កាណូត​បុក​កំពង់​នៅ​ថៃ ស្លាប់​យ៉ាង​តិច​១៣នាក់

កាណូតចម្លង​មួយនេះ បានព្យាយាមបើកគេស ពីកាណូតផ្សេងមួយទៀត តែបានជ្រុលមកបុក សរសរ​បេតុង​មួយ​ដើម របស់​កំពង់​ចម្លង បណ្ដាល​ឲ្យ​លិច ហើយបង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ របួស​និង​បាត់​ខ្លួន​ជាច្រើននាក់។
ទិដ្ឋភាព នៃការលិចកាណូត ក្នុងទន្លេចៅប្រាយ៉ា ប្រទេសថៃ។

មនុស្សយ៉ាងតិច១៣នាក់ បានស្លាប់ នៅល្ងាចថ្ងៃអាទិត្យនេះ ក្នុងទន្លេចៅប្រាយ៉ា ប្រទេសថៃ បន្ទាប់ពីកាណូត​ចម្លង​មួយ បានជ្រុលទៅបុកកំពង់របស់ខ្លួន ហើយបានលិច។ នេះបើតាមការប្រកាសឲ្យដឹង របស់​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់ ក្នុងផ្នែកសង្គ្រោះបន្ទាន់ ប្រចាំក្រុងអយុធ្យា។

លោក «Udomsak Khaonoona» ដែលតំណាងឲ្យក្រុមអ្នកជួយសង្គ្រោះ បានថ្លែងថា៖ «មនុស្ស១៣នាក់ ពិត​ជា​បានលាចាកលោក ហើយ៣៣នាក់ទៀត បានរងរបួស។ នេះជាតួលេខ ដែលអាចរាប់ដឹង មកដល់ពេលនេះ។»។

ហេតុការណ៍បានកើតឡើង នៅក្នុងទន្លេចៅប្រាយ៉ា នៃក្រុងអយុធ្យា ដែលស្និតនៅចំងាយ៨០គីឡូម៉ែត្រ ខាង​ជើង​រាជធានី​បាងកក។ លោក «Khaonoona» បានបន្តពន្យល់ថា៖ «កាណូតបានព្យាយាមបើកគេស ពី​កាណូត​មួយ​ទៀត តែបានជ្រុលមកបុកសរសរមួយដើម របស់កំពង់ចម្លង»។

លោកបានអះអាងទៀតថា អ្នកដំណើរនៅលើកាណុត សុទ្ធសឹងជាប្រជាជនថៃ ដែលជា​អ្នកស្រុក​ក្នុង​តំបន់​នោះ។

» ខាងក្រោមនេះ ជារូបថតនៃការលិចកាណូត ដែលត្រូវបានថតនៅពេលយប់៖

កាណូត​បុក​កំពង់​នៅ​ថៃ ស្លាប់​យ៉ាង​តិច​១៣នាក់

អ្នកទទួលខុសត្រូវ ផ្នែកជួយសង្គ្រោះដដែល បានថ្លែងឲ្យដឹងថា ទំនងជាមានមនុស្សជាង១០០នាក់ នៅលើ​កាណូត​នោះ ខណៈពេលនេះ មនុស្សបួននាក់ កំពុងបាត់ខ្លួននៅឡើយ។

ដូចរូបភាព នៅក្នុងវីដេអូ​(ខាងលើ) បានបង្ហាញស្រាប់ ថាការព្យាយាមជួយសង្គ្រោះ យ៉ាងស្វិតស្វាញ និងតាម​គ្រប់​មធ្យោបាយ ពីសំណាក់ក្រុមអ្នកជួយសង្គ្រោះ ដើម្បីជួយសង្គ្រោះអ្នកដំណើរ។ ពួកគេបានប្រើខ្សែ ដើម្បី​ជួយ​ឲ្យ​ជន​រងគ្រោះ​តោង ហើយហែងសំដៅច្រាំង៕