ខណៈនេះ​​ ប្រជាកសិករកំពុងបើកកំណាត់ផ្លូវជាតិលេខ៥ ​បន្ទាប់ពីមានការសន្យាដោះស្រាយ​ពីអភិបាលខេត្ត

ខេត្តបាត់ដំបង ៖​ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់​ ​ថ្ងៃ​ទី​១៨ កញ្ញា ​២០១៦ ​ប្រជា​កសិករ​បានបើកគោយន្តចេញពីលើកំណាត់ផ្លូវជាតិលេខ៥ ​ដើម្បីបើកដំណើរការចរាចរណ៍​​ឡើងវិញ​ហើយ​ បន្ទាប់លោក ច័ន្ទ សុផល ​អភិបាលខេត្តបាត់ដំបង​ចុះអន្តរាគមន៍ ​និងសន្យាថានឹងរកដំណោះស្រាយថ្លៃស្រូវ ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា​ ការតវ៉ាយកគោយន្តបិទកំណាត់ផ្លូវជាតិលេខ៥ ​នៅមុខ​សាលាឃុំ​កំពង់​ព្រៀង​ ស្រុក​សង្កែ នាព្រឹកមិញនេះ​ កើតឡើង​បន្ទាប់ពីប្រជាកសិករមួយចំនួនបានយកស្រូវទៅលក់​ឲ្យខាងសមាគមម៉ាស៊ីនកិនស្រូវរបស់លោកឧកញ៉ា ភូ ពុយ ​ដែលកាលពីពីរបីថ្ងៃមុនបានសន្យាជាមួយអាជ្ញាធរខេត្តបាត់ដំបងថា​នឹងទិញស្រូវក្នុងតម្លៃ៨៤០រៀលក្នុង១គីឡូក្រាម ប៉ុន្តែពេល​កសិករ​ដឹកស្រូវ​លេខ១(ស្រូវសែនក្រអូប)​ទៅលក់បែរជាបានតម្លៃតែ៦០០រៀលក្នុង​១គីឡូក្រាមទៅវិញ ​ខុសពីការសន្យា ទើបផ្ទុះការតវ៉ា ។

ប្រភពបន្តថា​ ការលក់និងទិញ​ស្រូវឲ្យខាងសមាគមម៉ាស៊ីនកិនស្រូវនេះទៀត​ ​លុះណាតែមានខ្សែផងដែរ ។

យ៉ាងណាក៍ដោយ​ នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃអាទិត្យដដែលនេះ​ គេហទំព័រកោះសន្តិភាព​មិនអាចរកការសុំអត្ថាធិប្បាយ ឬបំភ្លឺ​បាននៅឡើយទេពីលោកឧកញ៉ា​ ភូ ពុយ ​ប្រធានសភាពាណិជ្ជកម្ម​និងជាប្រធានសមាគមម៉ាស៊ីនកិនស្រូវ ​ខេត្តបាត់ដំបង ៕

សេចក្តីរាយការណ៍​បាន​បន្ត​ថា ​ការ​តវ៉ា​​ពី​សំណាក់​ប្រជា​កសិករ​នាព្រឹកមិញនេះ​ បាន​បណ្តាល​ឲ្យ​មាន​ការ​កកស្ទះ​រថយន្តនិងម៉ូតូរាប់​រយ​រាប់ពាន់គ្រឿង​​នៅ​លើ​កំណាត់​ផ្លូវជាតិលេខ​៥ ​នៅ​ចំណុច​កើតហេតុ​​និង​តំបន់​ក្បែរ​ៗ​នោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​ បាន​ទម្លាក់​ថវិកាជាតិ​ប្រមាណ​​២០​លាន​ដុល្លារ​​ដើម្បី​អន្តរា​កមន៍​ទិញ​ស្រូវ ​អង្ករ​ពី​កសិករ ​និង​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​​តម្លៃ​ស្រូវ​អង្ករ ៕