អ្នក​ជំនាញ​ផ្ដល់​គន្លឹះ​៥​ចំណុច​ដល់​សិស្ស​ឲ្យ​រើស​ជំនាញ​សិក្សា​បាន​ត្រឹមត្រូវ

ក្រសួង​អប់រំ យុវជន និង​កីឡា​ឲ្យ​ដឹង​ថា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និស្សិត​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​តែ​ប្រឈម​នឹង​ភាព​អត់​ការងារ​ធ្វើបញ្ហា​នេះ​បណ្ដាល​មក​ពីនិស្សិត​ភាគច្រើនជ្រើសរើស​រៀន​តែ​មុខ​ជំនាញ​សេដ្ឋកិច្ច និង​ធុរកិច្ច ដោយ​មិន​សូវ​ចាប់​អារម្មណ៍​រៀន​ជំនាញ​បច្ចេកទេស។ ទន្ទឹម​គ្នា​នេះ អ្នក​ជំនាញ​អប់រំ បាន​ផ្ដល់​អនុសាសន៍​៥​ចំណុច​ដល់​សិស្ស​ទើប​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប (BacII) ដើម្បី​អោយ​ពួកគេ​គេច​ចេញ​ពី​ភាព​អត់​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការសិក្សា

អ្នក​ជំនាញ​ខាង​អប់រំ​លើក​ឡើង​ថា ដើម្បី​កាត់​បន្ថយ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​រវាង​ការអប់រំ និង​តម្រូវការ​ការងារ​ចាំបាច់​ត្រូវ​ផ្ដើម​ចេញ​ពី​ការ​សម្រេច​ចិត្ត​របស់​សិស្ស​ជ្រើសរើស​មុខវិជ្ជា ឬ​សិក្សា​ជំនាញ​បាន​ត្រឹមត្រូវ។

ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី «ការ​តម្រង់​ទិស​លើ​មុខ​ជំនាញ​ថ្នាក់​ឧត្ដម​សិក្សា​សម្រាប់​សិស្ស​ជាប់​បាក់ឌុប និង​ការងារ» ប្រចាំ​ឆ្នាំ​២០១៦ ដែល​រៀបចំ​ឡើង​នា​ថ្ងៃ​ទី​១៧ ខែ កញ្ញា។ កម្មវិធី​នេះ​មាន​គោលបំណង​ផ្ដល់​ចំណេះ​ដឹង​ដល់​សិស្ស​ដែល​ទើប​បញ្ចប់​ការ​ប្រឡង​សញ្ញាប័ត្រ​ទុតិយ​ភូមិ ឬ​បាក់ឌុប ដើម្បី​រៀបចំ​ដំណើរ​ជីវិត​ឲ្យ​បាន​ត្រឹមត្រូវ

ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ជិត​៤០០​នាក់ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​ដែល​ជិះ​ឥទ្ធិពល​ដល់​ឱកាស​ការងារ​របស់​សិស្ស​ភាគ​ច្រើន​មក​ពី​ការ ជ្រើសរើស​មុខ​ជំនាញ ឬ​មុខវិជ្ជា​សិក្សា​នៅ​សាកលវិទ្យាល័យ​មិន​បាន​ត្រឹមត្រូវ។ លោក​បន្ត​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​កង្វះ​ព័ត៌មាន កត្តា​អូសទាញ​ពី​ក្រុម​គ្រួសារ សង្គម និង​កត្តា​សិស្ស​ខ្លួន​ឯង​ដែល​មិន​ដឹង​ពី​ទេពកោសល្យ ឬ​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ពិត​ប្រាកដ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​រូប​នេះ​ក៏​បាន​ផ្ដល់​អនុសាសន៍​៥​ចំណុច​ដល់​សិស្ស ដើម្បី​ងាយស្រួល​ជ្រើស​រើស​មុខ​វិជ្ជា​អោយ​បាន​ត្រឹមត្រូវ និង​គេច​ចេញ​ពី​ភាព​អត់​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការ​សិក្សា។ លោក​ថា​សិស្ស​ចាំបាច់​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ចំណូល​ចិត្ត ទេពកោសល្យ​ពី​កំណើត ផែនការជីវិត តម្រូវការ​ទីផ្សារ​ការងារ និង​ស្វែងយល់​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់៖ «យើង​ត្រូវ​ចេះ​ស្រាវជ្រាវ​ខ្លួន​ឯង ចេះ​ស្វែងយល់​ខ្លួន​ឯង ហើយ​ចេះ​ស្ដាប់​គេ។ បន្ទាប់​មក​ទៀត​យើង​ត្រូវ​ជ្រើស​ជំនាញ​ដែល​ទីផ្សារ​ត្រូវការ អ៊ីចឹង​យើង​មិន​មើល​តែ​ចំណង់​ចំណូល​ចិត្ត​ដែរ គឺ​យើង​ក៏​មើល​ពី​និយោជក និង​ទីផ្សារ​គេ​ត្រូវការ​ដែរ។ អ៊ីចឹង​បើ​សិន​ជា​រៀន​តែ​មុខវិជ្ជា​ដែល​គេ​រៀន​ច្រើន​ក៏​ទីផ្សារ​ចង្អៀត​ដែរ​អ៊ីចឹង​ការ​ជ្រើសរើស​ជំនាញ​សិក្សា​គឺ​ជា​រឿង​សំខាន់»

