៥​ម៉ោង​ទៀត ទឹក​លិច​តំបន់​បឹង​ត្របែក​នឹង​ស្រក​អស់

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ស្រង់​ប្រសាសន៍​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៥​ម៉ោង​ទៀត ទឹក​លិច​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​បឹង​ត្របែក ពិសេស​ទឹក​ប្រឡាយ​១០៥ ពី​ពេទ្យ​ចិន​ទៅ​បឹង​ត្របែក​នឹង​ស្រក​វិញ​ហើយ ។

បើ​តាម​លោក សាំ ពិសិដ្ឋ ទឹក​ហូរ​យឺត​នេះ​ដោយសារ​ស្ថានីយ៍​បឹង​ត្របែក​កំពុងធ្វើការ​ជួសជុល​កែ​លម្អ ហើយ​ថា​នៅ​ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​ខិតខំ​យ៉ាង​មមាញឹក ដើម្បី​អន្តរាគមន៍​បញ្ចៀស​ទឹក​លិច​ដោយ​មាន​ម៉ាស៊ីន​ម៉ូ​ទ័​រ​បូមទឹក​ចំនួន​៥​គ្រឿង បាន​និង​កំពុង​បូមទឹក​នៅ​ស្ថានីយ៍​បឹង​ត្របែក ហើយ​ថា​៥​ម៉ោង​ទៀត​ទឹកនឹង​ស្រក​អស់ហើយ ៕