ប្រវត្តិ និងជំនឿផ្សេងៗ ពាក់ព័ន្ធទៅនឹងពីធី «បុណ្យភ្ជុំបិណ្ឌ»

ភ្នំពេញ ៖ បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយរបស់ប្រជាជនខ្មែរ ដែលកាន់នូវព្រះពុទ្ធសាសនា ហើយតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីថ្ងៃទី១រោច ខែភទ្របទ ឬហៅថា «បិណ្ឌ១» រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ ឬហៅថា «ភ្ជុំបិណ្ឌ (ធំ)»

ជាមួយគ្នានេះដែរ គេសង្កេតឃើញថា ប្រជាជនខ្មែរយើងជាច្រើនលាននាក់ ដែលគោរពនិងប្រតិបត្តិនូវព្រះពុទ្ធសាសនា តែងតែនាំគ្នាយកចង្ហាន់ទៅវត្តជាហូរហែរ ខណៈពេលព្រលឹមស្រាងៗ ក៏មានប្រជាជនខ្មែរយើង មិនថាក្មេងចាស់ប្រុសស្រី តែងតែនាំគ្នាទៅបោះបាយបិណ្ឌ ដើម្បីធ្វើការឧទ្ទិសកុសលផលបុណ្យ ជូនដល់ញាតិសណ្តាន ឬបុព្វការីជន ដែលបានស្លាប់ចែកឋានទៅជាប្រេតផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ ដោយសារតែរដូវនេះ គឺជារដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្រុមការងារ Khmerload ក៏បានចុះធ្វើការសាកសួរ ព្រះសង្ឃ និងបងប្អូនខ្មែរយើងមួយចំនួន ទាក់ទងនឹងជំនឿខ្លះៗនៃបុណ្យភ្ជុំបិណ្ឌ ព្រមទាំងដំណើរដើមទងផងដែរ ដើម្បីចែកជូនដល់ប្រិយមិត្តអ្នកអាន ទុកជាការយល់ដឹងបន្ថែមផងដែរ។

ជួបជាមួយនឹងព្រះតេជគុណ ព្រះនាមភិក្ខុអតិគុណត្ថេរោ សន នឿន គង់នៅវត្តចង្រ្កានតាព្រហ្ម ស្ទឹងមានជ័យ បានផ្តល់សង្ឃដីកា យ៉ាងក្បោះក្បាយ មកកាន់ក្រុមការងារ Khmerload ទាក់ទងជាមួយនឹងប្រវត្តិខ្លះៗ នៃពិធីបុណ្យភ្ជុំបិណ្ឌឲ្យដឹងថា «ទាក់ទងទៅនឹងដំណើររឿង នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ តាមតែអាត្មាបានដឹង សម័យនោះគឺទាក់ទិនទៅនឹងរឿង ព្រះបាទពិម្ពារសា ដែលព្រះបាទពិម្ពារសា គឺជាស្តេចចក្រពត្តិមួយអង្គ មានញាតិស្លាប់ចែកឋានទៅជាប្រេត ហើយបានឲ្យព្រះអង្គយល់សប្តិឃើញ មកយំបោកខ្លួនបោកប្រាណនៅនរគរបស់ទ្រង់ ជាហេតុធ្វើឲ្យព្រះអង្គផ្ទំ ក៏មិនលក់ បក់ក៏មិនល្ហើយ។ ក្រោយមកព្រះអង្គក៏បានទៅសួរ ព្រះសម្មាសម្ពុទ្ធ ហើយព្រះសម្មាសម្ពុទ្ធក៏បានសម្តែងថា អ្នកទាំងនោះគឺជាញាតិរបស់អ្នកហើយ ដែលមិនទាន់បានទៅចាប់ជាតិទៅជាមនុស្ស ឬក៏ជាទេវតាអីទេ នោះក៏ដោយសារតែកម្មពារ ដែលពួកគេបានសាង។ ព្រះបាទពិម្ភារសា ក៏បានសួរទៅកាន់ព្រះសម្មាសម្ពុទ្ធថា ចឹងធ្វើមិចទើបពួកគេអាចចាប់កំណើតកើតជាមនុស្សបាន?» ។

