កសិករផ្ទុះការតវ៉ាចាក់ស្រូវ បិទផ្លូវជាតិលេខ៥ រឿងតម្លៃស្រូវធ្លាក់ចុះ ខណៈអភិបាលខេត្តបាត់ដំបង កំពុងចុះជួយអន្តរាគមន៍

(បាត់ដំបង)៖ សេចក្តីរាយការណ៍ពីខេត្តបាត់ដំបង បានឲ្យដឹងនៅមុននេះបន្តិចថា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ប្រជាកសិករជាច្រើននាក់បាននាំគ្នាផ្ទុះការតវ៉ា ដោយយកគោយន្តដឹកស្រូវចាក់ចោល លើផ្លូវជាតិលេខ៥ បិទផ្លូវ ដើម្បីតវ៉ារឿងតម្លៃស្រូវធ្លាក់ចុះ។

ការតវ៉ានេះ បានកើតឡើងនៅចំណុចអូរនប់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បង្កឲ្យមានការកកស្ទះចរាចរណ៍ យ៉ាងខ្លាំងផងដែរ បើសេចក្តីរាយការណ៍បានអះអាងថា មានប្រវែងរហូតដល់ជាង១០គីឡូម៉ែត្រ។ 

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ក្រោយទទួលបានដំណឹងការតវ៉ាបិទផ្លូវនេះ លោកអភិបាលខេត្តបាត់ដំបង ចាន់ សុផល បានចុះជួយអន្តរាគមន៍ ស្វែងរកដំណោះស្រាយផងដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា 

ការធ្លាក់ចុះនៃតម្លៃស្រូវ នៅក្នុងខែកញ្ញានេះ ដោយធ្លាក់ពីតម្លៃជាង៩ពាន់បាត ក្នុងមួយតោនមកនៅ ត្រឹម៧ពាន់បាត ក្នុងមួយតោនប៉ុណ្ណោះ។ ការធ្លាក់ចុះនេះ ត្រូវបានប្រជាកសិករនាំគ្នាត្អូញត្អែរ ជាមួយនឹងក្តីអស់សង្ឃឹម ចំពោះការធ្វើស្រែចំការ របស់ពួកគាត់។

ជាមួយគ្នានេះ ក្នុង Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប៉ុន្មានថ្ងៃមកនេះ ប្រជាកសិករ ក៏បាន Comment យ៉ាងច្រើន ពាក់ព័ន្ធការធ្លាក់ចុះនៃតម្លៃស្រូវ របស់ពួកគាត់ផងដែរ។ ពិសេសពួកគាត់សូមឲ្យនាយករដ្ឋមន្ត្រី ជួយដោះស្រាយបញ្ហានេះផង។

លោក ណុច ស៊ីនួន ប្រជាកសិករក្នុងភូមិគោកបាល័ង្ល ឃុំគោកបាល័ង្ល ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅថ្ងៃទី១២ ខែកញ្ញានេះថា ប្រជាកសិករដែល នៅក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ ស្រូវដែលពួកគាត់ធ្វើជា ប្រភេទស្រូវក្រអូប ដែលមានឈ្មោះថា «ស្រូវសែនក្រអូប» ដើម្បីបំពេញតម្រូវការទីផ្សារអង្ករក្រអូប ទាំងក្នុងស្រុក និងការនាំចេញ។

លោកបន្តថា ប្រជាកសិករដែលធ្លាប់តែមានក្តីសង្ឃឹម ចំពោះតម្លៃស្រូវក្រអូបនោះ នៅឆ្នាំនេះបែរមកជាក្តីអស់សង្ឃឹម ដែលអ្នកខ្លះចង់យំ ក៏យំមិនចេញទឹកភ្នែក ព្រោះថា តម្លៃស្រូវបានធ្លាក់រហូត ដល់មិនអាចចំណេញ។ លោកថា កាលពីខែមុនស្រូវមានតម្លៃ ប្រមាណជាង៩ពាន់បាត ក្នុងមួយតោន ប៉ុន្តែពេលនេះធ្លាក់ដល់ ៧ពាន់បាតក្នុងមួយតោន ធ្វើឲ្យកសិករ ពិបាកខ្លាំងមែនទែន។

លោកបន្តទៀតថា «កសិករយើងខ្ញុំចំពោះតម្លៃ ស្រូវនៅពេលនេះ ដោយធ្វើបានលក់សងតែថ្លៃជី ហើយអ្នកខ្លះទៀតត្រូវជំពាក់ធនាគារ សងធនាគារមិនគ្រាន់ផង ដូច្នេះមានតែឈប់ធ្វើទៅធ្វើការ នៅថៃវិញល្អជាង ធ្វើស្រែដែលទីផ្សារគ្មានភាព ប្រាកដប្រជាផងនោះ»។

