Singapore Airlines មិន​បន្ត​កិច្ច​សន្យា​ជួល​យន្តហោះ A380

Singapore Airlines មិន​បន្ត​កិច្ច​សន្យា​ជួល​យន្តហោះ A380

ក្រុងសិង្ហបុរីៈ ក្រុមហ៊ុនផលិតយន្តហោះរបស់អឺរ៉ុប Airbus កាលពីថ្ងៃពុធបានរងនូវវិបត្តិថ្មីមួយចំពោះកម្មវិធីយន្តហោះខ្នាតធំម៉ូដែល A380 របស់ខ្លួន បន្ទាប់ពីក្រុមហ៊ុន Singapore Airlines (SIA) ប្រកាសមិនបន្តកិច្ចសន្យាជួលយន្តហោះម៉ូដែល A380 ដែលជាយន្តហោះចាស់ជាងគេរបស់ក្រុមហ៊ុននោះទេ។

ក្រុមហ៊ុនអាកាសចរណ៍ SIA បានក្លាយជាអតិថិជនដែលដាក់ដំណើរការយន្តហោះម៉ូដែល A380 កាលពីឆ្នាំ ២០០៧ ហើយបច្ចុប្បន្នមានយន្តហោះខ្នាតពាណិជ្ជកម្មធំជាងគេក្នុងពិភពលោកចំនួន ១៩ គ្រឿងនៅក្នុងក្រុមយន្តហោះរបស់ខ្លួន ខណៈដែលនឹងមានការប្រគល់យន្តហោះចំនួន ៥គ្រឿងបន្ថែមទៀត។

ក្រុមហ៊ុន SIA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យន្តហោះម៉ូដែល A380 ចំនួន ៥ គ្រឿងដំបូងរបស់យើង មានកិច្ចសន្យាជួល ១០ ឆ្នាំ ដោយមានជម្រើសបន្តកិច្ចសន្យា។ កិច្ចសន្យាដំបូង នឹងផុតកំណត់នៅខែតុលា ឆ្នាំ ២០១៧ ហើយយើងបានសម្រេចចិត្តមិនបន្តកិច្ចសន្យានេះទៀតទេ»។

សេចក្តីថ្លែងការណ៍ដដែលនេះបានបន្តឲ្យដឹងថា៖ «ការសម្រេចនេះ គឺជាលទ្ធផលនៃការវាយតម្លៃជាប្រចាំអំពីលក្ខខណ្ឌតម្រូវរបស់យន្តហោះយើង ហើយការសម្រេចសម្រាប់យន្តហោះបួនផ្សេងទៀតនឹងត្រូវបានធ្វើឡើងនាពេលក្រោយ»។

តែក្រុមហ៊ុននេះបានបន្តឲ្យដឹងថា យើងមានយន្តហោះម៉ូដែល A380 ចំនួន ៥ គ្រឿងទៀតដែលស្ថិតក្នុងការបញ្ជាក់ទិញច្បាស់លាស់ជាមួយនឹងក្រុមហ៊ុន Airbus ដែលការប្រគល់យន្តហោះនោះ នឹងចាប់ផ្តើមនៅឆមាសទី ២ ឆ្នាំ ២០១៧។

លោក Shukor Yusof អ្នកវិភាគប្រចាំក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអាកាសចរណ៍ Endau Analytics ក្នុងប្រទេសម៉ាឡេស៊ី មានប្រសាសន៍ថា៖ «នេះគឺជារឿងសមហេតុផល ដោយសារទោះជាយន្តហោះម៉ូដែល A380 មានប្រជាប្រិយភាព តែខ្ញុំមានអារម្មណ៍ថា វាមិនបានផ្តល់នូវផលចំណេញច្រើនទេ»៕ AFP/BP

ប្រភព៖ postkhmer