ព្រះតេជគុណ សន នឿន បន្តថា «...ក្រោយមកព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា មានតែធ្វើបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់អ្នកដែលកើតជា បេតនិស្ស័យ ឬកើតជាប្រេត។ បន្ទាប់មកព្រះបាទពិម្ពារសា ក៏បានធ្វើតាមព្រះសម្មាសម្ពុទ្ធ ប៉ុន្តែដល់កន្លែងឧទ្ទិសបុណ្យកុសលហ្នឹង ព្រះបាទពិម្ពារសា មិនបានឧទ្ទិសឱ្យបានចំៗឈ្មោះ ញាតិរបស់ទ្រង់ដែលកើតជាប្រេតនោះទេ ជាហេតុធ្វើឱ្យញាតិទាំងអស់នោះ មិនបានទទួលនូវសំណែនដែលទ្រង់បានធ្វើនោះឡើយ»

«ដល់តែពេលចឹងទៅ យប់ឡើងស្រាប់តែឱ្យយល់សប្តិទៀត ហើយទ្រង់ទៅសួរព្រះសម្មាសម្ពុទ្ធម្តងទៀតថា ចុះម្តេចក៏ទូលព្រះបង្គំខ្ញុំព្រះករុណា ធ្វើបុណ្យឧទ្ទិសកុសលឱ្យហើយ ម្តេចក៏នៅតែទទួលមិនបាន ហើយនៅតែយល់សប្តិឃើញអញ្ចឹង? ព្រះសម្មាសម្ពុទ្ធក៏បានសម្តែងថា នោះមកពីអ្នកឯងធ្វើមិនទាន់ត្រូវ ទាល់តែអ្នកឯងឧទ្ទិសឱ្យចំៗឈ្មោះ ទើបគេហ្នឹងអាចទទួលយកបាន។ តមកទៀត ព្រះអង្គក៏បានចាត់ចែងឱ្យអ្នកបម្រើ រៀបចំធ្វើម្តងទៀត តាមតែព្រះសម្មាសម្ពុទ្ធប្រាប់ ពេលនោះប្រេតទាំងអស់ក៏បានទទួលអនុមោទនា ចាប់កំណើតកើតជាមនុស្ស ជាទេវតាទៅ។ នេះគឺជារឿងទាក់ទង ការធ្វើបុណ្យឧទ្ទិសកុសលមគ្គផល បញ្ជូនទៅដល់ប្រេតដែលជាញាតិ របស់មនុស្សលោកយើងហ្នឹងហើយ រហូតកកើតមកទល់ពេលបច្ចុប្បន្ននេះ»

ទន្ទឹមនឹងនោះផងដែរ ជួបជាមួយនឹងអ៊ំស្រី សុគត វ័យ ៦១ឆ្នាំ ក៏បានរៀបរាប់ទាក់ទង ទៅនឹងជំនឿក្នុងថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលរូបគាត់តែងតែគោរពប្រតិបត្តិ ជារៀងរាល់ឆ្នាំដែរថា «បើនិយាយពីពិធីបុណ្យភ្ជុំបិណ្ឌនេះ សម្រាប់អ៊ំតាំងពីដើម តកូនតចៅមក គឺអ៊ំតែងតែមានជំនឿ ឬទម្លាប់មួយសែននៅពេលល្ងាច ឬអាចហៅថា «បង្សុកូល» ពោលគឺអ៊ំតែងរៀបចំធ្វើការសែនព្រេងនេះឡើង មុនថ្ងៃឆ្លងមួយថ្ងៃ (មុនថ្ងៃ១៥រោច ភ្ជុំធំ) នៅចន្លោះម៉ោងប្រមាណជា ៦ទៅ៧ព្រលប់ៗ រួមមានដូចជា ម្ហូបអាហារ បាយសម្ល បង្អែមចង្អាម ផ្លែឈើ ភេសជ្ជៈជាដើម។ ក្នុងនោះអ្វីដែលមិនអាចបំភ្លេចបាននោះ គឺសម្លៀកបំពាក់ (ហូល ផាមួង អាវប៉ាក់ អាវខោពីរទៅបីកំផ្លេ...ជាដើម)។ រួចធ្វើការអុជធូប និងសំពះហៅចំនួន៧ដង ចំពោះបងប្អូនសាច់ញាតិ បុព្វការីជនទាំង៧សន្តាន ដែលបានស្លាប់ចែកឋានទៅនោះ ដើម្បីមកទទួលសំណែន ដែលកូនចៅបានដាក់ឲ្យផងដែរ»

អ៊ំស្រីបន្តថា «...មូលហេតុដែលគេដាក់ សម្លៀកបំពាក់សែន ឬបង្សុកូលដែលនោះ តាមតែអ៊ំដឹងមក គឺដើម្បីឲ្យបងប្អូនសាច់ញាតិ ជីដូនជីតា ដែលបានសា្លប់ចែកឋាន ទៅជាប្រេត ឬមិនទៅជាប្រេតនោះ បានស្លៀកពាក់ស្អាតបាត និងអញ្ជើញឲ្យទៅវត្តនៅថ្ងៃឆ្លង (១៥រោច) ដើម្បីស្តាប់ព្រះធម៌ទេសនា ទាំងអស់គ្នានាថ្ងៃឆ្លងនៃពីធីបុណ្យ រួចងាយក្រោយឲ្យពរកូនចៅ រកស៊ីមានបាន ត្រជាក់ត្រជុំផងដែរ»

ជាចុងក្រោយ អ៊ំស្រី សុគត បានបន្ថែមថា «សម្រាប់ផ្ទះគេ ឬគ្រួសារគេអ៊ំមិនដឹងទេ ព្រោះអ្នកខ្លះក៏គេសែន ខ្លះទៀតក៏មិនសែន ប្រហែលជាគេមិនធ្លាប់ធ្វើពីមុនមក ឬក៏មិនមានជំនឿយ៉ាងនោះ អ៊ំក៏មិនច្បាស់ដែរ។ ប៉ុន្តែសម្រាប់អ៊ំ គឺអ៊ំតែងធ្វើបែបនេះជានិច្ច មិនថាភ្ជុំឬចូលឆ្នាំនោះឡើយ ព្រោះអ៊ំមានទម្លាប់និងជំនឿ តាមចាស់ៗពីបរមបុរាណមកម៉្លេះ»

