៧ ចំណុច សាងទំនាក់ទំនងតាមក្តីប្រាថ្នា

6 Videos


កិច្ចទំនាក់ទំនងក្នុងសង្គមនិងទំនាក់ទំនងមិត្តភាពឫស្នេហាក្តី រមែងកើតមានចំពោះមនុស្សក្នុងការប្រាស្រ័យ ទាក់ទងគ្នាដោយមិនអាចកាត់ផ្តាច់បាន ។ ប៉ុន្តែមនុស្សខ្លះមិនមានភាពជឿជាក់ខ្លួនឯង និងតែងបាក់ទឹកចិត្ត ក្នុងកិច្ចទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ដោយឈរលើរនាំងមួយចំនួនដូចជា ឋានៈ តួនាទី ទ្រព្យសម្បត្តិ វ័យអាយុកាល រូបរាង និងកម្រិតចំណេះដឹងជាដើម ។ ប៉ុន្តែបើវានៅតែជារនាំងក្នុងការកសាងទំនាក់ទំនងអោយបានល្អនិងតាមបំណងប្រាថ្នានោះ អ្នកគួរអនុវត្តតាមវិធីសាស្រ្ត ៧ចំណុចខាងក្រោម ៖

១. កុំសំឡឹងក្នុងក្រសែភ្នែកមុតមាំខ្លាំងពេក ៖
ត្រូវរក្សាក្រសែភ្នែកសំឡឹងដោយស្រទន់ទៅកាន់មនុស្សជុំវិញខ្លួន គឺជាមន្តស្នេហ៍មួយនៃការផ្តើមទំនាក់ទំនង និងរក្សាទំនាក់ទំនង ។ មនុស្សគេមិនសូវជាចូលចិត្តបុគ្គលដែលមានមុខមាំ ភ្នែកកាច សំឡឹងដូចមានកំហឹងតាំងពីពេល ណានោះទេ ។ ដូច្នេះអ្នកត្រូវរក្សាក្រសែភ្នែកអោយស្រទន់ ។

២. ត្រូវកែប្រែខ្លួនឯងជាថ្មី៖
អ្នកត្រូវពិនិត្យឡើងវិញនូវការអភិវឌ្ឈន៍ខ្លួនឯងដោយផ្តោតលើការកែប្រែរូបរាង ការគិត និងការលើកទឹកចិត្ត ថាតើវាបណ្តាលមកពីបញ្ហាអ្វី បានជាទំនាក់ទំនងរបស់អ្នកហាក់ដូចជាមិនសូវសមប្រកប។ អ្នកត្រូវស្វែងយល់ថា ពីចំណុចអ្វីខ្លះដែលអ្នក និងដៃគូរអ្្នក ឫមនុស្សជុំវិញខ្លួនត្រូវការ។

៣. រៀនពីបទពិសោធន៍ចាស់ កែលំអរសារជាថ្មី ៖
មនុស្សជាថនិកសត្វមានប្រាជ្ញាឈ្លៀសវៃ ឆ្លងកាត់បទពិសោធន៍និងចងចាំនូវហេតុការណ៍ផ្សេងៗក្នុងជីវិត ដូច្នេះគោលបំណងនៃជីវិតគឺត្រូវរៀនអភិវឌ្ឈន៍ខ្លួនឯងនូវអ្វីដែលថ្មី គឺមិនត្រឹមតែជួយដល់ខ្លួនឯងនោះទេ តែវានឹងជួយចែករំលែកដល់មនុស្សជុំវិញខ្លួនបានថែមទៀតផង ។ ត្រូវមានជំនឿចិត្ត ថាដរាបណាអ្នកនៅមាន ខ្យល់ដង្ហើមដក អ្នកមិនត្រូវអស់សង្ឃឹមនោះទេ ហើយការកសាងទំនាក់ទំនងគឺមិនមែនជារឿងដែលពិបាក នោះឡើយ អ្នកអាចទទួលបាននូវចំណាប់អារម្មណ៍សារជាថ្មី នូវក្តីស្រឡាញ់ ដរាបណាអ្នកទទួលស្គាល់ ថាខ្លួន ឯងមានការប្រែប្រួលជាមុន ។

