សហរដ្ឋ​អា​មេ​រិ​ក​ទទួលស្គាល់​ថា បាន​ទម្លាក់​គ្រាប់បែក​ច្រឡំ​លើ​ទីតាំង​កងទ័ព​ស៊ី​រី រុ​ស្ស៊ី​ព្រមាន

ចូល​ជា​ធរមាន​ចាប់តាំងពី​៥​ថ្ងៃ​មក​ហើយ បទ​ឈប់​បាញ់​គ្នា​ដែល​បង្កើត​ឡើង​ដោយ​សហរដ្ឋ​អា​មេ​រិ​ក និង​រុ​ស្ស៊ី​នៅ​ស៊ី​រី ហាក់ដូចជា​កាន់តែ​ផុយ​ស្រួយ បន្ទាប់​ពី​ក្រុង​មូ​ស្គូ និង​ក្រុង​ដា​ម៉ាស់​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា បាន​ចោទប្រកាន់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​ថា វាយប្រហារ​ប្រឆាំង​ទីតាំង​មួយ​របស់​កងទ័ព​ស៊ី​រី​នៅ​ភាគ​ខាងកើត​ប្រទេស ។

នា​ល្ងាច​ថ្ងៃ​នោះ ក្រុមចម្រុះ​អន្តរជាតិ​ទទួលស្គាល់​ថា ពិតជា​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​ដែល​ខ្លួន​យល់​ថា ជាទី​តាំង​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ក្នុង​សេចក្តី​ប្រកាស​មួយ​រាយការណ៍​ថា បណ្តា​យន្តហោះ​របស់​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ពួក​ជី​ហា​ដ​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​នា​ថ្ងៃ​ទី​១៧ កញ្ញា ចំនួន​៤​លើក​ប្រឆាំង​កងទ័ព​ស៊ី​រី ដែល​កំពុង​ជាប់​ការ​ឡោម​ព័ទ្ធ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ជិត​ព្រ​លាន​យន្តហោះ​ក្រុង DEIR EZZOR ហើយ​គូសបញ្ជាក់​ថា ទាហាន​ស៊ី​រី​ជាង​៦០​នាក់​បាន​ត្រូវ​ស្លាប់ ។ យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ការ​វាយប្រហារ​តាម​អាកាស​ទាំងនេះ​សម្លាប់​ទាហាន​ស៊ី​រី​យ៉ាងតិច​៨០​នាក់​ឯណោះ ។

ចំណែក​ក្រុមចម្រុះ​អន្តរជាតិ​វិញ នា​ថ្ងៃ​ទី​១៧ កញ្ញា ទទួលស្គាល់​ថា​បាន​ទម្លាក់​គ្រាប់បែក​លើ​អ្វី​ដែល​ខ្លួន​គិត​ថា ជាទី​តាំង​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ក៏​ប៉ុន្តែ​បាន​បញ្ចប់​ប្រតិបត្តិការ​នោះ​វិញ​ពេល​ក្រុង​មូ​ស្គូ​ប្រាប់​ថា នេះ​ជាទី​តាំង​យោធា​របស់​កងទ័ព​ស៊ី​រី​ទេ ។ ក្នុង​សេចក្តី​ប្រកាស​មួយ​ទីបញ្ជាការដ្ឋាន​កងទ័ព​អា​េ​ម​រិ​ក​នៅ​មជ្ឈិម​បូព៌​៌ា​បញ្ជាក់​ថា ក្រុមចម្រុះ​ពុំដែល​មាន​ចេតនា​វាយប្រហារ​លើ​កងឯកភាព​យោធា​ស៊ី​រី​ឡើយ ។

ខេត្ត DEIR EZZOR កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ក៏​ត្រួតត្រា​មួយ​ផ្នែក​ធំ​នៃ​ទីប្រជុំ​ខេត្ត​នេះ​លើកលែងតែ​ព្រ​លាន​យន្តហោះ​យោធា និង​បណ្តា​សង្កាត់​ជុំវិញ​ព្រ​លាន​យន្តហោះ​នេះ​ដែល​ស្ថិត​ក្នុង​ដៃ​របប​ស៊ី​រី ។

ក្រោយ​ការ​វាយប្រហារ​នោះ​របស់​ក្រុមចម្រុះ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​និយាយ​ថា កងទ័ព​ស៊ី​រី​ត្រៀម​ធ្វើការ​វាយប្រហារ​តបត​វិញ ប្រសិនបើ​បណ្តា​ក្រុម​រ៉ា​ឌី​កាល់​ធ្វើការ​វាយលុក​មួយ ។ រុ​ស្ស៊ី​ស្នើ​ដល់​សហរដ្ឋ​អា​េ​ម​រិ​ក​ឱ្យ​ប្រឆាំង​បណ្តា​ប្រមុខ​កងទ័ព​ដែល​ប្រទូស្ត​រាយ​នឹង​ប្រធានាធិបតី​លោក​បា​ចា​អាល់​អាសា​ដ កុំឱ្យ​ប្រព្រឹត្ត​អំពើ​គ្មាន​ការ​ពិចារណា​ទាំងឡាយ ។ ក្នុង​ករណី​មានការ​វាយលុក​នោះ កងទ័ព​ស៊ី​រី​ត្រៀម​វាយប្រហារ​តបត​វិញ ។

លោកស្រី​ម៉ា​រី​យ៉ា ហ្សា​ខា​រ៉ូ​វ៉ា អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី ថ្លែង​ថា ក្រុង​មូ​ស្គូ​ស្នើ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប កោះ​ប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិភាក្សា​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​ប្រឆាំង​កងទ័ព​ស៊ី​រី ។ លោកស្រី​ថា បេសកជន​អចិន្ត្រៃយ៍​រុ​ស្ស៊ី​ប្រចាំ អ​.​ស​.​ប ទទួល​បន្ទុក​កោះ​ប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ពី​រឿង​នេះ ។

ក្រោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​លើ​កងទ័ព​ស៊ី​រី​នៅ DEIR EZZOR ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ធ្វើការ​វាយលុក​ធំ​មួយ​លើ​កងទ័ព​ស៊ី​រី ខណៈ​កងទ័ពអាកាស​រុ​ស្ស៊ី​ក៏​បាន​ធ្វើការ​វាយ​ប្រហារ​ជា​ច្រើន​លើក​រួច​ហើយ​ដែរ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​ស៊ី​រី ។ ការ​ប្រយុទ្ធ​គ្នា​មាន​សភាព​ខ្លាំងក្លា​នៅ​ជិត​ទីក្រុង DEIR EZZOR ហើយ​រុ​ស្ស៊ី​បាន​វាយប្រហារ​តាម​អាកាស​ជួយ​ទ្រទ្រង់​កងទ័ព​ស៊ី​រី ។

ទីបញ្ជាការដ្ឋាន​កងទ័ព​ស៊ី​រី​ចាត់​ទុក​ការ​វាយប្រហារ​របស់​ក្រុមចម្រុះ​លើ​កងទ័ព​ខ្លួន​ថា​ជា​ការ​ឈ្លានពាន​ដោយ​ចំហ និង​ប្រកបដោយ​គ្រោះថ្នាក់ និង​ចោទ​ថា សហរដ្ឋ​អា​េ​ម​រិ​ក និង​សម្ព័ន្ធមិត្ត ពិតជា​ជួយ​ដល់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក្រោម​លេស​ថា តស៊ូ​ប្រឆាំង​ភេរវកម្ម ៕