាន់តែចង់ដាស់តឿន បងប្អូនទាំងអស់គ្នា គួរចាំបាច់ត្រូវរៀបចំខ្លួនឲ្យហើយ សម្រាប់ទទួលនូវពិធីបុណ្យភ្ជុំនេះ។

ជាចុងក្រោយ ក្រុមការងារ Khmerload សូមជូនពរ បងប្អូនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងអស់គ្នា ឲ្យបានសេចក្តីសុខ ទៅទីជិតទីឆ្ងាយ ជួបតែការសប្បាយ និងសុវត្ថិភាព ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចំនុចសាមញ្ញៗ ចាំបាច់មួួយចំនួន ដែលគួររៀបចំ និងប្រតិបត្តិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ!
រូបភាព៖ ពុទ្ធបរិស័ទ កំពុងប្រគេនចង្ហាន់ ព្រះសង្ឃ

ចំនុចសាមញ្ញៗ ចាំបាច់មួួយចំនួន ដែលគួររៀបចំ និងប្រតិបត្តិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ!
រូបភាព៖ ពុទ្ធបរិស័ទ កំពុងប្រគេនចង្ហាន់ ព្រះសង្ឃ

ចំនុចសាមញ្ញៗ ចាំបាច់មួួយចំនួន ដែលគួររៀបចំ និងប្រតិបត្តិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ!
រូបភាព៖ លោក​យាយ «រឹម»