វិធីកែវ័យឱ្យក្មេងជាង ១០ឆ្នាំ ដោយសារប្រេងដូង

6 Videos


អ្នកប្រាកដជាធ្លាប់បានដឹងអំពីអត្ថប្រយោជន៍របស់ប្រេងដូងមួយចំនួនហើយ ដោយឡែកអត្ថបទមួយនេះ នឹងផ្តល់ការណែនាំបន្ថែមពាក់ព័ន្ធនឹងគុណប្រយោជន៍នៃប្រេងដូង និងវិធីប្រើប្រាស់ប្រេងដូងដើម្បីថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ ជាពិសេស សម្រាប់មិត្តនារីជាស្ត្រីមេផ្ទះ។

១. ប្រើជំនួសគ្រីមកោររោម

ប្រេងដូងមានលក្ខណៈធម្មជាតិមិនប៉ះពាល់ដល់សុខភាពស្បែកដូចជាគ្រីមកោររោមទេ ថែមទាំងជំនួយស្បែកឱ្យទន់ រលោង និងមានសំណើម ក្រោយពីកោរហើយទៀតផង ចំណែកប្រសិទ្ធភាពវិញ ក៏មិនចាញ់គ្រីមកោររោមដែរ ។

២. គ្រីមលាបមុខពេលយប់

តើអ្នកធ្លាប់សាកល្បងប្រើប្រេងដូងលាបមុខនៅពេលយប់ជំនួសផលិតផលរក្សាស្បែកដែរឬទេ? បើមិនធ្លាប់ អាចសាកម្តងមើល៍! ជាការងាយស្រួលណាស់ ដោយគ្រាន់តែលាបប្រេងដូងក្នុងបរិមាណតិចតួចឱ្យសព្វផ្ទៃមុខ នោះព្រឹកឡើងអ្នកប្រាកដជាសម្គាល់ឃើញថាមុខឡើងទន់ មានសំណើម ស្អាត រលោង មានជីវិតជីវ៉ាជាងសព្វដង ។ គួរប្រយ័ត្នផងដែរ ត្រូវប្រើប្រេងដូងធម្មជាតិទើបមានប្រសិទ្ធភាព ។

៣. គ្រីមលាបប្រអប់ដៃ

ស្ត្រីជាច្រើនតែងចង់បានប្រអប់ដៃស ស្រឡូន គ្មានស្នាមជ្រីវជ្រួញ ។ ប្រេងដូង អាចជួយឱ្យប្រអប់ដៃស្អាត និងកែខៃបញ្ហាស្បែកស្ងួត គ្រើមយ៉ាងមានប្រសិទ្ធភាព ។
វិធីធ្វើ ៖ យកប្រេងដូង ១ពែង (២៣៥មិល្លិលីត្រ) វីតាមីនអឺ និងប្រេងចម្រាញ់ពីធម្មជាតិដែលមានក្លិនក្រអូប (តាមចូលចិត្ត) លាយចូលគ្នាឱ្យសព្វ រួចដាក់ក្នុងប្រអប់ ឬក្រឡបិតជិតសម្រាប់ប្រើ ។

៤. គ្រីមលាបបំបាត់ខ្លាញ់ក្រោមស្បែក

បញ្ហាលើសទម្ងន់ និងធាត់ជ្រុល ច្រើនតែបណ្តាលឱ្យស្បែកគ្រើមៗ ដោយសារមានខ្លាញ់ក្រោមស្បែក ហៅថា សែលុយលីត (Cellulite) ។ ប្រសិនបើអ្នកមានបញ្ហានេះ អ្នកគួរសាកល្បងធ្វើគ្រីមលាបសម្រកខ្លាញ់ដោយប្រើប្រេងដូង នោះស្បែកនឹងប្រែជារលោងស៊ិចស៊ីដូចដើមវិញ ។
វិធីធ្វើ ៖ លាយប្រេងដូងធម្មជាតិ ជាមួយប្រេងចម្រាញ់ពីក្រូចឆ្មារ និងប្រេងចម្រាញ់ពីជីអង្កាម ឱ្យបានជាល្បាយស្មើសាច់ រក្សាទុកក្នុងក្រឡ ឬប្រអប់បិតជិត សម្រាប់លាបនៅពេលព្រឹកក្រោយពីងូតទឹករួច ។

៥. សាប៊ូលាងដៃ

ស្ត្រីមេផ្ទះ គួរតែយល់ដឹងពីវិធីធ្វើសាប៊ូលាងដៃធម្មជាតិដោយខ្លួនឯង ដោយប្រើប្រេងដូង ព្រោះវាអាចសន្សំសំចៃបានច្រើន និងមិនប៉ះពាល់ដល់សុខភាព និងសម្រស់។ វិធីនេះ ជួយឱ្យស្បែកដៃស្អាត មានសំណើម និងទន់រលោង មានប្រសិទ្ធភាពល្អជាងការប្រើសាប៊ូទិញស្រាប់ពីផ្សារទេ ។
វិធីធ្វើ៖ ប្រើទឹក បីភាគបួន (3/4) រួចបន្ថែមទឹកសាប៊ូចម្រាញ់ពីធម្មជាតិ (Castile soap អាចរកទិញបាននៅផ្សារទំនើប) ប្រេងដូងធម្មជាតិ និងប្រេងក្រអូបចម្រាញ់ពីធម្មជាតិ (តាមក្លិនដែលអ្នកចូលចិត្ត) ក្រឡុកក្នុងដបរហូតរលាយសាច់តែមួយ ជាការស្រេច ។

លក្ខិណា