សេវា​កម្ម​​​វាយ​តម្លៃ ចាត់​ទុក​​ជា​ឆ្នាំង​បាយ​​ក្នុង​មុខ​ងារ​អចលនទ្រព្យ

សេវា​កម្ម​ផ្នែក​​វាយ​តម្លៃ​ត្រូវ​បាន​លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​អចលនវត្ថុ​នៅ​កម្ពុជា​ ចាត់​ទុក​ជា​ផ្នែក​មួយ​សំខាន់​មិន​អាច​ខ្វះ​បាន​ ពោល​​ជា​ឆ្នាំង​បាយ​សម្រាប់​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​អចលន​ទ្រព្យ។

 

សេវា​កម្ម​​​វាយ​តម្លៃ ចាត់​ទុក​​ជា​ឆ្នាំង​បាយ​​ក្នុង​មុខ​ងារ​អចលនទ្រព្យ

 

លោក​បញ្ជាក់​ថា ក្នុង​វិស័យ​ឧស្សាហកម្ម​អចលនទ្រព្យ ​ត្រូវ​បាន​ចែក​ចេញ​ជា​៣​ គឺ​ផ្នែក​ទិញ-លក់​​​ ​ការ​គ្រប់​គ្រង​អចលនទ្រព្យ និង ការ​វាយ​តម្លៃ។ លោក​ ហ៊ាង​ ថា​ ផ្នែក​ទី​៣​សំខាន់​ក្នុង​វិស័យ​ដី​ធ្លី​ដោយ​សារ ផ្នែក​នេះ​មិន​រង់​ចាំ​ពេល​យូរ ហើយ​បាន​ទឹក​ប្រាក់​ប្រចាំ​ថ្ងៃ​ដោយ​សរសេរ​និង​សិក្សា​ឯក​សារ​​។ ចំណែក​ផ្នែក​​ទិញ-លក់​មិន​មែន​លក់​ដាច់​រាល់​ថ្ងៃ​នោះ​ទេ។ ក្រុម​ហ៊ុន​ខ្លះ មួយ​ឆ្នាំ​លក់​មិន​ទាន់​បាន​មួយ​ផង។

 

ម្យ៉ាង​ទៀត​ការ​ទិញ​លក់ នៅ​​មាន​បញ្ហា​ប្រឈម​មួយ​ដោយ​សារ​ភ្ញៀវ​បរទេស​ដែល​មក​ស្រុក​ខ្មែរ​ភាគ​ច្រើន​គេ​មាន​ក្រុម​ហ៊ុន​មក​ពី​បរទេស​ស្រាប់។ លោក​លើក​ឧទាហរណ៍​ ដូច​ជា​ ភ្ញៀវ​មក​ពី​សិង្ហបុរី នោះ​គេ​នឹង​ទៅ​រក​ក្រុមហ៊ុន​ដី​ធ្លី​សិង្ហបុរី​ដែល​នៅ​ស្រុក​ខ្មែរ​តែ​ម្ដង កម្រ​ណាស់​ដែល​គេ​ប្រើ​ប្រាស់​ក្រុម​ហ៊ុន​អចលនទ្រព្យ​ក្នុង​ស្រុក។ រី​ឯ​អ្នក​មាន​ធំ​ៗ​នៅ​ស្រុក​ខ្មែរ​មួយ​ចំនួន​វិញ នៅ​ពេល​ពួក​គេ​ចង់​ទិញ ឬ​លក់​ដី គឺ​គាត់​មាន​ក្រុម​ការ​ងារ​របស់​គាត់​រួច​ហើយ ម្ល៉ោះ​ហើយ​វា​ជា​រឿង​​លំបាក​សម្រាប់​​អ្នក​អចលនទ្រព្យ​ទិញ​លក់​នេះ។

 

រី​ឯ​ផ្នែក​គ្រប់​គ្រង​អចលនទ្រព្យ​ លោក​និយាយ​ថា ក្រុមហ៊ុន​សាង​សង់​ភាគ​ច្រើន​ពិបាក​នឹង​ទទួល​យក​អ្នក​គ្រប់​គ្រង​ក្នុង​ស្រុក​ណាស់ ដោយ​សារ​អគារ​​ប្រណីត​កម្ពស់​ច្រើន​ជាន់ គឺ​​ត្រូវ​ការ​អ្នក​គ្រប់​គ្រង​អចលនទ្រព្យ​មាន​ជំនាញ​វិជ្ជាជីវៈ​ខ្លាំង​កម្រិត​អន្តរជាតិ។ ដូច្នេះ​ពួក​គេ​ច្រើន​ងាក​ទី​រក​អ្នក​ជំនាញ បរទេស​ជាង​ក្នុង​ស្រុក ដែល​ធ្វើ​ឲ្យ​មុខ​របរ​ការ​គ្រប់​គ្រង​អចល​ទ្រព្យ​ មាន​ភាព​ចង្អៀត។

 

ដូច្នេះ​បើ​អ្នក​ចេះ​ជំនាញ​ផ្នែក​វាយ​តម្លៃ​ គឺ​មាន​ទីផ្សារ​ខ្ពស់​ជាង​ផ្នែក​ទី១ និង​ទី​២ បើ​ទោះ​​មិន​បាន​លុយ​ដុំ​ពិត​មែន តែ​បាន​រាល់​ថ្ងៃ។ ផ្នែក​ទិញ​លក់​បាន​លុយ​ច្រើន​មែន តែ​ត្រូវ​ការ​ពេល​វេលា​យូរ។ ដូច្នេះ​​ ការ​វាយ​តម្លៃ គឺ​ជា​ឆ្នាំង​បាយ​ប្រចាំ​ថ្ងៃ​ក្នុង​វិស័យ​អចលនទ្រព្យ៕

 

អត្ថបទ៖ លឹម សុ​នា​​​​​