វិធីទទួលទាន “នំសែនព្រះខែ” ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាសុខភាពផ្សេងៗ

ខណៈពេលដែល ពីធីបុណ្យសែនព្រះខែ នៅមិនទាន់អស់ចំហាយនៅឡើយនោះ នំសែនព្រះខែ ក៏កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុក របស់អ្នករាល់គ្នា។ ជាក់ស្តែង នំសែនព្រះខែ ជានំដែលមិនអាចខ្វះបាន ក្នុងពិធីបុណ្យសែនព្រះខែនេះ និងមានមនុស្សជាច្រើនចូលចិត្តរសជាតិរបស់វា ប៉ុន្តែក៏នៅមានអ្នកមួយចំនួនទៀត មិនចូលចិត្តវាដែរ ព្រោះវាអាចនឹងបណ្តាលឲ្យឡើងទម្ងន់ ឡើងជាតិស្ករ និងអាចមានបញ្ហាឡើងសម្ពាធឈាមទៀតផង។

ខាងក្រោមនេះជាហេតុផលបញ្ជាក់មួយចំនួន ៖

# វាមានជាតិកាឡូរីច្រើនលើសលុប

ជាទូទៅ នំសែនព្រះខែ ធ្វើឡើងពីម្សៅ ស្ករ ប៊ឺរ ប្រេងបន្លែ និងស្នូលសណ្តែក ដែលមានជាតិស្ករខ្ពស់។ ជាធម្មតា នំសែនព្រះខែរសជាតិសណ្តែកក្រហមមួយ (៦០ ក្រាម) ផ្ទុកដល់ទៅ ២៧០ កាឡូរី សឹងតែស្មើនឹងបាយមួយបានគោមទៅហើយ។ រីឯ នំសែនព្រះខែស្នូលធូរេន ផ្ទុកដល់ទៅ ៨០០ កាឡូរី (សឹងតែស្មើនឹងបាយ ២ ចានកន្លះ)។ ជាងនេះទៅទៀត ស៊ុតក្រហម ដែលមាននៅក្នុងនំសែនព្រះខែ ក៏មានជាតិខ្លាញ់ខ្ពស់ដែរ ដែលផ្ទុករហូតដល់ទៅ ៤២០ កាឡូរី ឯណោះ។

# វាផ្ទុកជាតិស្ករ និងជាតិខ្លាញ់មិនល្អច្រើន

បន្ថែមពីជាតិកាឡូរី នំសែនព្រះខែ មានផ្ទុកទៅដោយជាតិស្ករ និងជាតិខ្លាញ់ ច្រើនជាងបាយទៅទៀត។ មនុស្សម្នាក់ៗ អាចទទួលទានជាតិស្ករ មិនឲ្យលើសពី ១០ ស្លាបព្រាកាហ្វេ ក្នុងមួយថ្ងៃឡើយ ប៉ុន្តែស្តង់ដារ នំសែនព្រះខែ មានផ្ទុកជាតិស្ករប្រមាណ ១៦ ស្លាបព្រាកាហ្វេ និងជាតិខ្លាញ់ប្រហែល ១១ ស្លាបព្រាកាហ្វេឯណោះ! អ្នកដែលចូលចិត្តទទួលទានវាច្រើន អាចប្រឈមមុខនឹងជំងឺបេះដូង ទឹកនោមផ្អែម លើសឈាម លើសទម្ងន់ និងដាច់សរសៃឈាមខួរក្បាលជាដើម។

# មានរសជាតិ និងពណ៌សិប្បនិម្មិត

ក្រៅពីនំសែនព្រះខែ បែបប្រពៃណី ដែលមានតែគ្រាប់ឈូក គ្រាប់សណ្តែកនោះ សព្វថ្ងៃនេះ ក៏មាននំសែនព្រះខែ ដែលមានពណ៌ និងរសជាតិប្លែកៗជាច្រើនផ្សេងទៀត។ វាជាគំនិតច្នៃប្រឌិតថ្មី ដើម្បីភាពទាក់ទាញ និងមានពណ៌យ៉ាងស្រស់ស្អាត គួរឲ្យចង់ញ៉ាំ ជាពិសេស ក្មេងៗតែម្តង។ ប៉ុន្តែ អ្នកត្រូវអានស្លាកសញ្ញានៅលើនំ មុននឹងទិញជាមុនសិន ដើម្បីចង់ដឹងថាតើ វាមានផ្ទុករសជាតិ និងពណ៌សិប្បនិម្មិតដែរឬទេ ព្រោះវាអាចនឹងបង្កជាជំងឺដល់រាងកាយ របស់អ្នកបាន។

តែទោះជាយ៉ាងណាក៏ដោយ ថ្ងៃនេះ យើងនឹងប្រាប់ពីវិធីទទួលទាន នំសែនព្រះខែ ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងនូវបញ្ហាសុខភាព ដូចខាងក្រោមនេះ ៖ 

១. ចែករំលែកជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ

នំសែនព្រះខែ មិនត្រូវបានអនុញ្ញាត ឲ្យទទួលទានច្រើនពេកឡើយ។ ហេតុនេះ នៅរាល់ពេលដែលអ្នក ចង់បរិភោគនំសែនព្រះខែ អ្នកគួរតែកាត់នំនោះ ជាចំណែកតូចៗ រួចចែករំលែកជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ទើបជាការល្អ។ ការធ្វើបែបនេះ គឺដើម្បីចៀសវាងការស្រូបយក ជាតិខ្លាញ់ និងជាតិស្ករ ហួសកម្រិត ទៅក្នុងរាងកាយ។

២. មិនត្រូវទទួលទានជំនួសបាយទាំង ៣ ពេលឡើយ

មនុស្សមួយចំនួន បានជំនួសអាហារពេលព្រឹក ដោយការបរិភោគនំសែនព្រះខែ។ ប៉ុន្តែ នំសែនព្រះខែ មានផ្ទុកជាតិស្ករច្រើន ហេតុនេះ ប្រសិនបើអ្នកទទួលទានវា ជំនួសអាហារពេលព្រឹក នោះកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នក នឹងកើនឡើង។ ជាលទ្ធផល នៅពេលថ្ងៃ អ្នកនឹងបាក់កម្លាំង និងចង់ទទួលទានតែអាហារណាផ្អែមៗ បន្ថែមទៀត។ ការទទួលទាន នំសែនព្រះខែ ជាបង្អែមលាងមាត់ ក្រោយបាយទើបជាការល្អប្រសើរ។

៣. កាត់បន្ថយការទទួលទានសារជាតិកាបូអ៊ីដ្រាត

អ្នកដែលមានបញ្ហាឡើងទម្ងន់ ត្រូវកាត់បន្ថយការទទួលទាន បាយ និងអាហារខ្លាញ់ផ្សេងៗ ប្រសិនបើអ្នកបរិភោគនំសែនព្រះខែ ដើម្បីរក្សាតុល្យភាពអាហាររូបត្ថម្ភក្នុងរាងកាយប្រចាំថ្ងៃ។ ជាពិសេស អ្នកដែលមានបញ្ហារំលាយអាហារ ស្ទះសរសៃឈាម និងអ្នកជំងឺទឹកនោមផ្អែម ត្រូវទទួលទាននំសែនព្រះខែ ក្នុងបរិមាណតិចបំផុត។ 

៤. ផឹកតែ

តែបៃតង និងតែជីអង្កាម អាចជួយរំលាយជាតិស្ករ និងជួយកាត់បន្ថយរសជាតិ ផ្អែមមុតបានយ៉ាងមានប្រសិទ្ធភាព ជាពិសេស ទឹកតែ ជាដៃគូរបស់នំសែនព្រះខែ ដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់ថែមទៀត។ ទឹកតែមិនត្រូវក្តៅលើសពី ៧០ អង្សាសេឡើយ បើមិនដូច្នោះទេ កំដៅក្តៅខ្លាំងរបស់តែ អាចបំផ្លាញវីតាមីន C និងអាស៊ីត Catechinic ដែលមានក្នុងស្លឹកតែបាន។

៥. ញ៉ាំលាយជាមួយបន្លែ

នំសែនព្រះខែ មានជាតិស្ករ និងជាតិប្រេង កម្រិតខ្ពស់ ហេតុនេះអ្នកមិនត្រូវទទួលទានឲ្យលើសពី ១០០ ក្រាមក្នុងមួយថ្ងៃទេ។ ក្នុងករណីអ្នកចង់ទទួលទានក្នុងបរិមាណច្រើន អ្នកគួរបរិភោគជាមួយបន្លែស្រស់ និងគ្រាប់ធញ្ញជាតិ ដែលអាចជួយរំលាយជាតិស្ករ និងកាត់បន្ថយជាតិកាឡូរី បានទៀតផង។

៦. កុំភ្លេច ក្រូចថ្លុង!

ក្រូចថ្លុង ជាផ្លែឈើមួយប្រភេទដែល មានជាតិវីតាមីន C ខ្ពស់។ វាត្រូវបានមនុស្សជាច្រើន ស្គាល់ថាជា ផ្លែឈើដែលអាចជួយកាត់បន្ថយកម្រិត កូឡេស្តេរ៉ូល និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន។ ហេតុនេះ អ្នកគួរទទួលទានក្រូចថ្លុង ជាមួយនំសែនព្រះខែ ទើបជាការល្អ។

គួរបញ្ជាក់ផងដែរថា នំសែនព្រះខែ មានបីប្រភេទគឺ ប្រភេទសំបកដុត ប្រភេទសំបកទន់ដូចព្រិល និងប្រភេទសំបកស្តើងស្រួយ។ ក្នុងចំណោម នំទាំងបីប្រភេទនេះ នំប្រភេទសំបកទន់ដូចព្រិល ជាជម្រើសល្អបំផុតសម្រាប់សុខភាព៕ 

ប្រភេទ៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វិធីទទួលទាន “នំសែនព្រះខែ” ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាសុខភាពផ្សេងៗ

វិធីទទួលទាន “នំសែនព្រះខែ” ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាសុខភាពផ្សេងៗ

វិធីទទួលទាន “នំសែនព្រះខែ” ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាសុខភាពផ្សេងៗ

វិធីទទួលទាន “នំសែនព្រះខែ” ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាសុខភាពផ្សេងៗ