កសិករដែលកំពុងប្រមូលផលស្រូវវ័យ៦០ឆ្នាំរូបនេះ បានបញ្ជាក់ថា កសិករនៅតំបន់លោកមិនអាចប្រមូល ផលស្រូវមកហាលទុកនោះទេ ព្រោះត្រូវបង្វែលលុយ ទៅសងថ្លៃជី ថ្លៃថ្នាំ សងធនាគារជាដើម ដូច្នេះត្រូវសម្រេចចិត្តលក់ភ្លាមៗ ទោះដឹងថា តម្លៃថោកយ៉ាងណាក្តី។

ស្រដៀងគ្នានិងលោក ណុច ស៊ីនួន នេះដែរ លោក ខាំ ស៊ត កសិករនៅខេត្តបន្ទាយមានជ័យ បានប្រាប់អង្គភាព Fresh News តាមទូរស័ព្ទ ពេលកំពុងបើកគោយន្តទៅស្រែបានរៀបរាប់ឲ្យដឹងថា គ្មានអ្វីនឹងថ្លែងនោះទេ ចំពោះតម្លៃស្រូវនៅពេលនេះ ព្រោះធ្លាក់ចុះហួសពីការរំពឹងទុក ដែលនេះធ្វើឲ្យប្រជាកសិករខាតបង់ យ៉ាងច្រើនទាំងពេលវេលា និងលុយកាក់ផងដែរ។

លោកថា ប្រសិនបើតម្លៃស្រូវអាចឡើងលើសពី ៨ពាន់បាតក្នុងមួយតោននោះ កសិករអាចមានទឹកមាត់លេប គឺចំណេញខ្លះ ប៉ុន្តែនៅពេលនេះ តម្លៃត្រឹមតែ៧ពាន់បាត ក្នុងមួយតោនតែប៉ុណ្ណោះ។កសិកររូបនេះបានសំណួមពរ រាជរដ្ឋាភិបាលកម្ពុជា និងរោងម៉ាស៊ីនកិនស្រូវ ជួយដោះស្រាយនៃការធ្លាក់ថ្លៃនេះផង ដើម្បីផ្តល់សេចក្តីសង្ឃឹម ដល់ប្រជាពលរដ្ឋកម្ពុជា។

ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងជាអគ្គនាយកក្រុមហ៊ុន នាំចេញអង្ករដ៏ល្បីឈ្មោះមួយនៅកម្ពុជា លោក សុង សារ៉ន បានប្រាប់អង្គភាព Fresh News តាមទូរស័ព្ទដោយពន្យល់ពាក់ព័ន្ធ នៃការធ្លាក់ចុះនៃតម្លៃស្រូវថា មានបញ្ហាមួយចំនួនដែលធ្វើឲ្យ តម្លៃស្រូវធ្លាក់ចុះទី១-ដោយសារតែរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ខ្វះខាតដើមទុនក្នុងការទិញស្រូវស្តុកទុក ហើយត្រូវប្រយ័ត្នប្រយែង ក្នុងការទិញដោយលៃលក សម្រាប់ថវិកាតិចតួច ក្នុងការទិញ។ ទី២-រោងម៉ាស៊ីនកិនស្រូវខ្វះឡសម្ងួត ខណៈដែលកសិកររបស់កម្ពុជា សម្រុកដាំដុះស្រូវក្រអូបច្រើន។ ទី៣ អង្ករក្រអូបរបស់វៀតណាម ហូរចូលមកពេញទីផ្សារកម្ពុជា ហើយមានតម្លៃទាបជាង អង្ករក្រអូបរបស់កម្ពុជាទៀត ដែលធ្វើឲ្យយើងមិនអាច ប្រកួតប្រជែងបាន។

លោក សុង សារ៉ន បានលើកឡើងទៀតថា អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ គឺទីផ្សារអង្ករក្រអូបរបស់ថៃ បានធ្លាក់ចុះគួរឲ្យគត់ ដែលធ្វើឲ្យប្រទេសចិន បញ្ជាទិញពីប្រទេសថៃ ខណៈដែលក្រុមហ៊ុននាំចេញ កម្ពុជាកំពុងរង់ចាំការបញ្ជាទិញ របស់ក្រុមហ៊ុនអន្តរជាតិ នៅអំឡុងខែតុលាខាងមុខ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កសិករផ្ទុះការតវ៉ាចាក់ស្រូវ បិទផ្លូវជាតិលេខ៥ រឿងតម្លៃស្រូវធ្លាក់ចុះ ខណៈអភិបាលខេត្តបាត់ដំបង កំពុងចុះជួយអន្តរាគមន៍

កសិករផ្ទុះការតវ៉ាចាក់ស្រូវ បិទផ្លូវជាតិលេខ៥ រឿងតម្លៃស្រូវធ្លាក់ចុះ ខណៈអភិបាលខេត្តបាត់ដំបង កំពុងចុះជួយអន្តរាគមន៍

កសិករផ្ទុះការតវ៉ាចាក់ស្រូវ បិទផ្លូវជាតិលេខ៥ រឿងតម្លៃស្រូវធ្លាក់ចុះ ខណៈអភិបាលខេត្តបាត់ដំបង កំពុងចុះជួយអន្តរាគមន៍