អាណិត​ណាស់ ! ប្រឹង​ជួយ​ណាស់​ដែរ តែ​គាប​ជាប់​ពេក

ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់​ព្រូឡាន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ឯ​អ្នកបើកបរ​បាន​រង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ព្រីង ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ ហៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទ្រង់ ឃុំ​ព្រៃ​ផ្ទាំ ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ ដោយសារ​ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ ។

ទាក់ទង​នឹង​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវ​បាន​អ្នកស្រុក​នៅ​ក្បែរ​កន្លែង​កើតហេតុ​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​លើ​ដងផ្លូវ​គ្មាន​យានយន្ត​ផ្សេង​នោះ​ទេ គឺ​មាន​តែ​រថយន្ត​ដឹក​កុងតឺន័រ​នេះ​១​គត់ ដូច្នេះ​ហើយ​ទើប​គេ​សន្និដ្ឋាន​ថា មូលហេតុ​ទំនង​មក​ពី​អ្នកបើកបរ​ងងុយដេក​ពេល​កំពុង​បើកបរ ទើប​ធ្វើ​ឲ្យ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ ហើយ​ក្រឡាប់​បែប​នេះ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​រថយន្ត​ក្រឡាប់​ភ្លាមៗ ជន​រង​គ្រោះ​មិន​ទាន់​ស្លាប់​នោះ​ទេ គ្រាន់តែ​របួស​ប៉ុណ្ណោះ ប៉ុន្តែ​ជើង​ស្តាំ​របស់​គេ​បាន​គាប​ជាប់​នឹង​កាប៊ី​ន​រថយន្ត​ដក​មិន​រួច ចំណែក​អ្នកបើកបរ​ដែល​រួម​ដំណើរ ជាមួយ​គ្នា ព្រមទាំង​អ្នកស្រុក​៣-៤​នាក់​ដែល​នៅ​ក្បែ​នោះ​ក៏​បាន​ព្យាយាម​ជួយ​ទាញ​ជន​រង​គ្រោះ​ចេញ​ដែរ តែ​ទាញ​មិន​រួច​សោះ រហូត​ទឹក​ចូល​ពេញ​ក្បាល​រថយន្ត និង​លិច​បាត់​ទៅ​ក្នុង​ទឹក​ប្រឡាយ ទើប​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ឈ្លក់ទឹក​ស្លាប់ រីឯ​អ្នកបើកបរ​ក៏​រត់គេច​ខ្លួន​បាត់​ទៅ ។

រហូត​ដល់​ម៉ោង​៧​ព្រឹក គេ​ឃើញ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​ស្ទះ ចំណែក​ខាង​តំណាង​ក្រុមហ៊ុន​ម្ចាស់​កុងតឺន័រ​ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ហៅ​រថយន្ត​២​គ្រឿង​មក​ស្ទូច​ក្បាល​រថយន្ត​ឡើង​មក​លើ គាស់​យក​សព​ជន​រង​គ្រោះ​ដឹក​យក​ទៅ​ស្រុក​កំណើត​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