លោក Duterte សន្យា​ធ្វើ​ឲ្យ​អាស៊ាន​លេចធ្លោ ខណៈ​ខ្លួន​នៅតែ​បន្ត​មាន​បញ្ហា​ជាមួយ​ដៃគូ​អាស៊ាន​ និពន្ធដោយ : ទេព អ៊ីវិសាល       September-18-2016, 11:41 am         143

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte សន្យា​ធ្វើ​ឲ្យ​អាស៊ាន​លេចធ្លោ ខណៈ​ខ្លួន​នៅតែ​បន្ត​មាន​បញ្ហា​ជាមួយ​ដៃគូ​អាស៊ាន​​ហ្វីលីពីន នឹង​ធ្វើជា​ប្រធាន​វិលជុំ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អា​គ្នេ​ហ៍ ដែល​ហៅថា​អាស៊ាន​នៅ​ឆ្នាំ​២០១៧​ខាងមុខនេះ បន្ទាប់ពី ឡាវ​។ តាមរយៈ​កាតព្វកិច្ច​ដែល​បាន​បញ្ញត្តិ​នៅក្នុង​ធម្មនុញ្ញ​របស់​អាស៊ាន​នេះ លោក​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​សន្យាថា លោក នឹងធ្វើ​ឲ្យ​អាស៊ាន លេចធ្លោ​ក្នុង​ឆាក​អន្តរជាតិ​ក្រោម​ការដឹកនាំ​ដោយផ្ទាល់​របស់លោក​។ តែ​វា នៅតែ​ជា​ចំណោទបញ្ហា​ថា​តើ លោក នឹង​រៀបចំ​កិច្ចប្រជុំ​ដូច​ទៅនឹង​របៀបវារៈ​អាស៊ាន​ឬ​យ៉ាងណា ដ្បិត កាលពី​កិច្ចប្រជុំ​នៅក្នុង​ក្រុង​វៀងចន្ទន៍ លោក បាន​អវត្តមាន​មិន​ចូលរួម​កិច្ចប្រជុំ​មួយចំនួន​ពាក់ព័ន្ធ​របស់​អាស៊ាន​ហើយ​នោះ​?

​ចាប់ពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៧ តទៅ ហ្វីលីពីន នឹង​ក្លាយជា​ប្រធាន​វិលជុំ​អាស៊ាន​ជា​ផ្លូវការ​ហើយ​។ ជា​ប្រធាន​អាស៊ាន​ឆ្នាំក្រោយ ហ្វីលីពីន មិន​ត្រឹមតែ​ជា​អ្នកសម្របសម្រួល​សម្រាប់​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​អាស៊ាន​លើក​ទី​៣០ និង​៣១​នោះទេ តែ ហ្វីលីពីន ក៏មាន​កាតព្វកិច្ច​ក្នុងការ​រៀបចំ កម្មវិធី​សម្រាប់​ខួប​លើក​ទី​៥០​របស់​អាស៊ាន ដែលជា​ពេល​កំណត់​មួយ​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការបង្កើត​អាស៊ាន​នោះ​។ ទោះ​តិច ឬ​ច្រើន ហ្វីលីពីន ត្រូវមាន​កា​ត្វ​កិច្ច បង្ហាញ​ពី​លក្ខណៈពិសេស​សម្រាប់​ឱកាស​មួយ​នេះ​ទៅកាន់​បណ្តា​សមាជិក​អាស៊ាន ក៏ដូចជា​ដៃគូ​ផ្សេងទៀត​របស់​អាស៊ាន ដ្បិត ហ្វីលីពីន ក៏​ជា​ស្ថាបនិក​របស់​អាស៊ាន​ក្នុង​ឆ្នាំ​១៩៦៧​ផងដែរ​។

