មិន​គួរ​ឲ្យ​ជឿ ! រដូវ​កាន់បិណ្ឌ បែរជា​វត្ត​ពុ​ទ្ឋា​ខ្វះ​ចង្ហាន់

ខេត្ត​ត្បូងឃ្មុំ ៖ ខណៈ​ដែល​រដូវ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​បាន​ចូល​មក​ដល់​កាលពី​ថ្ងៃ​០១​រោច ខែ​ស្រាពណ៍ ពុ​ទ្ឋ​ស័ក​រាជ​២៥៦០ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ កញ្ញា គ្រឹ​ស្ទ​ស័ក​រាជ ២០១៦ ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ គេ​សង្កេត​ឃើញ​ពុ​ទ្ឋ​បរិស័ទ​និង​ប្រជាពលរដ្ឋ​កាន់​ព្រះ​ពុ​ទ្ឋ​សាសនា​នៅ​ទូ​ទាំង​ប្រទេស​បាន​ជួបជុំ​គ្នា​សប្បាយ​រីករាយ​និង​នាំ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ទី​វត្ត​អារាម​នានា ដើម្បី​បង្សុកូល​រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​ដល់​ញាតិ​ការ​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​តាម​ទី​វត្ត​អារាម​នានា​ជា​និច្ចកាល គេ​តែងតែ​ឃើញ​មានការ​សម្បូរ​ចង្ហាន់​ដោយសារ​ជីវភាព​ពុ​ទ្ឋ​សាសនិកជន​មាន​ល​ទ្ឋ​ភាព​ធនធាន​ក្នុង​ការ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ឬ​ធ្វើបុណ្យ​ផ្សេង​ៗ​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ ប៉ុន្តែ​ក៍​មាន​វត្ត​មួយ​ចំនួន​តូច​ដែល​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មានការ​ខ្សត់ខ្សោយ​ចង្ហាន់ ។

ជាក់ស្តែង​វត្ត​ពុ​ទ្ឋា ដែល​មាន​ទីតាំង​ភូមិសាស្ត្រ ស្ថិត​នៅ​ក្នុង​ឃុំ​ចក ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ គឺ​មានការ​ខ្សត់ខ្សោយ​ចង្ហាន់​សម្រាប់​ព្រះសង្ឃ ។

នេះ​បើ​យោង​តាម​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Neay Troll» ដែល​សរសេរ​បង្ហោះ​កាលពី​យប់​ថ្ងៃ​ទី​១៧ កញ្ញា ២០១៦ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨​កញ្ញា​នេះ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ដើម្បី​បញ្ជាក់​បន្ថែម​បាន​ទេពី​មន្ត្រី​អាជ្ញាធរ​ដែនដី​ខេត្ត​ត្បូងឃ្មុំ ៕