អាណាព្យាបាល ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​លែង​បង្ខំ​កូន​រឿង​រើស​ជំនាញសិក្សា នៅ​មហាវិទ្យាល័យ

ជា​ការ​ពិត ក្នុងនាម​ជា​អាណាព្យាបាល​ គឺ​តែងតែ​មានចិត្ត​ខ្វល់ខ្វាយ និង ព្រួយបារម្ភ​ពី​កូន​របស់​ខ្លួន​ជានិច្ច​ តាំងពី​រៀន​ថ្នាក់​បឋមសិក្សា​រហូតដល់​ថ្នាក់ឧត្ដម​សិក្សា។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ​នៅ​ត្រង់​ថា បច្ចុប្បន្ន​អាណាព្យាបាល​លែង​បង្ខំ​កូន​ឲ្យ​រើស​ជំនាញ​សិក្សា​តាម​ខ្លួន​ស្រឡាញ់​ដូច​កាល​ពី​មុន។

 

ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​នេះ ដោយសារ​តែ​ការ​ទុកឱកាស​ឲ្យ​កូន​រៀន​តាម​ចង់​ គឺ​រៀន​ត្រូវ​ជំនាញ​ដែល​ពួកគេ​ស្រឡាញ់​និង​ចូល​ចិត្ត ហើយ​យុវវ័យ​បច្ចុប្បន្ន​បាន​ដឹង​អំពី​ទីផ្សារ​ជាក់​ស្ដែង។ ទន្ទឹម​នឹង​នេះ​ការ​ចេះ​អ្វី​ឲ្យ​ចេះ​ប្រាកដ​ គឺ​ងាយ​នឹង​រក​ការងារ​ មិន​ថា ជំនាញ​ណា​នោះ​ទេ។
 

អ្នកស្រី ហួច សុខ​ឡេង អាយុ៤១ ឆ្នាំ រស់នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយ​ថា​ កូនប្រុស​របស់​អ្នកស្រី​មានបំណង​ចង់​រៀន​ផ្នែក​ទីផ្សារ អ្នកស្រី​ជា​ម្ដាយ​ផ្ទាល់​មិន​មាន​បំណង​ប្រកែក​អ្វី​ឡើយ។ អ្នកស្រី​បន្ត​ថា បើ​កូន​របស់​គាត់​ស្រលាញ់​ជំនាញ​អ្វី  គឺ​ទុក​អោយ​គាត់​រៀន​ទៅ​ចុះ ព្រោះ កូន​ដឹង​អំពី​សមត្ថភាព​ខ្លួន។

 

 

ស្រដៀង​គ្នា​នេះ​ដែរ អ្នកស្រី សាំង ណាវី រស់​នៅ​ក្រុង​តាខ្មៅ​បាន​លើកឡើងថា អ្នកស្រី​ពេញចិត្ត​អោយ​កូន​បន្ត​ការសិក្សា​ទៅ​ថ្នាក់ឧត្ដម​ថែមទៀត​បន្ទាប់ពី​ចប់​បាក់​ឌុប​រួច។ ចំពោះ​មុខ​ជំនាញ​វិញ គឺ​អ្នកស្រី​មិន​បង្ខំ​កូន​នោះ​ឡើយ គឺ​ស្ថិត​លើ​ចំណង់​ចំណូលចិត្ត​របស់​កូនស្រី​គាត់​ផ្ទាល់។ ស្ត្រី​វ័យ ៤៣ ឆ្នាំ​រូប​នេះ បាន​បង្ហើប​អោយ​ដឹង​ផងដែរ​ថា កូនស្រី​របស់​គាត់​ស្រលាញ់​មុខជំនាញ​ផ្នែក​ពេទ្យ និង ធនាគារ។ “ខ្ញុំ​យល់​ថា បើ​គាត់​ស្រឡាញ់​គាត់​នឹង​ខំ​ប្រឹង​រៀន”។

 

ងាក​មក​អ្នក​ខេត្ត​កំពង់ចាម​មួយ​រូប​វិញ គឺ​អ្នកស្រី ប៉ិច ម​ន្ថា ដែល​មាន​កូនធម៌​ជា​ព្រះសង្ឃព្រះនាម​ ស៊ឹម សា​រៀម បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា បន្ទាប់ពី​ជាប់​បាក់​ឌុប​ហើយ អ្នកស្រី​ចង់​អោយ​ព្រះ​តេជគុណ បន្ត​ការសិក្សា​ទៅ​ថ្នាក់​មហាវិទ្យាល័យ​ជា​បន្ត​ទៀត ចំណែក​មុខជំនាញ​ដែល​អ្នកស្រី​ស្រលាញ់ ​គឺ​មហាវិទ្យាល័យ​ពេទ្យ ប៉ុន្តែ​អ្នកស្រី​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ​ត្រង់​ព្រះអង្គ ស្រលាញ់​ចូលចិត្ត​ចង់​សិក្សា​ជំនាញ​អ្វី គឺ ស្ថិត​នៅ​លើ​ការសម្រេចចិត្ត​របស់​ព្រះអង្គ​ផ្ទាល់។ មិនតែប៉ុណ្ណោះ អ្នកស្រី​ក៏​នៅតែ​គាំទ្រ និង ជួយឧបត្ថម្ភ​ទំនុកបម្រុង ដោយ​ការ​អាណិត​ស្រលាញ់​ដដែល។

 

អត្ថបទ៖ ចន្ថា