លោក កឹម សុខា ចោទ​បក្ស​ប្រជាជន​ថា​តែងតែ​ប្រើ​ល្បិច​ខូច​ក្នុង​រឿង​នយោបាយ

ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា តែង​ប្រើ​ល្បិច​រាល់​ពេល​ក្នុង​ការ​ប្រកួតប្រជែង​តាម​ផ្លូវ​នយោបាយ​ជា​មួយ​បក្ស​ប្រឆាំង។ លោក កឹម សុខា ចាត់​ទុក​ថា បក្ស​កាន់​អំណាច​តែង​យក​ប្រៀប​លើ​បក្ស​សង្គ្រោះ​ជាតិ ដោយ​រំលោភ​គោលការណ៍​ច្បាប់​ជា​ដរាប បើ​ទោះ​ជា​ត្រូវ​រង​ភាព​អាម៉ាស់​បែប​ណា​ក៏ដោយ។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​របស់​បក្ស​កាន់​អំណាច​វិញ​យល់​ឃើញ​ថា បញ្ហា​របស់​លោក កឹម សុខា នេះ គឺ​ជា​ទំនាស់​បុគ្គល​សុទ្ធសាធ ពុំ​មែន​ជា​វិវាទ​នយោបាយ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល ប្រតិកម្ម​ភ្លាមៗ​ចំពោះ​ការ​រិះគន់​ពី​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​ថា បក្ស​ប្រជាជន​កម្ពុជា ប្រើ​ល្បិចកល និង​មិន​ដែល​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ចំពោះ​ការ​ប្រកួតប្រជែង​តាម​ផ្លូវ​នយោបាយ​ម្ដង​ណា​នោះ។

ការ​ឆ្លើយ​តប​បែប​នេះ​របស់​លោក សុខ ឥសាន បន្ទាប់​ពី​ប្រធាន​ស្ដីទី​លោក កឹម សុខា ប្រាប់​ទៅ​យុវជន​បក្ស​ប្រមាណ ៧០០​នាក់ នៅ​ទីស្នាក់ការ​កណ្ដាល​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។

ថ្លែង​នៅ​ចំពោះ​មុខ​យុវជន លោក កឹម សុខា ដែល​ធ្លាប់​តែ​ពួន​សម្ងំ​នៅ​ក្នុង​ទីស្នាក់ការ​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ ដើម្បី​គេច​ចេញ​ពី​ការ​​តាម​ប្រមាញ់​ដោយ​តុលាការ​នោះ បាន​ចោទ​ប្រកាន់​គណបក្ស​ដែល​គ្របគ្រង​រដ្ឋាភិបាល​ថា តែង​ធ្វើ​នយោបាយ​មិន​ស្មោះត្រង់ ជា​ពិសេស​បក្ស​កាន់​អំណាច ជា​ញឹកញាប់​តែង​អនុវត្ត​​ផ្ទុយ​ពី​ច្បាប់​ជា​និច្ច។ ជាង​នេះ​ទៀត ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​បាន​ពេបជ្រាយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា តែង​យក​ឈ្នះ​លើ​គូរ​ប្រកួត​ដោយ​ប្រើប្រាស់​ឥទ្ធិពល​នៃ​អំណាច​តែ​រហូត​មក ដូច​ជា​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​របស់​ខ្លួន និង​ជម្រើស​បន្ទាប់​គឺ​កម្លាំង​យោធា៖ «»។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រតិកម្ម​ដោយ​ចាត់​ទុក​ថា រឿង​អាស្រូវ​របស់​លោក កឹម សុខា វា​ពុំ​មែន​ជា​ទំនាស់​ផ្នែក​នយោបាយ​ទេ។ ផ្ទុយ​ទៅ​វិញ បញ្ហា​នេះ​គឺ​ផ្ដើម​ចេញ​ពី​រឿង​បុគ្គល​លោក កឹម សុខា ផ្ទាល់។ម្យ៉ាង​វិញ​ទៀត គណបក្ស​ប្រឆាំង​តែង​ព្យាយាម​ទាញ​ហេតុផល​នេះ ថា​ជា​ទំនាស់​ផ្លូវ​នយោបាយ​ទៅ​វិញ។ ស្ថិត​ក្នុង​អាការៈ​ជំងឺ​ផ្ដាសាយ​ផង លោក សុខ ឥសាន បញ្ជាក់​ថា រដ្ឋាភិបាល​ពុំ​ដែល​បាន​បិទ​សិទ្ធិ​សេរីភាព​បក្ស​នយោបាយ​ណា​មួយ​តាម​រយៈ​ការ​ប្រើប្រាស់​តុលាការ​ម្ដង​ណា​ឡើយ៖ «»។

រដ្ឋធម្មនុញ្ញ​មាត្រា​៥១ ថ្មី​ចែង​ថា ប្រទេស​កម្ពុជា អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ និង​សេរី​ពហុបក្ស។ ប្រជាពលរដ្ឋ​ខ្មែរ​គឺ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។

ការ​បង្ហាញ​វត្តមាន​ជា​ថ្មី​របស់​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​នេះ ស្រប​ពេល​ប្រទេស​ចំនួន ៣៦ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ បញ្ចេញ​ប្រតិកម្ម និង​ថ្កោលទោស​ដោយ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ឲ្យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ត្រូវ​ដាំ​ក្បាល​ចុះ។ លោក កឹម សុខា អះអាង​ថា ការ​ពិត​អ្វី​ដែល​រដ្ឋាភិបាល​តែង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ថា អន្តរជាតិ​មិន​អាច​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា បាន​នោះ វា​ពុំ​មែន​ជា​ការ​ពិត​ទេ។ ម្យ៉ាង​ទៀត​បើ​ផ្អែក​ឧបករណ៍​ច្បាប់​អន្តរជាតិ កម្ពុជា​ចៀស​មិន​ផុត​ពី​ការ​អន្តរាគមន៍​របស់​សាកល​លោក​ឡើយ ជា​ពិសេស​ប្រទេស​ដែល​ផ្ចុងផ្ដើម​នាំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា៖ «»។

បដិសេធ​នឹង​ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោក សុខ ឥសាន ថ្លែង​ថា ច្បាប់ និង​កាតព្វកិច្ច​ជា​សាកល​នេះ​នឹង​ពុំ​មាន​ឥទ្ធិពល​ណា​មួយ និង​ជាប់​កាតព្វកិច្ច​អ្វី​ទាល់​តែ​សោះ​លើ​ប្រទេស​កម្ពុជា បាន​ទេ ស្រប​ពេល​ដែល​កម្ពុជា មាន​អធិបតេយ្យភាព និង​បូរណភាព​ពេញលេញ​របស់​ខ្លួន​រួច​ទៅ​ហើយ៖ «»។

អ្នក​វិភាគ​សង្គម និង​នយោបាយ លោក មាស នី យល់​ឃើញ​ថា កម្ពុជា​នឹង​នៅ​តែ​ជា​ប្រទេស​ដែល​ដើរ​យឺត​ជាង​គេ​ទាំង​នៅ​ក្នុង​តំបន់ និង​ពិភពលោក ប្រសិន​បើ​មេដឹកនាំ​នៃ​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ នៅ​តែ​ធ្វើ​នយោបាយ​ដើម្បី​តែ​អំណាច​តទៅ​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។