សែន​យូរ​ៗ​ទៅ​លែង​ត្រូវ នាំ​គ្នា​ចុះ​ព័ទ្ធ​តែ​ម្តង

ខេត្តបន្ទាយមានជ័យ ៖ សមត្ត​កិច្ច​ចម្រុះ​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ធ្វើការ​ឡោម​ព័ទ្ធ​ឃ្លាំង​១​កន្លែង ជិត​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុ​ម​ម៉ា​ឡៃ ចូល​ឆែកឆេរ​រក​ឃើញ​ឈើ​ចម្រុះ​ជិត​១០០​ដុំ ធុង​ដាក់​ប្រេងឆា​ចំនួន​៣៧​ធុង ។

លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​សម្រុកចូល​ធ្វើការ​ឆែកឆេរ គឺ​ម្ចាស់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល តែ​គេ​បាន​ស្គាល់​ថា​ម្ចាស់​ឈ្មោះ តឹក ប៊ុ​ន​ធឿ​ន ហៅ តុល រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។ កម្លាំង​ចម្រុះ​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​មាន​ឈើ​ចម្រុះ​មាន​ចំ​នួ​៩៣​ដុំ និង​គល់​ដើមឈើ​ធ្នង់​ជា​ច្រើន​គល់ ព្រមទាំង​រក​ឃើញ​មាន​ធុង​ដាក់​ប្រេងឆារ​ចាស់​ៗ​ចំនួន​៣៧​ធុង ដែល​ផលិត​ប្រេងឆា​ក្លែងក្លាយ​នាំ​ចេញ​លក់ ។

លោក ស៊ី​អឺ ណា​បុត្រ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយ មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ឃ្លាំង​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប និង​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ឈើ​ចម្រុះ​៩៣​ដុំ​នេះ​ជា​ប្រភេទ​ឈើ​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ និង​ឈើ​មួយ​ចំនួន​សម្រាប់​នាំ​ចូល​ទៅ​ប្រទេស​ថៃ ។ តាម​ការ​ពិនិត្យ​មើល​ស្ថានភាព និង​ស្រាវជ្រាវ​ឃ្លាំង​១​កន្លែង​នេះ​ជា​កន្លែង​ស្តុក​ឈើ​សម្រាប់​នាំ​ចូល និង​នាំ​ចេញ ហើយ​ក៏​ជា​ដែល​រកស៊ី​យូរ​មក​ហើយ​ដែរ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ឃ្លាំង​១​កន្លែង​នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​មាន​ម្ចាស់​ឈ្មោះ តឹក ប៊ុ​ន​ធឿ​ន ហៅ តុល គឺ​ស្តុក​ឈើ និង​ទំនិញគេចពន្ធ​ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ គឺ​បាន​សែនព្រេន​ដល់​សមត្ថកិច្ច​ជំនាញ​ជា​យូរណាស់​មក​ហើយ ពេល​នេះ​ប្រហែលជា​សែន​លែង​ត្រូវ​ហើយ​មើលទៅ ទើប​សមត្ថកិច្ច​ជំនាញ​ចុះ​មក​បង្ក្រាប និង​បិទ​ឃ្លាំង​តែ​ម្តង ៕