នោះ​វីវរ​ហើយ ! ឡោម​ព័ទ្ធ​ខារ៉ាអូខេ​១​កន្លែង​នៅ​ភូមិ​៥

ខេត្តព្រៃវែង ៖ កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង​បាន​ឡោម​ព័ទ្ធ​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​ក្នុងភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ ។

លោក​អនុសេនីយ៍ឯក ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ពី​បណ្តាញ​រាយការណ៍​មក​ថា មាន​យុវជន​មួយ​ក្រុម​កំពុង​លួច​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​នៅ​ក្នុង​តំបន់​អ្នក​លឿង លោក​ឧត្តមសេនីយ៍ត្រី ម៉ែ​ន ស៊ី​ប៊​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជា​អ​ឲ្យ​លោក​វរសេនីយ៍ទោ គឹ​ម ផា​នី មេបញ្ជាការ​រង​ទទួល​ការងារ​យុត្តិធម៌ ដឹកនាំ​កម្លាំង​ស្រុក និង​ខេត្ត​ចំនួន​១២​នាក់ ចុះ​ទៅ​បង្ក្រាប​ភ្លាម​ៗ ដោយ​លើក​ទី​១​បាន​ឃាត់ខ្លួន​បាន​យុវជន​ម្នាក់​ឈ្មោះ អុល និ​ត អាយុ​២១​ឆ្នាំ នៅ​ចំណុច​រង្វង់​មូល​អ្នក​លឿង ក្នុងភូមិ​៤ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ និង​ដកហូត​បាន​ថ្នាំ​ញៀន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​២​កញ្ចប់​តូច ។

លោក ផាត់ សុ​ជោ​ត បាន​បន្ត​ថា ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន​បាន​យុវជន អុល និ​ត បាន​ឆ្លើយ​សារភាព​ថា រូបគេ​មាន​បក្សពួក​ចំនួន​៤​នាក់​ទៀត ដែល​កំពុង​ផឹកស៊ី​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​១​កន្លែង​ក្នុងភូមិ​៥ ទើប​កម្លាំង​អាវុធហត្ថ​តាម​ទៅ​ឡោម​ព័ទ្ធ​ហាង​ខារ៉ាអូខេ​នោះ និង​ក្រសោប​បាន​បក្សពួក​របស់​គេ​៤​នាក់​ទៀត រួម​ទាំង​ក្មេង​ប្រុស​ម្នាក់​ដែល​កំពុង​តែ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​រង់ចាំ​ឈ្មោះ អុល និ​ត លក់​ថ្នាំ​បាន​យក​លុយ​ទៅ​ឲ្យ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់ និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១​ផង ។

ក្រោយ​ពី​បង្ក្រាប​បាន​ក្រុម​អ្នក​ចែកចាយ​ថ្នាំ​ញៀន​១​សំបុក​នេះ កម្លាំង​អាវុធហត្ថ​នាំ​យក​ទាំង​មនុស្ស និង​វត្ថុ​តាង​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