ព្យុះ​ទី​ហ្វុ​ង MERANTI នៅ​ចិន​ស្លាប់​28​នាក់

យោង​តាម​ស៊ី​ន​ហួ​ថា ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ MERANTI បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៨​នាក់ និង​បាត់​ខ្លួន​១៥​នាក់ នៅ​ខេត្ត​ហ្វូ​ជាន និង​ខេត្ត​ហ្សេ​ជាំ​ង ប្រទេស​ចិន ។

ព្យុះ MERANTI ជា​ព្យុះ​ខ្លាំង​បំផុត​ប្រចាំឆ្នាំ​បាន​បោកបក់​លើ​ទីក្រុង XIAMEN ខេត្ត​ហ្វូ​ជាន កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ជាមួយ​កម្លាំង​ខ្យល់​យ៉ាង​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង ។ អាជ្ញាធរ​ត្រួតពិនិត្យ​ទឹកជំនន់​ខេត្ត​ហ្វូ​ជាន អះអាង​នា​ថ្ងៃ​ទី​១៧ កញ្ញា ថា មនុស្ស​១៨​នាក់​ស្លាប់ និង​១១​នាក់​ទៀត​បាត់​ខ្លួន ក្នុង​ខេត្ត​នេះ ។ ព្យុះ​នោះ​ធ្វើ​ឱ្យ​ស្ទះ​ទីក្រុង​ជា​ច្រើន​នៃ​ភាគ​ខាងត្បូង​ខេត្ត ក្នុង​នោះ​មាន​ទីក្រុង XIAMEN ក្រុង QUANZHOU និង​ក្រុង ZHANGZHOU ។ ការ​ខូចខាត​ខាង​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​មាន​សរុប​ជាង​១៦,៩​ពាន់​លាន​យន់ (២,៦​ពាន់​លាន​ដុល្លារ​) ។

នៅ​ខេត្ត​ហ្សេ​ជាំ​ង​ជិតខាង ព្យុះ​នេះ​អម​ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១០​នាក់ និង​បាត់​ខ្លួន​៤​នាក់ ។ ផ្ទះ​យ៉ាងតិច​៩០២​ខ្នងរ​លំបាក់ ហើយ​ប្រជាជន​១,៥​លាន​នាក់​រង​ការ​ប៉ះពាល់ ។

បន្ទាប់​ពី​ការ​ចុះ​ខ្សោយ​ឥទ្ធិពល​នៃ​ព្យុះ MERANTI អាជ្ញាធរ​ឧតុនិយម​ជាតិចិន​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​លឿង​ចំពោះ​ព្យុះ​មួយទៀត​ឈ្មោះ MALAKAS ដោយ​ព្យាករណ៍​ថា ព្យុះ​នេះ​នឹង​មាន​ខ្យល់​បោកបក់​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ ភ្លៀង​នឹង​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ហ្សេ​ជាំ​ង និង​ខេត្ត​ហ្វូ​ជាន ព្រមទាំង​ភាគ​កណ្តាល និង​ភាគ​ខាងជើង​កោះ​តៃវ៉ាន់​នា​ថ្ងៃ​ទី​១៧ និង​១៨ កញ្ញា ៕