អចលនទ្រព្យ​កម្ពុជា​ស្ថិត​ក្នុងដំណាក់កាល​កែតម្រូវ​ទីផ្សារទាំង​បរិមាណ និង​តម្លៃ

រាជធានី​ភ្នំពេញ ៖ វិស័យ​អចលនទ្រព្យ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គូសបញ្ជាក់​ថា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​កែតម្រូវ​ទីផ្សារ​ទាំង​បរិមាណ ផ្គត់ផ្គង់ និង​តម្លៃ ។

អនុប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក ជា កុក​ហុង បាន​លើក​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​ថា តម្លៃ​នៃ​ប្រភេទ​អចលនទ្រព្យ​សំខាន់​ៗ​មាន​និន្នាការ​ថយ​ចុះ​ចាប់តាំងពី​ត្រីមាស​ទី​១​ឆ្នាំ​២០១៦ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ពី​បរទេស និង​សកម្មភាព​ទិញ​-​លក់​ក្នុងស្រុក​។ តួយ៉ាង តម្លៃ​ខុន​ដូ​ចេញ​លក់​ថ្មី​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៦ ក្នុង​១​ម៉ែត្រការ៉េ​ថ្លៃ​២.៨៤៣​ដុល្លារ តែ​មក​ដល់​ត្រីមាស​ទី​២​ឆ្នាំ​ដដែល ក្នុង​១​ម៉ែត្រការ៉េ​ថ្លៃ​១.៨២៣​ដុល្លារ ។

លើស​ពី​នេះ​ទៀត កំណើន​នៃ​ការ​លក់​អចលនទ្រព្យ​មួយ​ចំនួន​ត្រូវ​បាន​ប៉ាន់​ស្មានថា មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ។ ជាក់ស្តែង គិត​ត្រឹម​ខែមិថុនា​កន្លង​មក ការ​លក់​ខុន​ដូ​បាន​ធ្លាក់​ចុះ​៥០% និង​បុរី​ធ្លាក់​ចុះ​៣០% ។

តាម​រយៈ​ការ​ជួប​សម្ភាសន៍​ជាមួយ​អ្នក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ធំ​ៗ​ទាំង​៧​ក្នុងស្រុក លោក​ថា ៖ « បើ​ទោះបីជា​សកម្មភាព​ទិញ​លក់​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​ថយ​ចុះ​ក្តី តែ​កំណើន​នៃ​ការ​នាំ​ចូល​សម្ភារ​សំណង់​នៅ​តែ​មាន​កម្រិត​ខ្ពស់ ដោយសារ​គម្រោង​មួយ​ចំនួន​កំពុង​បន្ត » ។

វិស័យ​អចលនទ្រព្យ​កម្ពុជា ជា​សសរស្តម្ភ​សំខាន់​មួយ​ក្នុង​ចំណោម​សសរស្តម្ភ​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឱ្យ​កើនឡើង ។

តាម​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ប៉ែន សុផល បាន​ថ្លែង​ថា ៖ « ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​សម្រាប់​រយៈពេល​៨​ខែ​ឆ្នាំ​២០១៦​នេះ សរុប​ប្រមាណ​៧.២១៨​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​៤០៤,៣៤% ក្នុង​នោះ​មាន​ទាំង​ការ​វិនិយោគទុន​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ដូច​ជា ប្រទេស​ចិន ជប៉ុន កូរ៉េ សិង្ហ​បុរី ថៃ អង់គ្លេស ហូ​ឡង់ និង​អា​មេ​រិ​ក ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​សំណង់​ដែល​មក​ចុះបញ្ជី​នៅ​មាន​សុពលភាព​ក្នុង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ចំនួន​៨១២​ក្រុមហ៊ុន ក្នុង​នោះ​មាន​ក្រុមហ៊ុន ឬ​ជា​សាខា​ក្រុមហ៊ុន​មក​ពី​ក្រៅប្រទេស​ចំនួន​២៦៣​ក្រុមហ៊ុន » ។

តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ​ថា ក្នុង​រយៈពេល​៦​ខែ​កន្លង​មក គម្រោង​វិនិយោគ​ដែល​ក្រសួង​បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​សំណង់​នានា​មាន​ចំនួន​១.១៨៣​គម្រោង មាន​ផ្ទៃក្រឡា​សាងសង់​សរុប​រហូត​ដល់​១០,៥​លាន​ម៉ែត្រការ៉េ ក្នុង​នោះ​មាន​គម្រោង​ជា​ច្រើន​ដូច​ជា គម្រោង​លំនៅ​ឋាន រោងចក្រ ផ្សារ​ទំនើប អគារ​ស្នាក់​រួម រោងចក្រ​កាត់ដេរ និង​សណ្ឋាគារ ហើយ​គិត​ជា​ទុន​វិនិយោគ​មាន​ប្រមាណ​៦,៨៣៣​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ គឺ​មាន​កំណើន​ក្នុង​រង្វង់​៧៤៥% ៕