លោក សំ កុសល ប្រធាន និង​លោក ទិ​ត ដា អនុប្រធាន​សាខាគយ​ខេត្តកោះកុង បាន​ចាត់តាំង​ឈ្មោះ នេ​ត ចន្ថា និង​ឈ្មោះ ទី សូ​រី​វុ​ទ្ធ បានដាក់​ប៉ុស្ដិ៍​ជជុះ​គោះ​ប្រាក់​ពី​ឡាន​ដឹកទំនិញ​

ខេត្តកោះកុង៖ មន្ត្រីគយមួយក្រុមក្រោមការចាត់ចែងរបស់ លោក សំ កុសល ប្រធាន និងលោក ទិត ដា អនុប្រធានសាខាគយ និងរដ្ឋករ ខេត្តកោះកុង មានឈ្មោះ នេត ចន្ថា និងឈ្មោះ ទី សូរីវុទ្ធ បានដាក់ប៉ុស្ដិ៍ជជុះប្រមូលប្រាក់ពីឡានដឹកទំនិញគ្រប់ប្រភេទទាំងថ្ងៃទាំងយប់នៅលើផ្លូវជាតិលេខ៤៨ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៤ និងលេខ៥៥ ក្នុងភូមិជីនាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ ក្រុមអ្នកបើករថយន្តដឹកទំនិញបានឲ្យដឹង មន្ត្រីគយដែលដាក់ប៉ុស្តិ៍ប្រមូលលុយក្រោមការដឹកនាំដោយលោក នេត ចន្ថា និងលោក ទី សូរីវុទ្ធ បានតម្រូវឲ្យរថយន្តដឹកទំនិញចូលបង់លុយតាមការបង្គាប់ តែគ្មានចេញវិក្កយបត្រឲ្យនោះ។ ដែលលុយប្រមូលបាននៅចំណុចប៉ុស្តិ៍នេះទំនងសម្រាប់បែងចែកទៅសាខាខេត្តកោះកុង និងមន្ត្រីគយឈរជើងនៅប៉ុស្តិ៍នេះចែកគ្នាច្រកហោប៉ៅ យ៉ាងសុខស្រួល។

ប្រភពបានបង្ហើបថា ក្រុមហ៊ុនធំៗដែលធ្វើសកម្មភាពនាំចូលទំនិញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រក ខេត្តកោះកុង រួមមាន ក្រុមហ៊ុន រស្មីរតនៈ, ក្រុមហ៊ុន គឹម យ៉ារស្មី ដែលមានថៅកែ ឈ្មោះ ចែ ហួង ដែលជាក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹក និងមានបរិមាណទំនិញ រាប់ពាន់តោនក្នុងមួយខែៗ ហើយក្រុមហ៊ុននេះ ត្រូវគេដឹងថា បង់ពន្ធចូលរដ្ឋតែ ១០%ប៉ុណ្ណោះ នៅសល់ពីនេះ គឺចែកឲ្យមន្ត្រីសាខាគយ មួយចំណែក និងមួយចំណែកទៀត សម្រាប់លុយដឹកជញ្ជូនតាមផ្លូវ និងបង់ឲ្យកុងត្រូលជជុះរបស់គយ ក្រុមលោក នេត ចន្ថា និងលោក ទី សូរីវុទ្ធ ដែលដាក់ប៉ុស្តិ៍អង្គុយចាំយកលុយពីរថយន្តដឹកទំនិញ នៅចំណុចខាងលើនេះ។ដែលទង្វើនេះបានបណ្តាលឲ្យចំណូលពន្ធមួយចំនួនបានធ្លាក់ចូលហោប៉ៅឈ្មួញ និងហោប៉ៅមន្ត្រីគយពុលរលួយ។

តាមព័ត៌មានក្រៅផ្លូវការ បានឲ្យដឹងថា លោក សំ កុសល ប្រធាន និងលោកទិត ដា អនុប្រធានសាខាគយ ខេត្តកោះកុង បានកំណត់ឲ្យមន្ត្រីគយ ដែលអង្គុយសំកុកចាំយកលុយ នៅកុងត្រូលជជុះ បង់ក្នុងមួយខែច្រើនលានរៀល ណាស់។ ហើយដើម្បីបានលុយគ្រប់ចំនួន មន្ត្រីគយប្រចាំកុងត្រូល បានគាបជំរិតយកលុយ ពីរថយន្តសណ្តោង ឬរថយន្តយីឌុប ដោយរាប់ក្បាលឡាន មួយគ្រឿង ១០០ដុល្លារ ក្នុងមួយជើង ។ ក្រៅពីបង់ក្បាលឡានតាមការចាប់បង្ខំនេះ ក្រុមឈ្មួញធំៗ ត្រូវបង់លុយចូល សាខាគយបន្ថែមទៀតដោយគិតតាមទំនិញនាំចូល តិចឬច្រើន។ ទោះយ៉ាងណានេះជាវិធីកៀងប្រមូលលុយរបស់លោក សំ កុសល និង លោកទិត ដា ដោយប្រើប្រាស់ក្រុមលោក នេត ចន្ថា និងលោក ទី សូរីវុទ្ធ ក្នុងរូបភាពប៉ុស្តិ៍ត្រួសពិនិត្យទំនិញ។

ដោយឡែករថយន្តធុនតូចៗដឹកជញ្ជូន ទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមានលាយសារធាតុគីមីដូចជា សាច់មាន់ ឆ្អឹងមាន់ ស្លាបមាន់ ជង្គង់មាន់ និងប្រហិតជា ដើម ត្រូវបានឈ្មួញនាំចូលតាមផ្លូវទឹកនិងផ្លូវគោកតំបន់ព្រំដែនខ្មែរ-សៀម ខេត្តកោះកុង ហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ៤៨ ចូលមកផ្លូវជាតិលេខ៤ យកមកចែកចាយពេញទីផ្សារក្នុងរាជធានីភ្នំពេញ ត្រូវ មន្ត្រី គយក្រោមការគ្រប់គ្រងរបស់លោកនេត ចន្ថា និងលោក ទី សូរីវុទ្ធ មិនចាត់វិធានការទប់ស្កាត់ទំនិញខុសច្បាប់ដែលឈ្មួញនាំចូលយ៉ាងអនាធិបតេយ្យនោះទេ គឺបង្គាប់ឲ្យបង់លុយរថយន្តមួយគ្រឿង ពី៥ម៉ឺនទៅ៨ម៉ឺនរៀល គិតតែប្រមូលលុយពីឈ្មួញក្នុងមួយថ្ងៃវាល់បាវ។ ករណីមិនប្រក្រតីខាងលើនេះជាការជូន ដំណឹងដល់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឲ្យបានជ្រាបដើម្បីមាន វិធានការជាបន្ទាន់៕

ka-17-09-2016-02
ka-17-09-2016-03
ka-17-09-2016-04