ទន្ទឹម​គ្នា​នេះ​នាយក​វិទ្យាស្ថាន​កម្ពុជា​អាស៊ាន លោក សៀង សុខបញ្ញា មាន​ប្រសាសន៍​ដែរ​ថា នៅ​ពេល​សិស្ស​សម្រេច​ចិត្ត​សិក្សា​ជំនាញ ឬ​មុខវិជ្ជា​នៅ​សាកលវិទ្យាល័យ​មិន​ស៊ី​សង្វាក់​នឹង​ទេពកោស​ល្យ​ពី​កំណើត និង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​មិន​ត្រឹម​តែ​រក្សា​កំណើន​និសិត្ស​អត់​ការងារ​ធ្វើ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជះ​ឥទ្ធិពល​ដល់​កំណើន​សេដ្ឋកិច្ច​ផង​ដែរបន្ថែម​ពី​នេះ​លោក​ស្នើ​ឲ្យ​យុវជន​ត្រូវ​ពង្រឹង​សមត្ថភាព​ផ្នែក​ភាសា​ឲ្យ​បាន​រឹងមាំ ចំណែក​ក្រសួង​អប់រំ និង​វិទ្យាស្ថាន​ឧត្ដម​សិក្សា​ទាំងអស់​ត្រូវ​តែ​ពង្រឹង​គុណភាព​អប់រំ​ឲ្យ​បាន​ល្អ ដើម្បី​ជំរុញ​ឲ្យ​និស្សិត​ក្រោយ​ពី​បញ្ចប់​ការសិក្សា​អាច​ទទួល​បាន​ការងារ​ធ្វើ«ស្ថាប័ន​អប់រំ​ទាំងអស់​គ្នា​ត្រូវ​តែ​ពង្រឹង។ ដូច្នេះ​សកល​វិទ្យាល័យ​គឺ​ដើរ​តួនាទី​សំខាន់​ណាស់ ហើយ​ខ្ញុំ​ក៏​ស្នើ​ឲ្យ​ក្រសួង​អប់រំ​ដែល​ជា​ម៉ែ​ជា​ឪ​យើង​ត្រូវ​តែ​តាមដាន​មើល​ការអប់រំ​របស់​សិស្ស»

ចំណែក​យុវជន​ដែល​ទើប​បញ្ចប់​ការ​ប្រឡង​បាក់ឌុប​ក្នុង​ឆ្នាំ២០១៦​នេះ យុវជន សុយ ល៉ីនប៉ាវ មក​ពីខេត្ត​កំពង់ធំ​បាន​និយាយ​ថា​កម្មវិធី​នេះ​ល្អ​សម្រាប់​សិស្ស​វិទ្យាល័យ​ព្រោះ​បាន​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​របស់​សិស្ស និង​អាច​អោយ​សិស្ស​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ជាង​មុន។ យុវជន សុយ ល៉ីនប៉ាវ បាន​ឲ្យដឹង​ថា លោក​បាន​ជ្រើសរើស​មុខវិជ្ជា​វិស្វកម្ម​ព្រោះ​ជា​មុខវិជ្ជា​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត និង​ទេពកោសល្យ​ពី​កំណើត​របស់​ខ្លួនប៉ុន្តែ​យុវជន​រូប​នេះ​ក៏​ស្នើ​ឲ្យ​ក្រសួង​អប់រំ​គួរតែ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅ​កាន់​សិស្ស​នៅ​បណ្ដា​ខេត្ត​ឲ្យ​បាន​ទូលំទូលាយ​ផង«ព្រោះ​ភាគច្រើន​ព័ត៌មាន​ហ្នឹង សំបូរ​តែ​នៅ​ទីក្រុង​ដែរ ។ ចង់​រៀន​អី​ក៏​មិន​ដឹង​ដែរ ឲ្យ​តែ​គេ​ថា​ល្អ​គឺ​តែង​រៀន​តាម តែ​បើ​គេ​ថា​មិន​ល្អ​ក៏​អត់​រៀន​ដែរ​អ៊ីចឹង​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ផង»

ក្នុង​សិក្ខាសាលា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​សិស្ស​ដែល​ជាប់​បាក់ឌុប គួរ​សិក្សា​ជំនាញ​បច្ចេកទេស​ដូចជា វិទ្យាសាស្ត្រ​មូលដ្ឋាន ទេសចរណ៍ វិស្វកម្ម និង​វិស័យ​កសិកម្ម​ ព្រោះ​កម្ពុជា នៅ​តែ​ប្រឈម​នឹង​បញ្ហា​កង្វះ​ធនធាន​មនុស្ស​ក្នុង​វិស័យនេះ រីឯ​ទីផ្សារ​ការងារ​ក៏​កំពុង​តែ​ត្រូវការ​ផង​ដែរ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។