សារព័ត៌មានល្បីរបស់ថៃ សរសើរ ម៉ាក សែនសូនីតា ស្រស់ស្អាតខ្លាំង និងមុខស្រដៀងតារាស្រីថៃម្នាក់ទៀតផង!

ភ្នំពេញ៖ តារាសម្តែងស្រី ម៉ាក សែនសូនីតា កាន់តែលេចធ្លោខ្លាំងក្នុងវិស័យខ្សែភាពយន្ត ក្រោយពេលរូបនាង បានដើរតួ ឯកក្នុងខ្សែភាពយន្តដ៏ធំមួយចំណងជើងថា «ចន្រ្ទា»  ហើយដែលរឿងនេះ  ក៏ត្រូវបានចាក់បញ្ចាំងនៅប្រទេសថៃផងដែរ។

មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះ សារព័ត៌មានថៃរ៉ាត់ បានចុះផ្សាយពីតារាស្រីរូបនេះ ទៀតផងថា នាងពិតជាមានសម្រស់ស្អាត ហើយថែមទាំងមានមុខមាត់ស្រដៀងនឹងតារាស្រីថៃម្នាក់ឈ្មោះ Kratae Supaksorn ទៀតផង។

នៅក្នុងអត្ថបទរបស់សារព័ត៌មានថៃនោះ បានឲ្យដឹងបន្ថែមថា កញ្ញា តូតា មានទម្រង់មុខ និងកែវភ្នែកតូចៗស្រដៀងនាង Kratae ណាស់។  ជាពិសេសនៅពេលនាងសើចម្តងៗ គឺដូចជាកូនភ្លោះតែម្តង។

យ៉ាងណាមិញ សារព័ត៌មានថៃ នៅតែបញ្ជាក់ថា កញ្ញា ម៉ាក សែនសូនីតា ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងពីធម្មជាតិ និងពេលឃើញនៅក្រៅរឹតតែគួរឲ្យស្រលាញ់។ ហើយមួយតួខ្លួនរបស់នាង គឺល្អឥតខ្ចោះទាំងអស់ គ្មានកន្លែងចន្លោះនោះទេ។

នេះជាលើកទីមួយហើយ ដែលសារព័ត៌មានល្បីរបស់ថៃ ចុះផ្សាយ និងសរសើរពីសម្រស់ដ៏ល្អឯករបស់កញ្ញា ម៉ាក សែនសូនីតា បែបនេះ៕

ចង់ដឹងថាតូតា និង នាង Kratae មានមុខស្រដៀងគ្នាយ៉ាងណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្ដែងល្បី ប្រចាំក្នុងប្រទេសកម្ពុជា កញ្ញា ម៉ាក សែនសូនីតា បានថ្លែងឲ្យដឹងថា ក្នុងពេលដែលនាងចូលរួម សម្ដែងរឿង «ចន្ទ្រា» ដែលជាស្នាដៃទី២ របស់ផលិតកម្ម Angkor Picture នាងបានប្រឈមមុខនឹងគ្រោះជាច្រើន ព្រោះឈុតឆាកនីមួយៗ គឺពិបាកសម្ដែងខ្លាំង ហើយត្រូវសម្ដែងច្រើនដង និងស្ទើរតែផុតដង្ហើមម្ដងៗ ក៏មាន ជាពិសេសឈុតសម្ដែង ក្នុងទឹក។

តារាសម្ដែងមានទីផ្សារខ្ពស់ និងមានសម្រស់គួរជាទីទាក់ទាញ កញ្ញា ម៉ាក សែនសូនីតា បានបញ្ជាក់ថា ឈុតឆាកដែលនាងត្រូវសម្ដែង ក្នុងរឿង «ចន្រ្ទា» គឺមានលក្ខណៈពិបាកៗច្រើន ជាពិសេសគឺត្រង់ឈុត ក្នុងទឹក និងនៅក្បែរជ្រោះជ្រៅ ជាដើម។ អ្វីដែលនាងចាំមិនភ្លេចនោះ គឺត្រង់ឈុតនាង ត្រូវគេចង់ដាក់ក្នុងទឹក ហើយនាងមិនចេះបើកភ្នែកក្នុងទឹកនោះទេ ទើបត្រូវសម្ដែងច្រើនដង ទម្រាំតែទទួលយកបាន។

ម៉ាក សែនសូនីតា និយាយថា «ពេលហ្នឹងគេចងខ្ញុំកុំឲ្យរើ ហើយទម្លាក់ចូលក្នុងទឹក ប៉ុន្តែខ្ញុំស្ទើរតែផុតដង្ហើម ទើបខំប្រឹងរើឡើងរលាត់ដៃ ..!។ អូយបង.!ឈុតនេះពិបាកទ្រាំមែនទែន ហើយអ្នកដឹកនាំសម្ដែង តម្រូវឲ្យខ្ញុំបើកភ្នែកក្នុងទឹក តែខ្ញុំមិនចេះបើក ទើបត្រូវថតច្រើនដង..ខ្ញុំត្រូវអត់ដកដង្ហើម ស្ទើរផុតម្ដងៗ..!»។

យ៉ាងណាមិញ ទោះបីជាមានឈុតឆាកលំបាកៗច្រើន ហើយត្រូវឆ្លងកាត់ព្រៃជ្រោះ ទាំងយប់ទាំងថ្ងៃ ប្រឈមនឹងគ្រោះថ្នាក់ក្ដី ក៏តារាសម្ដែង ម៉ាក សែនសូនីតា ហៅ តូតា បង្ហាញពីអារម្មណ៍រីករាយ និងសប្បាយចិត្ត ព្រោះនាងមិនស្មានថា រឿង«ចន្រ្ទា» ត្រូវទទួលបានជោគជ័យខ្លាំង ស្ទើរមិននឹកស្មានដល់ ពេលយកទៅដាក់បញ្ចាំងនៅក្នុងប្រទេសថៃ។ នាងប្រាប់ថា ខ្សែភាពយន្តនេះ ជារឿងលើកទី១សម្រាប់វត្តមានរបស់នាងសម្ដែង ហើយត្រូវបានយកទៅបញ្ចាំង នៅក្រៅប្រទេស។

បើតាមការសន្និដ្ឋានរបស់ ម៉ាក សែនសូនីតា បានបញ្ជាក់ថា រឿង«ចន្រ្ទា» មានលក្ខណៈបច្ចេកទេសតាមស្ដង់ដារ របស់ភាពយន្តបរទេស ទាំងសាច់រឿង ប្លង់ថត ការកាត់ត សំឡេង និងចំណុចពិសេសៗជាច្រើនទៀត ដែលអាចឲ្យអន្តរជាតិទទួលយកបាន ហើយនាងពិតជារំភើបណាស់ ដែលភាពយន្តខ្មែរ ត្រូវបានអន្តរជាតិ ចាប់អារម្មណ៍បែបនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload