ស្ត្រី​ម្នាក់​ស្រែកយំ​យ៉ាង​ខ្លាំង ខណៈ​អ្នក​ភូមិ​ហៅ​មក​…

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ស្រែក​ទ្រហោយំ​យ៉ាង​ខ្លាំង ខណៈ​អ្នក​ភូមិ​ជាមួយ​គ្នា​ហៅ​មក​យក​សព​ប្តី​ដែល​បាន​ប្រកាច់​លង់ទឹក​ស្លាប់ ខណៈ​ចុះ​ទឹក​ទៅ​មើល​មង​ក្រោម​ស្ពាន ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​អូរ​កណ្តោល ភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ឈួ​ន ឆុ​ន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​អ្នក​ភូមិ​២-៣​នាក់​បាន​នាំ​គ្នា​ទៅ​បង់សំណាញ់ នៅ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ ពេល​កំពុង​បង់សំណាញ់​នោះ​ជន​រង​គ្រោះ​បាន​ប្រាប់​អ្នក​ដែល​បង់សំណាញ់​ជាមួយ​គ្នា​ថា ទៅ​មើល​មង​ក្រោម​ស្ពាន​មួយ​ភ្លែត ហើយ​ក៏​ទុក​សំណាញ់​ចោល​នៅ​កន្លែង​បង់សំណាញ់​នោះ រួច​ក៏​ទៅ​មើល​មង​បាត់​ទៅ ។

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ក្រោយ​ពី​ទៅ​មួយសន្ទុះ​ធំ​ហើយ​មិនឃើញ​ត្រឡប់​មក​វិញ ពួក​គាត់​មានការ​ងឿងឆ្ងល់ យ៉ាង​ខ្លាំង នាំ​គ្នា​ទៅ​មើល​នៅ​ក្រោម​ស្ពាន ស្រាប់តែ​ឃើញ​ជើង​ជន​រង​គ្រោះ​អណ្តែត​ឡើង​លើ ក៏​នាំ​គ្នា​ចុះ​ទៅ​ស្រង់ ទើប​ដឹង​ថា ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​មាន​ជំងឺ​តេតាណូស ឧស្សាហ៍​ប្រកាច់​ណាស់ ហើយ​ការ​ស្លាប់​នេះ​សង្ស័យ​ថា ពេល​ចុះ​ទឹក​ជំងឺ​នេះ​បាន​ធ្វើទុក្ខ​បណ្តាល​ឲ្យ​ប្រកាច់​ឈ្លក់ទឹក​លង់​ស្លាប់​តែ​ម្តង ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន និង​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