ឈី​ន រតនៈ ក្លាយជា​សមាជិក​ផលិតកម្ម​ហង្ស​មាស​ឬ ?

រាជធានី​ភ្នំពេញ ៖ កញ្ញា​ឈី​ន រតនៈ ដែល​ជា​បេ​ក្ខ​នារី​កម្មវិធី​ដឹ​វ៉​យ​ខេ​ម​បូ​ឌា​រដូវ​កាល​ទី​២ ឆ្លង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​មាន​សន្ទុះ​គាំទ្រ​ខ្លាំង ព្រោះ​ទស្សនិកជន​យល់​ថា នាង​មាន​ទេព​កោសល្យ​ល្អ​។ ថ្មី​ៗ​នេះ​លេចឮ​ព័ត៌មាន​ថា កញ្ញា​ឈី​ន រតនា បាន​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ហង្ស​មាស តែ​ផលិតកម្ម​នៅ​មិន​ទាន់​ចង់​ឲ្យ​ទម្លាយ​ព័ត៌មាន​នេះ​ទេ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា កញ្ញា​ឈី​ន រតនៈ ដែល​មាន​ទឹកដម​សំឡេងក្រអួន​ក្រអៅ​ត្រូវ​ផលិតកម្ម​ហង្ស​មាស​ចរចា​រួចរាល់​ហើយ​សម្រាប់​ផ្តល់​ឱកាស​ជា​តារាចម្រៀង ។ ឈី​ន រតនៈ មិន​តម្រូវ​ឱ្យ​ចូល​ជា​សមាជិក​របស់​ផលិតកម្ម​ហង្ស​មាស ឬ​រស្មី​ហង្ស​មាស​ទេ ប៉ុន្តែ​ឲ្យ​ចូល​ក្នុង​ផលិតកម្ម​វី​ប្រូ​ដាក​សិន​ជា​សាខា​របស់​ហង្ស​មាស ។

ឈី​ន រតនៈ បាន​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​វី​ប្រូ​ដាក​សិន​រយៈពេល​៥​ឆ្នាំ ហើយ​នាង​ថត​បទ​ចម្រៀង​បាន​ប៉ុន្មាន​បទ​រួច​ហើយ និង​ត្រៀម​ថត​បែប​អឹ​ម​វី​ទៀត ។ ផលិតកម្ម​ពេញចិត្ត​ទឹកដម​សំឡេង និង​ទេព​កោសល្យ​របស់​ឈី​ន រតនៈ ដោយ​ច្រៀង​បាន​ទាំង​បទ​ជំនាន់​អ្នកស្រី​រស់ សេរី​សុទ្ធា និង​បទ​បែប​សម័យ​បច្ចុប្បន្ន ។ មិនតែប៉ុណ្ណោះ​រតនៈ​អាច​ច្រៀង​ជា​ភាសា​អង់គ្លេស​បាន​ទៀត​ផង ។

កញ្ញា​ឈី​ន រតនៈ បាន​បណ្តែត​ជីវិត​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ច្រៀង​ពេល​យប់​នៅ​តាម​ភោជនីយដ្ឋាន​ពី​មួយ​ទៅ​មួយ ។

ស្រី​ស្រស់​តូច​ច្រឡឹង​ឈី​ន រតនៈ តស៊ូ​ចិញ្ចឹមជីវិត ព្រមទាំង​ចិញ្ចឹម​ម្តាយ​ដែល​ជា​ស្ត្រី​មេម៉ាយ​បែកបាក់​ស្វាមី​ច្រើន​ឆ្នាំ​មក​ហើយ ។

កិច្ចសន្យា​នៅ​ផលិតកម្ម​វី​ប្រូ​ដា​កសិននោះ កញ្ញា​ឈី​ន រតនៈ និយាយ​ថា «​នាង​ខ្ញុំ​សុំ​មិន​ទាន់​និយាយ​រឿង​នេះ​បាន​ទាំងស្រុង​ទេ ព្រោះ​ជា​គោលការណ៍​របស់​ក្រុមហ៊ុន ដូច្នេះ​សូម​បងប្អូន​ទាំងអស់​រង់ចាំ​តាមដាន​ព័ត៌មាន​នេះ ព្រោះ​ធានា​ថា​នៅ​ពេល ឆាប់​ៗ​នេះ​នាង​ខ្ញុំ​នឹង​មាន​អ្វី​ប្លែក​ក្នុង​ពិភព​សិល្បៈ​ចម្រៀង ក្រោយ​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​នៅ​ទូរទស្សន៍​ហង្ស​មាស​មក ។ សម្រាប់​នាង​ខ្ញុំ​ការ​ចូល​ច្រៀង​ជា​តារា​ជាប់កិច្ចសន្យា​របស់​ហង្ស​មាស គឺ​ពេញចិត្ត​បំផុត ហើយ​ក៏​ចាត់​ទុក​ថា​ជា​ឱកាសល្អ​ក្នុង​ជីវិត ព្រោះ​នាង​ខ្ញុំ​តែងតែ​ស្រមៃ​ចង់​ក្លាយជា​តារា​ហង្ស​មាស​នេះ​ណាស់​នៅ​ពេល​ដែល​នាង​ខ្ញុំ​បានឃើញ​បង​ៗ​ជំនាន់​មុន​គាត់​ល្បីល្បាញ ហើយ​តែងតែ​លួច​ស្រឡាញ់​និង​យល់​ថា​ហង្ស​មាស​គាត់​ពូកែ​ណាស់ ល្បី​យូរ​មក​ហើយ​នៅ​តែ​រក្សា​កេរ្តិ៍ឈ្មោះ​បាន​ដដែល នេះ​មក​ពី​មាន​ធនធាន​ល្អ ។

ដោយសារ​តែ​គោរព​គោលការណ៍​ថ្នាក់លើ​នាង​ខ្ញុំ​សុំ​មិន​បកស្រាយ​អ្វី​ឡើយ ហើយ​ក៏​សុំ​ចិត្ត​បងប្អូន​យើង​យោគយល់​ខ្លះ​ដែរ ព្រោះ​នាង​ខ្ញុំ​ទើបតែ​មានមុខមាត់​ក្នុង​ពិភព​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​នេះ​បាន​មក​ពី​វេទិកា​ហង្ស​មាស​ទើប​ធ្វើ​អ្វី​គោរព​មេ​កើយ ។ សម្រាប់​ការងារ​សិល្បៈ​ពេល​នេះ​គឺ​រវល់​ច្រើន​ណាស់ ពិសេស​ខន​សឺត ធំ​ៗ​ដែល​ហង្ស​មាស​រៀបចំ​ជូន​ជាមួយ​តារា​ជា​ច្រើន​ទៀត ព្រមទាំង​ការ​បង្ហាញ​វត្ត​មាននៅ​លើ​កញ្ចក់​ទូរទស្សន៍​នានា​ជាដើម ។ អ្វី​ដែល​នាង​ខ្ញុំ​បារម្ភ​ពេល​នេះ​គឺ​លើ​សុខភាព​ចេះ​តែ ខ្សោយ​ៗ​គ្រា​ដែល​មិន​បាន​សម្រាក​ឲ្យ​គ្រប់គ្រាន់ ហើយ​នាង​ខ្ញុំ​កំពុង​តែ​ហ្វឹកហាត់​ក្បាច់​រាំ​ធ្វើ​យ៉ាងណា​ឲ្យ​ល្អ​បន្ត​ទៀត​ងាយស្រួល​សម្តែង​លើ​ឆាក​»៕