ស្រុក​សង្កែ​៖ ឈ្មួញ​នឹង​ថ្លឹង​ស្រូវ​នៅ​កន្លែង​តវ៉ា ខណៈ​ចរាចរណ៍​ដំណើរការ​ធម្មតា​វិញ​ និពន្ធដោយ : ខន ចំប៉ា       September-18-2016, 12:53 pm         491

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ស្រុក​សង្កែ​៖ ឈ្មួញ​នឹង​ថ្លឹង​ស្រូវ​នៅ​កន្លែង​តវ៉ា ខណៈ​ចរាចរណ៍​ដំណើរការ​ធម្មតា​វិញ​រូបភាពពី៖ ទំព័រហ្វេសប៊ុក ABC Cambodia Family​ចរាចរណ៍​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ បាន​ដំណើរ​ការធម្មតា​វិញ បន្ទាប់ពី​អាជ្ញាធរដែល​ដឹកនាំដោយលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ​បាន​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​រួចរាល់​ហើយ​នោះ​។
លោក ស៊ុន សុវណ្ណ អធិការ​ស្រុក​សង្កែ  ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​យើង​ដោះស្រាយ​រួចហើយ ដោយ​ខាង​ធនាគារ​ស្រូវ មក​ថ្លឹង​ស្រូវ​របស់​ពួកគាត់​ដល់​កន្លែង​នេះ​តែម្តង ក្នុងតម្លៃ​ដែល​បាន​សន្យា​។ ហើយ​ពលរដ្ឋ​ដឹកស្រូវ​មក​ប៉ុន្មាន ខាង​ឈ្មួញ​នឹង​ថ្លឹង​យក​ទាំងអស់​។ ដូច្នេះ​បញ្ហា​ដោះស្រាយ​រួចហើយ​»​។ បើតាម លោក ស៊ុន សុវណ្ណ ភាគី​ធនាគារ​ស្រូវ​សន្យា​ទិញ​ពី​ប្រជាពលរដ្ឋ គឺ​តម្លៃ ៨៤​ម៉ឺន​រៀល ក្នុង​មួយ​តោន​។

​នៅ​ម៉ោង​ប្រមាណ​១០​កន្លះ​ព្រឹក ថ្ងៃទី​១៨ ខែកញ្ញា​នេះ កសិករ​ប្រមាណ​៥០០​នាក់ បាន​ទម្លាក់​ស្រូវ​ពី​គោយន្ត​បិទផ្លូវ​តវ៉ា​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​សាលាឃុំ​កំពង់​ព្រៀង​។ នេះ​បើតាម លោក ស៊ុន សុវណ្ណ អធិការ​ស្រុក​សង្កែ​។ មូលហេតុ គឺ​ព្រោះ​ខឹង​នឹង ភាគី​ធនាគារ​ស្រូវ ដែល​បាន​ផ្អាក​ទិញស្រូវ​របស់​ពួកគាត់​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ លោក អធិការ ស៊ុន សុវណ្ណ ដែល​បាន​លើក​ពី​មូលហេតុ​ដែល​ខាង​ធនាគារ​ស្រូវ​ផ្អាក​ទិញស្រូវ​ថា មកពី ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ​របស់​ពួកគេ ស​ម្ងួ​ត​មិនទាន់​។

​សូមបញ្ជាក់ថា ដើម្បី​សង្គ្រោះ​តម្លៃ​ស្រូវ ដែល​បន្ត​ថ្លា​ក់​ថ្លៃ រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី ១៦ ខែកញ្ញា បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ២៧​លាន​ដុល្លារ ដែល​ក្នុងនោះ ទុនបម្រុង​របស់ខ្លួន​ចំនួន ២០​លាន​ដុល្លារ និង​ទុន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​(RDB) ចំនួន ៧​លាន​ដុល្លារ ដើម្បី​ជា​កម្ចី​ដល់​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​កសិករ​៕