ឡុង​ សុវណ្ណឌឿន​ «ចាញ់​ឬ​ឈ្នះ​ខ្សែ​ក្រវាត់​អាទិត្យ​នេះ​ក៏​មិន​ទៅ​ណា​ចោល​ប្រដាល់​»

កីឡាករ​ចប់​បរិញ្ញាបត្រ​ទីផ្សារ ឡុង​ សុវណ្ណឌឿន​ មិន​ថា​ឈ្នះ​ឬ​ចាញ់​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​ភេសជ្ជៈ​គោ​ជល់​របស់​ទូរទស្សន៍​ PNN​ ចុង​សប្ដាហ៍​នេះ​ទេ​ក៏​មិន​បោះបង់​ប្រដាល់​គុន​ខ្មែរ​ចោល​ដែរ។​

 

ឡុង​ សុវណ្ណឌឿន​ «ចាញ់​ឬ​ឈ្នះ​ខ្សែ​ក្រវាត់​អាទិត្យ​នេះ​ក៏​មិន​ទៅ​ណា​ចោល​ប្រដាល់​»

 ឡុង​ សុវណ្ណឌឿន

 

​កីឡាករ​និង​ពិធី​ករ​រួប​សង្ហារ​ម្នាក់​នេះ​បាន​ឲ្យ​ Sabay​ ដឹង​ពី​គោល​ជំហរ​របស់​ខ្លួន​ចំពោះ​ប្រដាល់​គុន​ខ្មែរ​ថា​ចាញ់​ឬ​ឈ្នះ​ ជើង​ខ្លាំង ​ពេជ្រ​ សីហា​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ភេសជ្ជៈ​គោ​ជល់​ទម្ងន់​៦៩កីឡូក្រាម​ក៏​ដោយ ក៏​ខ្លួន​មិន​ទៅ​ណា​ចោល​ប្រដាល់​គុន​ខ្មែរ​ទេ។​ បើ​ទោះ​ជា​មាន​វ័យ​រាង​ជ្រេ​បន្តិច​មែន​​ពិត ​តែ​ទឹក​ចិត្ត​នៅ​តែ​មាន​ហើយ​ឲ្យ​តែ​នៅ​មាន​កម្លាំង​អាច​ឡើង​ប្រកួត​បាន ​កីឡាករ​រូប​នេះ​នៅ​តែ​បន្ត​អាជីព​ឈឺ​ខ្លួន​នេះ​ដដែល។​

 

នៅ​ពេល​ខាង​មុខ​ពិធី​ករ​ប្រដាល់​រូប​នេះ​ចង់​យក​ចំណេះ​ពី​ការ​សិក្សា​ផ្នែក​បរិញ្ញាបត្រ​របស់​ខ្លួន​បូក​ផ្សំ​ជាមួយ​បទ​ពិសោធន៍​ខាង​ផ្នែក​ប្រដាល់​នេះ ​ដើម្បី​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ​ដើម្បី​ជួយ​ពង្រីក​ផ្សព្វផ្សាយ​វិស័យ​គុន​ខ្មែរ​ឲ្យ​គេ​ស្គាល់​កាន់​តែ​ច្រើន​និង​រីក​ចំរើន​ជាង​នេះ​ទៅ​ទៀត។

 

នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ ​ថ្ងៃ​អាទិត្យ​ទី១៨ សីហា​នេះនោះ​ដែរ ទស្សនិកជន​នឹង​ប្លែកភ្នែក ​ចម្លែក​អារម្មណ៍ ព្រោះ​មាន​រឿង​រ៉ាវ​ពិសេសៗ ​៣ ​ជុំ​វិញ​គុន​ខ្មែរ។​

 

ទី​១ ​ហើយ​សំខាន់​បំផុត​នោះ ​គឺ​សង្វៀន​របស់​ភីអិនអិន នឹង​កក្រើក​ខុស​ពី​សព្វ​មួយ​ដង​ ដ្បិត​អ្នកលេង​គុន​ខ្មែរ​លំដាប់​កំពូល​ពីរ​រូប ​នឹង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ​ពោល​គឺ ​ពេជ្រ សីហា ​និង​ ឡុង ​សុវណ្ណឌឿន​ ត្រូវ​ប្រជែង​គ្នា​ដណ្ដើម​ខ្សែ​ក្រវាត់ របស់​កម្មវិធី​សមរ​ភូមិអ្នក​ប្រយុទ្ធ​ភេសជ្ជៈគោជល់ ​ប្រភេទ​ទម្ងន់​៦៩ ​គ.ក អម​ដោយ​ទឹក​ប្រាក់​ជើង​ឯក​ ២០​លាន​រៀល។

 

រឿង​ទី​២ គឺ​អ្នកស្នង​គុន​ខ្មែរ​ពន្លក​ថ្មី​កំពុង​ល្បី​២​រូប ​ក៏​នឹង​ត្រូវ​តតាំង​ជាមួយ​អ្នក​ប្រដាល់​មក​ពី​ថៃ ​គឺ ព្រឿង​ សុជាតិ ​ស្វាគមន៍​ ភិតដាំ​ ដួង​ចៃផរ។ ​រីឯ​ ពេជ្រ ប៊ុនឆេន ​ត្រូវ​សាក​កម្លាំង​នឹង​ សាមស៊ីង​ លូក​ឈុន​ប្រាថាន។

 

ចុង​ក្រោយ​ហើយ​អស្ចារ្យ​បំផុត​នោះ ​គឺ​ការ​ប្រកួត​វគ្គផ្ដាច់​ព្រ័ត្រ​ម៉ារ៉ាតុន​ទម្ងន់​៦០​គីឡូក្រាម​ប្រចាំ​ខែ​ រវាង​ ខុន បូឡា ​និង ​ចាន់ សច្ចា ​ដូចគ្នា​នេះ ​រិទ្ធិ មុន្នី ​ត្រូវ​ប៉ះ​គ្នា​ជាមួយ ​ផាន់ សារុន​ ដើម្បី​ដណ្ដើម​បេក្ខភាព​វ៉ៃ​ជា​មួយ​បរទេស ​ដែល​ភីអិនអិនប​ណ្តុះ​ចេញ​ពី​ការ​ជម្រុះ​ប្រចាំ​សប្តាហ៍​នា​ពេលកន្លងមក៕

 


អត្ថបទ៖​ នួន​ ស៊ីណា​