ដោយឡែក កញ្ញា ភិន បញ្ញា អាយុ២៣ឆ្នាំ ជានិសិ្សតមួយរូប នៅរាជធានីភ្នំពេញ ក៏បានឲ្យដឹងដែរថា «សម្រាប់ខ្ញុំទាក់ទងទៅ នឹងជំនឿក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ-កាន់បិណ្ឌនេះ គឺពេលដែលខ្ញុំទៅវត្ត ខ្ញុំតែងមានទម្លាប់មួយ គឺធ្វើការពូនភ្នំខ្សាច់ជារៀងរាល់ឆ្នាំ មិនថាតែភ្ជុំបិណ្ឌឬចូលឆ្នាំឡើយ។ ព្រោះខ្ញុំមានជំនឿថា ការពូនភ្នំខ្សាច់នេះ នឹងជួយរំដោះគ្រោះ បាបបុណ្យកម្មពារដែលខ្ញុំបានប្រព្រឹត្តតកន្លងមកជាច្រើន។ ម្យ៉ាងវិញទៀត តាមតែខ្ញុំដឹងការពូនភ្នំខ្សាច់នេះ ក៏មានប្រវត្តិរឿងរ៉ាវព្រេងនិទានជាច្រើនហូរហែរផងដែរ ជាពិសេសគឺនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងនេះឯង។ មួយវិញទៀត ពេលទៅវត្តម្តងៗ ខ្ញុំតែងតែទិញផ្កាម្លិះ ឬផ្កាឈូកជាដើម ដើម្បីដាក់ថ្វាយដល់ព្រះ ដើម្បីធ្វើការបួងសួងសុំឲ្យមានរូបសម្រស់ស្រស់ស្អាត និងក្លិនក្រអូបដូចជាផ្កា ទៅទីណាកន្លែងណា មានគេចោមរោមអាណិតស្រលាញ់ និងនៅជាតិខាងមុខៗផងដែរ។ ហើយម្យ៉ាងវិញទៀតខ្ញុំក៏មិនភ្លេចផងដែរ នូវការរាប់បាត ព្រោះមុនពេលដែលខ្ញុំធ្វើការរាប់បាតនេះ គឺខ្ញុំតែងតែធ្វើការបួងសួង និងឧទ្ទិសមគ្គផលទៅដល់ មាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្ដានដែលបានចែកឋានទៅ ដើម្បីអោយលោកមកទទួលយកមគ្គផលដែលខ្ញុំបានធ្វើ ហើយអ្នកខ្លះគេក៏មានជំនឿថា មិនថាតែបុណ្យទានអ្វីនោះឡើយ ប្រសិនបើមិនបានរាប់បាតនោះទេ វាហាក់បីដូចជាបុណ្យដែលយើងធ្វើនោះមិនបានដល់ ដូនតាបុព្វការីជន ដែលបានស្លាប់ចែកឋាននោះឡើយ»

កញ្ញា បញ្ញា បន្តទៀតថា «ជាពិសេសទៅទៀតនោះ ការបោះបាយបិណ្ឌនៅរដូវភ្ជុំ គឺជារឿងមួយដែលសំខាន់បំផុត ព្រោះយើងគ្រប់គ្នាមិនបានដឹងទេថា មាតាបិតា ជីដូនជីតាកុងម៉ា ឬញាតិកាទាំង៧សន្តាន ស្លាប់ទៅចាប់ជាតិទៅជាអ្វីនោះឡើយ។ ដូច្នេះប្រសិនណាបើពួកគាត់ទាំងអស់នោះ កើតទៅជាសត្វ ឬប្រេតនោះ នឹងបានមកទទួលសំណែននេះពីកូនចៅ ជាក់ជាមិនខាន ដើម្បីបានចាប់ជាតិជាថ្មីវិញផងដែរ។ នេះគ្រាន់តែជាអ្វីដែលខ្ញុំធ្លាប់បានដឹង តាមរយៈបងប្អូន តាយាយដែរគាត់បានប្រាប់នឹងទូន្មាន តៗគ្នាតាមរយៈជំនឿខ្មែរយើងតែប៉ុណ្ណោះ។ យ៉ាងណាមិញ ជឿមិនជឿគឺអាស្រ័យទៅលើការគិត ឬទស្សនៈយល់ឃើញយើង រៀងៗខ្លួនតែប៉ុណ្ណោះ» ៕

សរុបមក ពិធីបុណ្យភ្ជុំបិណ្ឌ គេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីធ្វើការឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល និងដើម្បីទទួលបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន ដែលបានធ្វើនេះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ខាងលើនេះគ្រាន់តែទស្សនៈយល់ឃើញ មួយចំនួនតូចរបស់បងប្អូនខ្មែរយើងតែប៉ុណ្ណោះ ដែលក្រុមការងារបានចុះធ្វើការសាកសួរតែប៉ុណ្ណោះ។ ចុះសម្រាប់ប្រិយមិត្តវិញ មានទស្សនយល់ឃើញ ឬជំនឿបែបណាដែរ? ហើយមានបានត្រៀមខ្លួនហើយឬនៅ ក្នុងឱកាសភ្ជុំបិណ្ឌប្រពៃណីខ្មែរយើងនាឆ្នាំនេះ?

