បញ្ជាការដ្ឋាន​រថក្រោះ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​២ នៅ​វត្ត​ត្រពាំង​អំពិល

ខេត្តកំពង់ស្ពឺ ៖ បញ្ជាការដ្ឋាន​រថក្រោះ (A.C.O) នៃ​អគ្គបញ្ជាការ​កងទ័ពជើងគោក​ដែល​នាំ​ដោយ​លោក ឡាញ់ កៅ មេបញ្ជាការ និង​លោក​ឧត្តមសេនីយ៍ទោ ប្រាក់ ផ​ល្លី ជា​មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​បាន​ដឹកនាំ​នាយទាហាន នាយទាហានរង ពល​ទាហាន និង​ក្រុម​គ្រួសារ​កងទ័ព​យ៉ាងច្រើន​ចូលរួម​វេន​កាន់បិណ្ឌ​វេន​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​វត្ត​ត្រពាំង​អំពិល ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

លោក​ឧត្តមសេនីយ៍ ប្រាក់ ផ​ល្លី មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​រថក្រោះ​បាន​មាន​ប្រសាសន៍​ថា ក្នុងថ្ងៃនេះ​ដែរ ជួសមុខ​ឱ្យ​លោក ឡាញ់ កៅ អគ្គ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​កងរថក្រោះ (A.C.O) ដោយ​មានការ​ចូលរួម​ពី​នាយទាហាន នាយទាហានរង ពល​ទាហាន ទាំងអស់ បាន​ចូលរួម​កាន់បិណ្ឌ​វេន​ទី​២ ក្នុង​វត្ត​ត្រពាំង​អំពិល​នេះ​។ ដោយ​បាន​ពាំនាំ​នូវ​បច្ច័យ ម្ហូបអាហារ ចង្ហាន់ ព្រមទាំង​ទ័យ​ទាន​ជា​ច្រើន​ទៀត ដើម្បី​មក​វេ​ប្រគេន​ព្រះសង្ឃ​ដែល​បាន​មក​គង់​ចៅ​ព្រះ​វង្ស​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ​។  លោក​ក៏​បាន​បន្ត​ទៀត​ថា ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​នេះ​ដែរ អង្គភាព​របស់​លោក​តែងតែបាន​ចូលរួម​ធ្វើ​ជា​រៀង​រាល់​ឆ្នាំទៅ​តាម​វត្ត​មួយ​ចំនួន ដើម្បី​ឧទ្ទិស​កុសលផល​បុ​ណ​ទៅ​ដល់​បណ្តា​វី​រៈ​កងទ័ព​ទាំងអស់​ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​នោះ​។

ក្នុង​ឱកាស​កាន់បិណ្ឌ​នោះ​ដែរ មានការ​ចូលរួម​ពី​សំណាក់​ក្រុម​គ្រួសារ​របស់​មេបញ្ជាការ មេបញ្ជាការ​រង នាយទាហាន ពល​ទាហាន និង​ប្រជាពលរដ្ឋ​ដែល​ជា​ចំណុះ​ជើងវត្ត ញាតិ​មិត្ត​ជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ​បាន​ចូលរួម​ផង​ដែរ​។