ម៉ា ច័ន្ទ​បញ្ញា ៖ ​5​ឆ្នាំ​ទៀតបទ​ចម្រៀង​ចម្លង​ពី​បរទេស​នឹង​លែង​មាន

រាជធានី​ភ្នំពេញ ៖ ដោយ​មាន​ជំនឿ​ថា អំឡុង​ពេល​នេះ​បទ​ចម្រៀង​មិន​ចម្លង​ពី​បរទេស​កាន់តែ​មានការ​គាំទ្រ​ពី​មហាជន​ខ្លាំង​ឡើង​នោះ លោក​ម៉ា ច័ន្ទ​បញ្ញា ជា​អ្នកចម្រៀង​និង​ជា​អ្នកនិពន្ធ​វ័យក្មេង រំពឹង​ថា​យ៉ាង​យូរ​៤​ទៅ​៥​ឆ្នាំ​ទៀត​បទ​ចម្រៀង​ខ្មែរ​នឹង​ល្បី​ដូច​បរទេស ពិសេស​លេង​ចម្លង​ពី​បរទេស ។

ដោយ​ការ​ជឿជាក់​ចំពោះ​បទ​ចម្រៀង​ថ្មី​មិន​ចម្លង​តាម​គេ​នោះ លោក​ម៉ា ច័ន្ទ​បញ្ញា លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ខ្មែរ​អាច​នឹង​បំបាត់​ការ​លួច​ចម្លង​ស្នាដៃ​ពី​បរទេស​បាន​ក្នុង​អំឡុង​៥​ឆ្នាំ​ខាង​មុខ បើ​សន្ទុះ​នៃ​ការ​គាំទ្រ​កាន់តែ​ច្រើន​ស្រប​ពេល​ដែល​អ្នកនិពន្ធ​មាន​ឆន្ទៈ​ក្នុង​ការ​និពន្ធ​បទ​ថ្មី ។ ការ​អះអាង​បែប​នេះ​ក្រោយ​ពី​ឃើញ​បទ​ចម្រៀង​និពន្ធ​ដោយ​អ្នកនិពន្ធ​វ័យក្មេង​មួយ​ចំនួន​ទទួល​បានការ​គាំទ្រ​ពី​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ ។

លោក​ម៉ា ច​ន្ទ័​បញ្ញា ជា​អ្នកចម្រៀង​ផ្ដោត​លើ​បទ​និពន្ធ​ថ្មី​និយាយ​ថា «​ក្នុង​រយៈពេល​៥​ឆ្នាំ​នេះ​បទ​ចម្រៀង​និពន្ធ​ថ្មី​មានការ​ពេញ​និយម​ខ្លាំង ហើយ​ខ្ញុំ​រំពឹង​ថា​រយៈពេល​៥​ឆ្នាំ​ទៀត​បទ​ចម្រៀង​ថ្មី​របស់​កម្ពុជា​អាច​ធ្វើ​បាន​ដើម្បី​ប្រកួតប្រជែង​និង​ចេញ​ទៅ​ក្រៅប្រទេស​កាន់តែ​ច្រើន ។ ការ​និពន្ធ​បទ​ចម្រៀង​ថ្មី​ប្រៀប​បាន​ទៅ​នឹង​ការ​ទុក​មរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ដែល​មិន​ខុស​ពី​តារាចម្រៀង​ជើង​ចាស់​ក្នុង​ទសវត្សរ៍​ទី​៦០​និង​៧០​ទេ ដែល​ពួក​គាត់​បាន​បន្សល់​ទុក​បទ​ចម្រៀង ល្អ​ៗ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។ ដូច្នេះ​ខ្ញុំ​ស្នើ​អ្នកនិពន្ធ​បង្កើត​ស្នាដៃ​និពន្ធ​ថ្មី​ប្រកបដោយ​គុណភាព និង​បរិមាណ​ឲ្យ​កាន់តែ​ច្រើន​ឡើង ។ ដោយសារ​បច្ចេកវិទ្យា​មានការ​ជឿនលឿន​ច្រើន ទើប​បទ​ចម្រៀង​ថ្មី​កាន់តែ​មាន​សន្ទុះ និង​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ចង់បាន​អ្វី​ដែល​ថ្មី ។ ខ្ញុំ​ក៏​ស្នើ​ឲ្យ​អ្នក​វិនិយោគ​លើ​ផ្នែក​ផលិត​បទ​ចម្រៀង និង​ផ្នែក ផ្សេង​ៗ​ទៀត​ជួយ​គាំទ្រ​លើក​ស្ទួយ​ស្នាដៃ​សិល្បៈ​ដែល​ជា​ស្នាដៃ​ថ្មី​កើតឡើង​ដោយ​កូន​ខ្មែរ​ដើម្បី​ឲ្យ​មាន​ស្ថិរភាព​ក្នុង​ការ​បង្កើត​បទ​ចម្រៀង​ថ្មី » ។

ថ្មី​ៗ​កន្លង​មក​លោក​ម៉ា ច័ន្ទ​បញ្ញា​ទើប​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​ចូលរួម​កម្មវិធី YES Academy ASEAN ដែល​រៀបចំ​ដោយ​ស្ថានទូត​អា​មេ​រិ​ក ។ លោក​បញ្ញា​ត្រូវ​ស្ថាន​ទូត​អា​មេ​រិ​ក​ជ្រើសរើស​ឲ្យ​ទៅ​ចូលរួម​កម្មវិធី​នោះ​ក្នុង​នាម​ជា​តំណាង​កម្ពុជា ក្នុង​នាម​ជា​អ្នកចម្រៀង និង​និពន្ធ​ទំនុកច្រៀង​។​ម្ចាស់​បទ «​ម្ចាស់​គ្រង​សុបិន​ស្នេហ៍​» លោក​បញ្ញា​ឱ្យ​ដឹង​ថា​៖ កម្មវិធី YES Academy ASEAN គឺជា​កម្មវិធី​មួយ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​សិល្បៈ ជា​ពិសេស​គឺ​ផ្ដោត​ទៅ​លើ​សិល្បៈ​តន្ត្រី​តែ​ម្ដង ។ កម្មវិធី​សិល្បៈ​នេះ​រៀបចំ​ដោយ​ស្ថានទូត​អា​មេ​រិ​ក​ក្នុង​គោលបំណង​ឲ្យ​ប្រទេស​អាស៊ាន​ទាំងអស់​បាន​ឈ្វេងយល់ និង​សិក្សា​ពី​សិល្បៈ​តន្ត្រី​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំងមូល ។

លោក​ម៉ា ច​ន្ទ័​បញ្ញា និយាយ​ថា «​ការ​ចេញ​ទៅ​លើក​នេះ​ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​កាន់តែ​ច្រើន សិក្សា​បាន​ច្រើន​អំពី​ការ​តែង​និពន្ធ ក៏​ដូច​ជា​បង្ហាញ​នូវ​អ្វី​ដែល​ជា​សិល្បៈ​របស់​កម្ពុជា​ទៅ​កាន់​បរទេស​ឲ្យ​គេ​បាន​ស្គាល់​កាន់តែ​ច្បាស់​នូវ​ភាព​ស្រស់​ស្អាត និង​រស់​រវើក​របស់​សិល្បៈ​ខ្មែរ​ផង​ដែរ​» ៕