សហគមន៍​ព្នង​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ស៊ើបអង្កេត​ករណី​មន្ត្រី​ថ្នាក់​ស្រុក​កាប់​រាន​ព្រៃឈើ

សហគមន៍​ព្នង​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី អះអាង​ថា មន្ត្រី​ស្រុក​ពេជ្រាដា មួយ​រូប​ប្រើប្រាស់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ទំហំ​បី​ហិកតារ​នៅ​លើ​ដី​ព្រៃ​ស្រោង​របស់​រដ្ឋ។ មន្ត្រី​ស្រុក​រូប​នេះ​បាន​ជួល​កម្មករ​ប្រដាប់​ដោយ​គ្រឿង​យន្ត​អារ​រំលំ​ដើម​ឈើ​ធំ​ក្នុង​ព្រៃ​ដើម្បី​រាន​យក​ដី។

​ជនជាតិ​ដើម​ភាគតិច​ព្នង​ឃុំ​ប៊ូស្រា នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ស៊ើប​អង្កេត​ករណី​កាប់​រាន​ព្រៃឈើ​ដើម្បី​យក​ដី និង​ស៊ើបអង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ព្រៃ​ការពារ​របស់​រដ្ឋ។

​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ក្រុម​ល្បាត​ព្រៃ​សហគមន៍​មាន​គ្នា ២០​នាក់​បាន​ប្រទះឃើញ​កម្មករ​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​ចំនួន ៨​នាក់ កំពុង​អារ​រំលំ​ដើម​ឈើ​ក្នុង​ព្រៃ​ទើប​សម្រេច​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ​ពីរ​គ្រឿង​មក​ប្រគល់​ជូន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ដើម្បី​ចាត់វិធានការ​រក​ជន​ពាក់ព័ន្ធ​រាន​ព្រៃ​នេះ។

​តំណាង​សហគមន៍​លោក ថ្លាង ថូ បញ្ជាក់​ថា មន្ត្រី​ស្រុក​ពេជ្រាដា គឺ​លោក អៀង សៀវអន គឺ​ជា​អ្នក​ជួល​កម្មករ និង​ជា​អ្នក​ផ្ដល់​ម៉ាស៊ីន​កាត់​ឈើ​ដើម្បី​រាន​ព្រៃ​យក​ដី​ដោយ​សំអាង​ថា លោក​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​លើ​ដី​តំបន់​នោះ។ លោក​បន្ត​ថា ព្រៃឈើ​ធំៗ​ប្រមាណ ១​ហិកតារ​ត្រូវ​បាន​កម្មករ​អារ​រំលំ​ឈើ​ធំៗ​ដើម្បី​រាន​យក​ដី៖ «ឈើ​ធំៗ​ណាស់ សួរ​កម្មករ​ថា អៀង សៀវអន មន្ត្រី​ស្រុក​ឲ្យ​គាត់​កាប់។ ស៊ី​ឈ្នួល​គាត់»

​សហគមន៍​ប៊ូស្រា រក​ឃើញ​ប័ណ្ណ​កម្មសិទ្ធិ​មួយ​ប្លង់​ទំហំ​បី​ហិកតារ​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម ខេត្ត​មណ្ឌលគិរី ទៅ​ឲ្យ​ឈ្មោះ ញឹម សុភា រស់​នៅ​ក្រុង​សែនមនោរម្យ ក៏ប៉ុន្តែ​ដី​នោះ​មិន​មែន​ជា​ដី​ដាំ​ដុះ ឬ​ប្រើប្រាស់​ជាក់ស្ដែង​ទេ ​​គឺ​ជា​ព្រៃឈើ។

​ឆ្លើយតប​ការ​អះអាង​នេះ លោក អៀង សៀវអន បញ្ជាក់​ថា ព្រៃ​ដែល​លោក​កាប់​រាន​ជា​ព្រៃរបោះ។ ចំណែក​ដី​នោះ​គឺ​បាន​ទិញ​ពី​ម្ចាស់​ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់។ លោក​ទទួល​ស្គាល់​ថា បាន​ប្រើ​ម៉ាស៊ីន​កាត់​ឈើ​ដើម្បី​សំអាត​ដី​ដាំ​ដុះ​តែប៉ុណ្ណោះ៖ «ខ្ញុំ​អត់​ខ្លាច​ប្រឈម​មុខ​ច្បាប់​ទេ ព្រោះ​ខ្ញុំ​អត់​ខុស។ ដី​ខ្ញុំ​ទិញ​ពី​គេ​មាន​ប្លង់​ស្រាប់»

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី ទទួល​ស្គាល់​ថា សហគមន៍​ប៊ូស្រា បាន​ប្រគល់​ម៉ាស៊ីន​កាត់​ឈើ​ពីរ​គ្រឿង​មក​មន្ត្រី​ខណ្ឌ​ដើម្បី​ស្រាវជ្រាវ​ជន​ពាក់ព័ន្ធ ជា​ពិសេស​អ្នក​ប្រើប្រាស់​រណា​យន្ត​ដែល​គ្មាន​ច្បាប់​អនុញ្ញាត។ លោក​ថា មន្ត្រី​ព្រៃឈើ​នឹង​ស៊ើប​អង្កេត​ទីតាំង​អារ​​ឈើ​ដើម្បី​បញ្ជាក់​ថា ទី​នោះ​ជា​ព្រៃស្រោង​ហាមឃាត់ ឬ​យ៉ាងណា៖ «ដំបូង​យើង​ឃាត់​រណា​យន្ត និង​ដក​យក​រណា​យន្ត​មក​ហើយ។ ថ្ងៃ​នេះ​ខ្ញុំ​ឲ្យ​មន្ត្រី​ចុះ​ផ្ទៀងផ្ទាត់»

ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​ថា សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​មក​ការិយាល័យ​សិទ្ធិមនុស្ស​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​បញ្ហា​នេះ។ លោក​ថា នឹង​ចុះ​ស៊ើបអង្កេត​បន្ថែម​រក​ព័ត៌មាន​ជាក់លាក់​ទាក់ទិន​ប័ណ្ណ​កម្មសិទ្ធិ និង​ដី​តំបន់​ព្រៃ​​​ដើម្បី​អន្តរាគមន៍​តាម​សំណើ​សហគមន៍៖ «ទន្ទឹម​គាត់​ទៅ​កាប់​រាន​ព្រៃឈើ​គាត់​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​សួរនាំ​ឲ្យ​ច្បាស់​ថា ប្លង់​គាត់​នៅ​ទី​ណា។ ជួនកាល​អ្នក​ខ្លះ​មាន​ប្លង់​មិន​ដឹង​ដី​គាត់​នៅ​កន្លែង​ណា​ផង»

​ទោះបីជា​យ៉ាង​ណា​ក៏ដោយ សហគមន៍​ប៊ូស្រា អះអាង​ថា ពួកគេ​កំពុង​រៀបចំ​ពាក្យ​ប្ដឹង​ដាក់​ជូន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជួយ​ចាត់​វិធានការ​ផ្លូវច្បាប់​ដក​ហូត​ដី​ទុក​ជា​សម្បត្តិ​រដ្ឋ រួម​ទាំង​ផ្ដន្ទាទោស​អ្នក​ពាក់ព័ន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។