មន្ត្រី​ឃ្លាំ​មើល​ថា​ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​ព្រះសីហនុ​ដំណើរ​ការ​ជា​ធម្មតា

មន្ត្រី​ពាក់ព័ន្ធ​ការងារ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី និង​មន្ត្រី​ឃ្លាំ​មើល​ការងារ​បោះឆ្នោត​នា​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៦ គិត​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា មាន​ដំណើរ​ការ​ជា​ធម្មតា។

មន្ត្រី​បោះឆ្នោត​អះអាង​ថា ទោះ​បី​ជា​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ខ្លះ​នា​ខេត្ត​ព្រះសីហនុ បាន​បើក​ទ្វារ​យឺត និង​មាន​បញ្ហា​ផ្នែក​ការី​កុំព្យូទ័រ​មួយ​ចំនួន​កាល​ពី​ដើម​ខែ​កញ្ញា ប៉ុន្តែ​ពេល​នេះ​មាន​ដំណើរ​ការ​ប្រសើរ​ហើយ។

ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ព្រះសីហនុ លោក ហួត ផុន ផ្តល់​សម្ភាស​តាម​ទូរស័ព្ទ​ឲ្យ​អាស៊ីសេរី ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ការងារ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ មិន​មាន​បញ្ហា​ខុស​ប្រក្រតី​ធំ​ដុំ​កើត​ឡើង​ទេ ប៉ុន្តែ​ទទួល​ស្គាល់​ថា មាន​បញ្ហា​ខុស​បច្ចេកទេស​ផ្នែក​ការី​កុំព្យូទ័រ​ខ្លះ​នៅ​តាម​ការិយាល័យ​មួយ​ចំនួន​ក្នុង​ចំណោម​ការិយាល័យ​ចុះ​ឈ្មោះ​ទាំង ២៧​ការិយាល័យ​នៅ​ទូទៅ​ខេត្ត​ព្រះសីហនុ។

លោក ហួត ផុន ប៉ាន់​ប្រមាណ​ថា គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ចុះ​ឈ្មោះ​សរុប​ជាង ៣​ម៉ឺន​នាក់​រួច​ហើយ​នៅ​តាម​ការិយាល័យ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នីមួយៗ។ លោក​បន្ត​ថា ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​អាច​មាន​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ឬ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​នា​ឆ្នាំ​២០១៦ នេះ​ប្រមាណ ១៣​ម៉ឺន​នាក់៖ «ការងារ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ នា​ខេត្ត​ព្រះសីហនុ យើង​នេះ គឺ​មិន​ទាន់​កើត​មាន​បាតុភាព​អ្វី​ធំ​ដុំ​កើត​ឡើង​ទេ។ ប៉ុន្តែ​ការ​មាន​បញ្ហា​បច្ចេកទេស​ប្រើប្រាស់​កុំព្យូទ័រ​កាល​ពី​ដើម​ខែ​កញ្ញា ថ្ងៃ​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​ដំបូង​ហ្នឹង គឺ​យើង​បាន​ដោះស្រាយ​ការងារ​នេះ​រួច​ហើយ មិន​មាន​អ្វី​កើត​ឡើង​ទៀត​ទេ»

មន្ត្រី​សង្កេតការណ៍​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) និង​ជា​អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ដំបូង​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​ខ្លះ​នា​ខេត្ត​នេះ មាន​ដំណើរ​ការ​រអាក់រអួល ដោយ​បើក​ទ្វារ​មិន​ទាន់​តាម​ពេល​កំណត់​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ឬ គ..ប កំណត់​ទេ។ ជាង​នេះ កើត​មាន​បញ្ហា​ខ្វះ​ការ​យល់​ដឹង​លើ​បុគ្គលិក​ការី​កុំព្យូទ័រ​មួយ​ចំនួន ប៉ុន្តែ​អាច​ចាត់​ទុក​ថា ការងារ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​នេះ​មាន​ដំណើរ​ការ​ល្អ គិត​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា៖ «ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ គឺ​មាន​ដំណើរ​ការ​រលូន​ប្រក្រតី​ជា​ធម្មតា ដោយ​មិន​កើត​មាន​បញ្ហា​ធំ​ដុំ​គួរ​ឲ្យ​កត់​សម្គាល់​កើត​ឡើង​ទេ គិត​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា»

បញ្ហា​នេះ​ដែរ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក សុខ សាវ៉ាត កត់​សម្គាល់​ថា ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ នេះ កើត​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រើ​រថយន្ត​សម្រាប់​ដឹក​មនុស្ស​ពី​មូលដ្ឋាន​ឃុំ-សង្កាត់​ផ្សេងៗ មក​ចុះ​ឈ្មោះ​នៅ​តាម​ការិយាល័យ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ផ្ដើម​ដោយ​សមាជិក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ចាត់​ទុក​សកម្មភាព​នេះ ថា​បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត ដែល គ..ប បាន​ដាក់​ឲ្យ​អនុវត្ត។

បញ្ហា​នេះ លោក សុខ សុវ៉ាត ស្នើ​ដល់​ថ្នាក់​ដឹកនាំ គ..ប ជួយ​មាន​វិធានការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ នេះ អនុវត្ត​ឲ្យ​ស្រប​តាម​ច្បាប់​បោះឆ្នោត​ដែល គ..ប បាន​កំណត់៖ «នៅ​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ឃើញ​មាន​ការ​ចល័ត​មនុស្ស​ពី​ឃុំ-សង្កាត់​ផ្សេង​មក​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​ជា​ពលរដ្ឋ​មិន​មាន​ទីលំនៅ ឬ​ការ​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​ជាក់ស្តែង។ ហើយ​ការ​ចល័ត​មនុស្ស គឺ​ជា​ការ​ខុស​ពី​គោលការណ៍​របស់ គ..ប បាន​កំណត់។ ការ​ចល័ត​មនុស្ស​នេះ បើ​សិន​ជា​ការ​បោះឆ្នោត​ជាតិ ឬ​បោះឆ្នោត​សភា គឺ​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ ប៉ុន្តែ​នេះ​គឺ​ជា​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ដូច្នេះ​ការ​ចល័ត​មនុស្ស​នេះ​បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត និង​ហាក់​មាន​ការ​រៀបចំ​ទុក​ជា​មុន»

ទាក់ទិន​ព្រឹត្តិការណ៍​នេះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា មក​ដល់​ពេល​នេះ គឺ​មាន​សន្តិសុខ​ល្អ។ លោក​អះអាង​ថា កម្លាំង​ជំនាញ​របស់​លោក​បាន​ដាក់​ពង្រាយ​រង់ចាំ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ទូទាំង​ខេត្ត​ព្រះសីហនុ។ លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស ពិសេស​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត ឬ​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​ទៅ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទាំងអស់​គ្នា៖ «សូម​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត ឬ​មាន​សិទ្ធិ​បោះឆ្នោត សូម​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​សម្ដែង​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ឆន្ទៈ ឬ​បាន​ស្ម័គ្រ​ចិត្ត​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​មាន​សន្តិភាព​ពេញលេញ​ល្អ។ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​កង​កម្លាំង​ប្រដាប់​អាវុធ សូម​ធានា​ចូលរួម​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ប្រកាស​ថា ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ មាន​រយៈពេល ៩០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ក្នុង​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។