បិសាច​តណ្ហា​ចាប់​ក្មេង​ស្រី​រំលោភ​យ៉ាង​ព្រៃផ្សៃ

ខេត្តកំពង់ចាម ៖ ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ខណៈ​នាង​កំពុង​ដើរ​រក​ក្តាម​បិសាច​តណ្ហា​ចាប់រំលោភ​យ៉ាង​ព្រៃផ្សៃ​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​ក្នុងភូមិ​ស្វា​យម​មាស ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

លោក​អធិការ​នគរបាល​ស្រុក​ជើងព្រៃ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហួ​ន លាង​ហួរ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ ។

នារី​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ពេល​ទៅ​ដាក់​ពាក្យបណ្ដឹង​ថា ពេល​កើតហេតុ នាង​បាន​ទៅ​រក​ក្តាម​នៅ​តាម​វាលស្រែ លុះដល់​វេលា​ម៉ោង​ប្រហែល​៤​ល្ងាច​នាង​ក៏​បាន​រក​ដល់​ចំណុច​ក្បែរ​ផ្នូរខ្មោច ពេល​នេះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​បាន​ដើរមក​ជិត​នាង ហើយ​ចាប់​អូស​ដៃ​នាង​ទៅ​ជិត​ផ្នូរខ្មោច​រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​យ៉ាង​ព្រៃផ្សៃ​រហូត​បាន​សម្រេច ទោះបីជា​នាង​ខំប្រឹង​រើបម្រះ​យ៉ាងណា​ក៏​ដោយ ។

នារី​រង​គ្រោះ​បញ្ជាក់​ថា ក្រោយ​ពេល​រំលោភ​បាន​សម្រេច​ហើយ ជនសង្ស័យ​បាន​ងើប​ដើរ​ចេញ​ទៅ​បាត់ បន្ទាប់​មក​ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ប្រាប់​អាណាព្យាបាល​របស់​នាង និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