ខាងក្រោមនេះគឺជាទិដ្ឋភាពខ្លះៗ ក្នុងវត្តចាក់អង្រែលើ «បិណ្ឌ១» ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រវត្តិ និងជំនឿផ្សេងៗ ពាក់ព័ន្ធទៅនឹងពីធី «បុណ្យភ្ជុំបិណ្ឌ»
រូបភាព៖ វត្តចាក់អង្រែលើ (ថ្ងៃកាន់បិណ្ឌទី១)

ប្រវត្តិ និងជំនឿផ្សេងៗ ពាក់ព័ន្ធទៅនឹងពីធី «បុណ្យភ្ជុំបិណ្ឌ»
រូបភាព៖ ព្រះតេជគុណ

ប្រវត្តិ និងជំនឿផ្សេងៗ ពាក់ព័ន្ធទៅនឹងពីធី «បុណ្យភ្ជុំបិណ្ឌ»
រូបភាព៖ អ៊ំស្រី សុគត

ប្រវត្តិ និងជំនឿផ្សេងៗ ពាក់ព័ន្ធទៅនឹងពីធី «បុណ្យភ្ជុំបិណ្ឌ»
រូបភាព៖ កញ្ញា បញ្ញា

ប្រវត្តិ និងជំនឿផ្សេងៗ ពាក់ព័ន្ធទៅនឹងពីធី «បុណ្យភ្ជុំបិណ្ឌ»

ប្រវត្តិ និងជំនឿផ្សេងៗ ពាក់ព័ន្ធទៅនឹងពីធី «បុណ្យភ្ជុំបិណ្ឌ»
រូបភាព៖ វត្តចាក់អង្រែលើ (ថ្ងៃកាន់បិណ្ឌទី១)

ប្រវត្តិ និងជំនឿផ្សេងៗ ពាក់ព័ន្ធទៅនឹងពីធី «បុណ្យភ្ជុំបិណ្ឌ»
រូបភាព៖ វត្តចាក់អង្រែលើ (ថ្ងៃកាន់បិណ្ឌទី១)

ប្រវត្តិ និងជំនឿផ្សេងៗ ពាក់ព័ន្ធទៅនឹងពីធី «បុណ្យភ្ជុំបិណ្ឌ»
រូបភាព៖ វត្តចាក់អង្រែលើ (ថ្ងៃកាន់បិណ្ឌទី១)

ប្រវត្តិ និងជំនឿផ្សេងៗ ពាក់ព័ន្ធទៅនឹងពីធី «បុណ្យភ្ជុំបិណ្ឌ»
រូបភាព៖ វត្តចាក់អង្រែលើ (ថ្ងៃកាន់បិណ្ឌទី១)

ប្រវត្តិ និងជំនឿផ្សេងៗ ពាក់ព័ន្ធទៅនឹងពីធី «បុណ្យភ្ជុំបិណ្ឌ»
រូបភាព៖ វត្តចាក់អង្រែលើ (ថ្ងៃកាន់បិណ្ឌទី១)

ប្រវត្តិ និងជំនឿផ្សេងៗ ពាក់ព័ន្ធទៅនឹងពីធី «បុណ្យភ្ជុំបិណ្ឌ»
រូបភាព៖ វត្តចាក់អង្រែលើ (ថ្ងៃកាន់បិណ្ឌទី១)

ប្រវត្តិ និងជំនឿផ្សេងៗ ពាក់ព័ន្ធទៅនឹងពីធី «បុណ្យភ្ជុំបិណ្ឌ»
រូបភាព៖ វត្តចាក់អង្រែលើ (ថ្ងៃកាន់បិណ្ឌទី១)

ប្រវត្តិ និងជំនឿផ្សេងៗ ពាក់ព័ន្ធទៅនឹងពីធី «បុណ្យភ្ជុំបិណ្ឌ»
រូបភាព៖ វត្តចាក់អង្រែលើ (ថ្ងៃកាន់បិណ្ឌទី១)