រថយន្ត​ធុន​យក្ស​ដឹក​ខ្សាច់​នៅ​ទន្លេ​បិទ​យប់​ៗ​អាជ្ញាធរ​មិន​មាន​វិធានការ​ទប់ស្កាត់

ខេត្ត​ត្បូងឃ្មុំ ៖ ផ្លូវ​បេតុង​១​ខ្សែ​នៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដែល​មាន​ប្រវែង​សរុប​១.៦០០ម៉ែត្រ ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន សាន អ៊ា​ង ជា​គំរោង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវ​បានប្រជាពលរដ្ឋ​អបអរសាទរ ព្រោះតែ​រលោង និង​ស្រួល​ជិះ ។ ប៉ុន្តែ​ទទ្ទឹម​នឹង​នោះ​ក៏​មាន​រថយន្ត​ធុន​យក្សប្រភេទ​សណ្តោង និង​យី​ឌុ​ប​ជា​ច្រើន​គ្រឿង​បាន​បើក​ចូល​មក​ដឹក​ខ្សាច់​នៅ​តាម​កន្លែង​បើក​អាជីវកម្មលក់​ក្រួស​ខ្សាច់​នៅ​យប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ ដែល​បង្កក្តី​កង្វល់ ប្រសិនបើ​មិន​មាន​វិធានការ​ទប់ស្កាត់​ពី​អាជ្ញាធរ ក៏​ដូច​ជា​ស្ថាប័ន​ជំនាញ​ទេ​នោះ មិនយូរ និង​មិនឆាប់​ផ្លូវ​នឹង​ត្រូវ​រង​ការ​ខូច​ស្រុត​ទៅ​វិញ​។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ទន្លេ​បិទ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ពេល​កន្លង​មក នៅ​ពេល​ដែល​មាន​សភាតឹងតែង​នោះ រថយន្ត​ដឹក​ក្រួស​ខ្សាច់​ប្រភេទ​កង់​យី​ឌុ​ប​ធំ​ៗ គាត់​ឃើញ​ដឹក​តែ​នៅ​ពេល​យប់​ស្ងាត់​តាមកន្លែង​ធ្វើ​អាជីវកម្ម​លក់​ក្រួស​ខ្សាច់​នៅ​ទន្លេ​បិទ ដោយ​បាន​បើក​ចេញ​មក​យក​ទៅ​លក់​នៅ​ប៉ែក​ខាងកើត​និង​ឆ្លងស្ពាន​គី​ហ្ស៊ុ​ណា យក​ទៅ​លក់​ខេត្ត​ឆ្ងាយៗ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ប៉ុន្តែ​ក្រោយមក​រថយន្ត​ធំ​ៗ​ដឹក​ក្រួស​ខ្សាច់​ទាំងនោះ​មិនសូវ​ជា​ដឹកនៅ​ពេល​យប់​ៗ​ដូច​កាលពីមុន​ទៀត​ទេ ឥឡូវ​គេ​ដឹក​នៅ​ពេល​ថ្ងៃ​តែ​ម្តង ។ ប្រសិនបើ​អាជ្ញាធរ​បណ្តោយឲ្យ​ដឹក​បែប​នេះ នោះ​ផ្លូវ​បេតុង​ដែល​សាងសង់​ទើបតែ​រួច​មិន​ទាន់​បាន​១​ឆ្នាំ​ត្រឹមត្រូវ​អាច​នឹង​ត្រូវ​ខូច​ដោយសារ​តែ​ស្នាដៃ​របស់​ក្រុម​ឈ្មួញ រូប​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​គួរតែ​មាន​វិធានការ​ទប់ស្កាត់​រថយន្ត​ធុន​យក្ស​ធ្វើ​យ៉ាងណា កុំ​ឲ្យ​ចូល​ដឹក​ខ្សាច់​នៅ​ភូមិ​ទន្លេ​បិទ នាំ​ឲ្យ​ខូច​ស្រុត​ផ្លូវ​បេតុង​ស្រួល មិន​ស្រួល​អាច​នឹង​ស្រុត​ខូច​ទៅ​រក​សភាព​ដើម មាន​រណ្តៅ​ជង្ហុក​ធំ​ៗ​មាន​ភក់ជ្រាំ ។

លោក អាន ស៊ី​ណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​បេតុង​១​ខ្សែ​ខាងលើ​នោះ ធ្វើ​សម្រា​ប់​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​ដឹក​ជញ្ជូន​ទំនិញ​ផ្សេង​ៗ ចំពោះ​រថយន្ត​ដឹក​ខ្សាច់​ធំ​ដែល​បើក​ចូល​មក​ដឹក​នៅ​ទន្លេ​បិទ គឺ​មិន​មានការ​ហាមឃាត់​ទេ តែបើ​សិន​ដឹក​លើស​ទម្ងន់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ជា​អ្នក​ផាកពិន័យ ហើយ​ផ្លូវ​ខូច​មាន​តែ​មន្ទីរ​របស់​លោក​ចុះ​ជួសជុល​។

ម្ចាស់​អាជីវកម្ម​ខ្សាច់​យី​យោ វ៉ា គី​ម​ម៉ុង នៅ​ភូមិ​ទន្លេ​បិទ ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា​ថា ចំពោះ​រថយន្ត​ធុន​ធំ​ៗ​ដែល​បាន​ដឹក​ខ្សាច់​នៅ​យប់​ថ្ងៃ​ទី​១៧ កញ្ញា មិន​បាន​ដឹក​ចេញពី​កន្លែង​របស់​គាត់នោះ​ទេ គឺ​រាល់ថ្ងៃ​ប្រឹង​ដឹក​ធ្វើ​យ៉ាងណា​គោរព​ច្បាប់​ដូច​ជា រថយន្ត​ប្រភេទ​ភ្លៅ​៥​តម្រូវ​ឲ្យ​ដឹក​តែ​២៤​តោន តែបើ​សិន​ដឹក​លើស​ពី​នេះ ត្រូវ​ក្រុម​ជញ្ជីង​ផាកពិន័យ​អស់​រាប់​លាន​រៀល ។

លោក ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ​រូប​លោក​មិន​អាច​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទន្លេ​បិទ ទៅ​ពាំង​រថយន្ត​ដឹក​ខ្សាច់​បាន​ទេ គឺ​មាន​តែ​ធ្វើលិខិត​១​ច្បាប់​បញ្ជូន​តាម​រយៈ​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ជាមួយ​នោះ​លោក​ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ក៏​បាន​ចាត់​ឲ្យ​លោក​អភិបាលរង​ខេត្ត​ម្នាក់ បង្កើត​គណៈកម្មការ​ចុះ​មក​ត្រួតពិនិត្យ និង​ចាត់វិធានការ​លើ​រថយន្ត​ដឹក​ខ្សាច់​ដែល​ហុយ និង​លើស​ទម្ងន់ ៕