៤. ត្រូវចាំថាការផ្តាច់ទំនាក់ទំនងមួយវាមិនមែនជាចុងបញ្ចប់នៃសេចក្តីស្រឡាញ់នោះទេ ៖
ឱកាសដែលអ្នកមានក្នុងរឿងស្នេហាគឺមិនមែនមានតែបុគ្គលម្នាក់នោះទេ នៅលើលោកនេះ គឺមានមនុស្ស ជាច្រើនណាស់ដែលអ្នកអាចរកបាន ដូច្នេះប្រសិនបើបេះដូងអ្នកឈឺចាប់ ឫមានអារម្មណ៍ថាពិបាករស់នៅក្នុង ទំនាក់ទំនងមិនចុះសម្រុង អ្នកត្រូវឆក់យកឱកាសថ្មី និងរៀនស្វែងយល់ពីការឈឺចាប់នោះអោយក្លាយជា ការលើកទឹកចិត្ត។ ត្រូវសម្រាកផ្លូវចិត្តមួយរយៈ និងរំលឹកខ្លួនឯងថា អ្វីៗនឹងប្រសើរទៅតាមពេលវេលា ។

៥. កុំធ្វើដូចតួអង្គក្នុងខ្សែភាពយន្ត ៖
ស្វែងយល់ពីមនោសញ្ចេតនា ថាវាជារូបបំភាន់មួយដ៏ស្រស់ត្រកាល វាអាចល្អ និងប្រែក្រឡាស់ទៅជាអាក្រក់ នៅពេលណាមួយ ហើយអ្នកត្រូវចាំថា ដៃគូររបស់អ្នកនឹងមិនផ្តល់នូវអ្វីល្អជារៀងរហូតនោះដែរ ហើយអ្នកក៏ មិនត្រូវចាំបាច់ទាមទារពីគេគ្រប់ពេលនោះដែរ ។ ការគិតបែបនេះ វានឹងជួយអោយអ្នកអាចរក្សាបាននូវទំនាក់ ទំនងដោយទទួលស្គាល់ការពិតនិងមិនឈឺចាប់ នូវអត្តចរិក និងភាពប្រែប្រួលនៅពេលណាមួយ ។ ស្នេហា វាមិនកើតមានឡើងដូចនៅក្នុងខ្សែភាពយន្តនិងរឿងប្រឡោមលោកទាំងអស់នោះដែរ ។

៦. ជឿជាក់លើខ្លួនឯង ៖

ការលះបង់ និងផ្តល់នូវអ្វីដែលអ្នកមាន និងចង់បាន ទៅអោយអ្នកដទៃ គឺជាគន្លឹះបើកទ្វាទៅកាន់ចក្រវាឡនៃ ភាពជោគជ័យក្នុងកិច្ចទំនាក់ទំនង និងស្វែងរកដៃគូរដ៏សក្តិសម ។ ប៉ុន្តែអ្នកត្រូវចាំថា ការធ្វើដូច្នេះវានឹងធ្វើអោយជិវិតអ្នកប្រែពណ៌ ទៅតាមកាលៈទេសៈដែលផ្តល់អោយ វានឹងធ្វើអោយជីវិតអ្នកផ្លាស់ប្តូរ ។

៧. ទុកចន្លោះទំនេរសម្រាប់ទទួលក្តីស្រឡាញ់ ៖

ការអនុវត្តន៍នូវឥរិយាបថប្រែប្រួលក្នុងជីវិត ដូចជាការប្រែប្រួលពីការមិនធ្លាប់ហាត់ប្រាណ មកទម្លាប់ហាត់និងធ្វើសមាធិ វានឹងជួយអោយស្មារតីអ្នកស្ងប់និងអាចបើកចិត្តទទួលយកក្តីស្រឡាញ់ជាថ្មី ។ ដូច្នេះបើអ្នកចង់មានទំនាក់ទំនងល្អ អ្នកត្រូវទទួលយកនិងផ្តល់នូវទស្សនៈផ្សេងៗដែលមនុស្សតែងចែក រំលែក ហើយត្រូវចាំថារាល់ទង្វើរបស់អ្នក គឺធ្វើទៅសមស្របទៅតាមអ្វីដែលអ្នកចង់បាន ៕ សុផល