ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៥១)

ភាគ​ទី​៥១

កួកឆេង​សម្លឹង​គូ​ស្នេហា​ស្ទើរ​បាត់​ព្រលឹង ព្រោះ​សំឡេង​នាង​ស្រួយ​ណាស់ ហើយ​លន្លោច​ផង ថែម​ទាំង​មុខ​នាង​ទៅ​ជា​ស្រងូត ជា​កត្តា​មួយ​ញ៉ាំង​សោភណភាព​នាង​ឱ្យ​កាន់តែ​ស្រស់​បំព្រង​ឡើង​។ កួកឆេង​ហៀប​ហា​មាត់​សួរ ឫស​គល់​នៃ​កំណាព្យ​នោះ ស្រាប់​តែ​មាន​សំឡេង​ស្មូត​មួយ​ទៀត​ បាន​លាន់​ឮ​ឡើង​លន្លង់​លន្លោច​ណាស់​ដែរ ហើយ​ហាក់​ដូច​ជា​អ្នក​នោះ​ឯង​កំពុង​ស្មូត​បន្ត​នៃ​កំណាព្យ​ ដែល​ហួងយុង​បាន​ចាប់ផ្ដើម​នោះ​ឯង​។ គឺ​ជា​សំឡេង​ស្មូត​ដ៏​ពីរោះ​ស្រងេះស្រងោច​ បាន​លាន់​ចេញ​ពី​មាត់​អ្នក​នេសាទ​ខាង​ទូក​តូច​នោះ​ដែរ។ ហួងយុង​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ស្មូត​នេះ​ ដោយ​យក​ចិត្ត​ទុក​ដាក់​ទាំង​ទឹក​មុខ​ស្រងូត​ជា​ពន់ពេក​។

 

កួកឆេង​បន្ត​​​វាចា​សួរ៖
«អូន​យុង​! ម៉េច​អូន​ឯង​ស្រងូតស្រងាត់​ខ្លាំង​ម្ល៉េះ?»
ហួងយុង​ឆ្លើយ​ទាំង​បារម្ភ​ថា៖
«រាល់​ថ្ងៃ​អូន​តែង​សូត្រ​កំណាព្យ​នេះ​ជា​មេរៀន ហេតុអ្វី​អ្នក​នេសាទ​នេះ​ក៏​ចេះ​កំណាព្យ​នេះ​ដែរ លោក​ជា​អ្នក​ណា​ហ្ន? ពិសេស​ទៅ​ទៀត​សំឡេង​ស្មូត​របស់​លោក​ លន្លង់លន្លោច​ខ្លោច​ផ្សា​​ពេក​ណាស់។ មើល៍​បង! យើង​ខិត​ទូក​ទៅ​ជិត​បន្តិច ​ដើម្បី​មើល​ឱ្យ​ស្គាល់​អ្នក​ស្ទូច​ត្រី​នោះ​ម្ដង​ណា៎​បង!»

 

មិត្ត​ទាំង​ពីរ​ក៏​ចែវ​ទូក​របស់​ខ្លួន​តម្រង់​ទៅ​ទូក​តូច​នោះ។ ព្រម​ជាមួយ​នេះ ​អ្នក​ស្ទូច​ត្រី​ក៏​ចែវ​ទូក​របស់​គាត់​តម្រង់​យុវជន​ទាំង​ពីរ​ដែរ។ លុះ​ទូក​ទាំង​ពីរ​នៅ​ឆ្ងាយ​ពី​គ្នា​ប្រហែល​១៥​ម៉ែត្រ​ប៉ុណ្ណោះ​ អ្នក​ស្ទូច​ត្រី​ពោល​ថា៖
​«ខ្ញុំ​ពុំ​ស្មាន​ជា​មុន​សោះ​ ថា​ថ្ងៃ​នេះ​បាន​ជួប​បញ្ញវន្ត​លើ​ទន្លេ​នេះ សូម​អញ្ជើញ​លោក​ពីរ​ឆ្លង​មក​លើ​ទូក​ខ្ញុំ​ពិសា​ស្រា​ពីរ​បី​ពែង ​ដើម្បី​ជា​ឱកាស​សុំ​ស្គាល់​គ្នា​ផង!»

វាចា​​របស់​អ្នក​នេសាទ​ស្រគត់ស្រគំ​សុភាព​ណាស់ ជា​ហេតុ​ញ៉ាំង​នាង​ឱ្យ​មាន​សមានចិត្ត​ភ្លាម ទើប​នាង​ឆ្លើយ​ដោយ​រីករាយ​ថា៖
«ជា​កិត្តិយស​មួយ​ធំ​មែន ដែល​បាន​ជជែក​ពិភាក្សា​ជាមួយ​លោក តែ​ក្រែង​នាំ​អំពល់​ទុក្ខ​លោក​ទេ​ដឹង?»
អ្នក​នេសាទ​សើច​ហាស​ៗ ឆ្លើយ​ថា៖
«មិន​ជា​ការ​អំពល់​ទុក្ខ​អ្វី​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ការ​សប្បាយ​ណាស់​ ដែល​បាន​ជួប​នឹង​បញ្ញវន្ត​យ៉ាង​នេះ​»

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៥១)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