កសិករ​ប្រមាណ​១​ពាន់​នាក់​បិទ​ផ្លូវ​ជាតិ​លេខ​៥​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ

ប្រជា​កសិករ​ប្រមាណ ១​ពាន់​នាក់ បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​មុខ​សាលា​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់​ចុះ និង​រក​ទីផ្សារ​លក់​ផលិតផល​កសិផល​របស់​ពួក​គាត់។ ការ​បិទ​ផ្លូវ​នៅ​ម៉ោង​ជាង ១០​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា នេះ កើត​ឡើង​បន្ទាប់​ពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ថោក និង​គ្មាន​ទីផ្សារ ស្រប​ពេល​ដែល​កសិករ​ចាប់​ផ្ដើម​ប្រមូល​ផល​កសិផល​របស់​ពួក​គេ។

ទោះ​បី​ជា​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បញ្ចេញ​ថវិកា​ប្រមាណ​ជិត ២០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​របស់​ ប្រជា​កសិករ​នេះ កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា នៅ​លើ​គណនី​ហ្វេសប៊ុក (facebook) របស់​លោក។

ដោយសារ​បញ្ហា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ក៏​បាន​សុំ​ការ​អភ័យ​ទោស​ប្រជាពលរដ្ឋ ពិសេស​កសិករ នៅ​ពេល​ដែល​ក្រសួង​របស់​លោក​មិន​អាច​ជួយ​ដោះស្រាយ​កង្វល់​ពួក​គេ​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រុម​ឈ្មួញ​បន្ទាប​តម្លៃ​កសិផល ដែល​បាន​កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។

សូម​រង់ចាំ​តាមដាន​ព័ត៌មាន​បន្ថែម!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។