សាហាវ ! ពេល​តែ​មួយ​ឆក់​យក​ជីវិត​បងប្អូន​បង្កើត​៣​នាក់

ខេត្តស្ទឹងត្រែង ៖ បុរស​ជា​បងប្អូន​បង្កើត​នឹង​គ្នា​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ ខណៈ​ជិះ​ម៉ូតូបុក​គ្នា​ជា​មួយ​​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បុក​ពេញទំហឹង​ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោយ​មណ្ឌលកុមារ​កំព្រា លើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ស្ថិត​ក្នុងភូមិ​ថា​ឡា ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ១-​ឈ្មោះ ឃុន ថេ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ២-​ឈ្មោះ ឃុន រ៉ា​ឈុ​ន​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង ៣-​ឈ្មោះ ធៀង សុខ​លី​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ភូមិ​ស្រែ​ឫស្សី ឃុំ​ស្រែ​ឫស្សី ស្រុ​ថា​ឡា​បរិ​វ៉ា​ត់​ជាមួយ​គ្នា ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​៣​នាក់​បងប្អូន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក វ៉េវ ពណ៌​ខ្មៅ អត់​អាវ អត់​ស្លាក​លេខ ចេញ​ពី​ភូមិ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៩​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ចំណុះ​១​តោន​កន្លះ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-6148 ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ជា​មនុស្ស​ស្រី និង​ព្រួ​ឡាន បាន​ចុះ​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត និង​ជា​អ្នកបើកបរ គេ​ហៅ​គាត់​ថា យាយ​ចន្ទី ជា​អ្នក​ធ្លាប់​រកស៊ី​ទិញ​គ្រាប់​ចន្ទី និង​ទិញ​លក់​អំពៅ​ឲ្យ​ម៉ូយ​នៅ​ក្នុង​ខេត្ត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង រួច​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​៣​នាក់​ក៏​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​មក​យក​ទៅ​ធ្វើបុណ្យ​រួម​គ្នា​តាម​ប្រពៃណី ៕