​ក្នុង​ថ្ងៃ​ដែល​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ទទួល​ញញួរ​ជា​ប្រធាន​អាស៊ាន​ពី​ឡាវ​ក្រោយពេល​ក្រោយពេល​បញ្ចប់​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​២៨ និង​លើក​ទី​២៩ នៅ​ប្រទេស​ឡាវ នៅ​ថ្ងៃទី​០៨​ខែ កញ្ញា​នោះ លោក ក៏បាន​ប្រកាស​ពី​របៀបវារៈ​ដែរ ហើយ​នោះ​គឺ​ភាពជា​ដៃគូរ​ការផ្លាស់ប្ដូរ ការចូល​រួមជាមួយ​ពិភពលោក គឺជា​មូលបទ​របស់​ហ្វីលីពីន ក្នុងនាម​ជា​ប្រធាន​អាស៊ាន​។ បន្ថែម​ពីនេះ លោក ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា «​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន ហ្វីលីពីន​នឹងធ្វើ​ឲ្យ​អាស៊ាន​លេចធ្លោ​ជា​គំរូ​នៃ​តំបន់​និយម និង​ជា​តួអង្គ​សកលលោក ដោយ​ចាត់ទុក​ផលប្រយោជន៍​របស់​ប្រជាជន​ជា​ស្នូល​»​។​

​យ៉ាងណាក៏ដោយ ឥរិយាបថ​របស់លោក​ប្រធានាធិបតី​រូបនេះ បាននិងកំពុង​តែ​ក្លាយ​ចំណោទបញ្ហា​ថា​តើ​លោក ត្រៀមខ្លួន​បែបណា ដ្បិត វត្តមាន​របស់លោក​ក្នុង​កិច្ចប្រជុំ​ជា​លើកដំបូង​ក្នុងនាម​ជា​ប្រធានាធិបតី​ហ្វីលីពីន បានធ្វើ​ឲ្យ​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏ដូចជា​មេដឹកនាំ​ប្រទេស​ផ្សេងទៀត ចាប់អារម្មណ៍​ខ្លាំង​រួចទៅហើយ​។ ហើយ​នោះ​គឺ លោក​ប្រធានាធិបតី​រូបនេះ ហាក់ដូចជា​មិនសូវ​ពេញចិត្ត​ដៃគូ​សំខាន់​របស់​អាស៊ាន រួមមាន​សហរដ្ឋអាមេរិក និង​អង្គការសហប្រជាជាតិ​ដែលជា​និច្ចការ​តែងតែ​រិះគន់​រដ្ឋបាល​លោក​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ដ៏​មាន​ប្រជាប្រិយភាព​របស់លោក​នោះ​។

​លោក​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានគេច​មិន​ចូលរួម​ប្រជុំ​មេដឹកនាំ​អាស៊ាន និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន នៅ​ថ្ងៃទី​៧ ខែកញ្ញា ដោយ​លោក ឲ្យ​រដ្ឋមន្ត្រីការបរទេស​ចូលរួម​ជំនួស​។ បន្ថែម​ពីនេះ​ក្នុងអំឡុងពេល​នៃ​ការចូលរួម​កិច្ចប្រជុំ​អាស៊ាន​ដដែល​នោះ លោក ក៏​ថែមទាំង​ប្រើពាក្យ​អសុរោះ​ធ្ងន់ៗ​វាយប្រហារ​ទៅលើ​ប្រធានាធិបតី​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​តាម​សន្ធិសញ្ញា​របស់ខ្លួន​ជា​យូរ​មកហើយ​នោះ រហូត​ឈានដល់​ការលុបចោល​ជំនួប​ទ្វេភាគី​អាមេរិក​-​ហ្វីលីពីន​ទៀតផង​។

​និយាយ​ជារួម​ទៅ អ្វីដែល​គេ​ព្រួយបារម្ភ​ខ្លាំង​ក្នុងពេល​លោក​ប្រធានាធិបតី​ហ្វីលីពីន​ដឹកនាំ​អាស៊ាន​ក្នុងនាម​ជា​ប្រធាន​នោះ​គឺ ឥរិយាបថ​ការទូត​របស់លោក​នោះឯង​?