អ៊ុំ ចំរើន វាយ កន ចន្ថា ឡើង​បាក់​ក្តោង​ចម្រុះ ដើម្បី​​ឈ្នះ​ខ្សែ​ក្រវាត់​នៅ CNC(មាន​វីដេអូ)

អ្នក​ប្រដាល់​ អ៊ុំ ចំរើន បាន​វាយ កន ចន្ថា ឡើង​បាក់​ក្តោង​ចម្រុះ ដើម្បី​​​ក្លាយ​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​កំពូល​ជើង​ឯក​គោជល់ ទម្ងន់​៦៧​គីឡូ​ក្រាម អម​ដោយ​ទឹក​ប្រាក់​២០​លាន​រៀល នៅលើ​​សង្វៀន CNC កាល​ពី​យប់​ថ្ងៃ​សៅរ៍ ម្សិល​មិញ រីឯ វី សេរីចាន់ឌីន និង យុគយក្សផ្លែ បាន​ទទួល​លទ្ធ​ផល​ផ្ទុយ​គ្នា​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​ថៃ ក្នុង​ថ្ងៃ​នោះ​ដែរ។

mm3

អ៊ុំ ចំរើន ដែល​​មានខ្សែ​ក្រវាត់​២​នៅ​ក្នុង​ដៃរួច​ជា​ស្រេច​នោះ បាន​ធ្វើ​ការ​វាយ​លុក​ទៅ​លើ កន ចន្ថា ជា​បន្ត​បន្ទាប់។ បើ​ទោះបីជា​រូប​គេ​បាន​ទទួល​រង​ការ​វាយ​បក​ធ្ងន់ៗ ពិសេស​ជង្គង់​របស់ កន ចន្ថា នៅ​ក្នុង​ទឹក​ទី​៣ និង​ការ​ប្រើ​ជង្គង់​ហោះ​ចំនួន​៣​លើក​ផ្ទួនៗ​របស់ ចន្ថា នៅ​ដើម្បី​ទឹក​ទី​៤ ប៉ុន្តែ​បើ​គិត​ជា​រួម​គឺ អ៊ុំ ចំរើន ហាក់​មាន​ប្រៀប​ស្ទើរ​គ្រប់​ទឹក គឺ​លើក​លែង​តែ​ទឹក​ទី​៣​មួយ​ប៉ុណ្ណោះ។

mm2

អ្វី​ដែល​គួរ​ឲ្យចាប់​អារម្មណ៍នោះ គឺនៅ​ចុង​ទឹក​ទី​៤ អ៊ុំ ចំរើន បាន​តាម​​វាយ​កែង​បណ្តាល​ឲ្យ កន ចន្ថា បាក់​ក្តោង​ចម្រុំ ហើយ កន ចន្ថា ក៏​បាន​បែកចិញ្ចើម​ឆ្វេង ក្រោម​ផ្លែ​កែង​របស់ អ៊ុំ ចំរើន នៅ​ក្នុង​ទឹក​ទី​៥​ផង​ដែរ។ នៅ​ទី​បំផុត អ៊ុំ ចំរើន ត្រូវ​បាន​ចៅ​ក្រម​ទាំង​៥​នាក់ ផ្តល់​ពិន្ទុ​ឲ្យ​ឈ្នះ កន ចន្ថា ជា​ឯកច្ឆន្ទ​តែ​ម្តង ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ អម​ដោយ​ខ្សែក​មាស​៣​ជី និង​ប្រាក់​រង្វាន់​២០​លាន​រៀល ឯ កន ចន្ថា ទទួល​បាន​ពាន ខ្សែ​កមាស​៣​ជី និង​ប្រាក់​១០​លាន​រៀល។

mm1

ចំណែក​កីឡាករ វី សេរីចាន់ឌីន បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៣ ដោយ​ស្វ័យ​ប្រវត្តិ ព្រោះ មាជ សុខរ៉ា ដែល​ត្រូវ​បាន អ៊ុំ ចំរើន វាយ​ឲ្យ​បាក់​ក្តោង​ចម្រុះ កាល​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ មិន​អាច​ឡើង​ប្រកួត​បាន។ ហេតុ​នេះ វី សេរីចាន់ឌីន ទទួល​បាន​ពាន ខ្សែ​កមាស​៣​ជី និង​ប្រាក់​៦​លាន​រៀល ខណៈ មាជ សុខរ៉ា ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ ក៏​ទទួល​បាន​ប្រាក់​៤លាន​រៀល​ផង​ដែរ។
យ៉ាង​ណា​ក៏​ដោយ វី សេរីចាន់ឌីន ក៏​​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួតអន្តរជាតិ ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ​ដែរ ហើយ​គេ​បាន​ស្មើ​ពិន្ទុជាមួយកីឡាករ​ថៃ Sumaey Sor Viravann។ ផ្ទុយ​ពី​នេះ​កីឡាករ​មក​ពី​ខេត្ត​បាត់​ដំបង់ យុគ យក្សផ្លែ បាន​រវាស​ដៃ​ស្តាំ​ចំថ្គាម​ថៃ Vigo Sor Danchhai បណ្តាល​ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៣៕

សូមទស្សនាវិដេអូ​ អ៊ុំ ចំរើន vs កន ចន្ថា

The post អ៊ុំ ចំរើន វាយ កន ចន្ថា ឡើង​បាក់​ក្តោង​ចម្រុះ ដើម្បី​​ឈ្នះ​ខ្សែ​ក្រវាត់​នៅ CNC(មាន​វីដេអូ) appeared first on CamboSport.