អ្នក​ជំនាញ​ថា អ្នក​​ប្រដាល់​​កម្ពុជា​បច្ចុប្បន្ន​គិត​លើ​​កិត្តិយស​​ជាង​លុយ​

តាម​រយៈ​ការ​រីក​ដុះ​ដាល​សង្វៀន​ប្រដាល់​ស្ទើរ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ និង​មាន​កម្មវិធី​ប្រកួត​​ទាំង​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​រៀង​រាល់​សប្ដាហ៍​ ឯក​ឧត្តម​ តែម ម៉ឺន​​ ប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​កម្ពុជា​យល់​​ឃើញ​ថា​ ស្ទើរ​តែ​មិន​មាន​ភាព​មិន​ប្រក្រតី​​កើត​មាន​ឡើង​​ឡើយ​កីឡាករ​ប្រដាល់​កម្ពុជា​​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។

អ្នក​ជំនាញ​ថា អ្នក​​ប្រដាល់​​កម្ពុជា​បច្ចុប្បន្ន​គិត​លើ​​កិត្តិយស​​ជាង​លុយ​

ឯកឧត្តម តែម ម៉ឺន បំពាក់ខ្សែ​ក្រវាត់​ដល់​ កែវ រំចង់ ដែលឈ្នះ​ពី អួត ភូថង

 

ឯកឧត្ដម​ តែម​ ម៉ឺន​មាន​ប្រសាសន៍​ថា ​វា​ពិត​ជា​ល្អ​​ណាស់​សម្រាប់​ការ​ប្រកួត​ប្រដាល់​​​ពេល​បច្ចុប្បន្ន។ សហព័ន្ធ​​បាន​​នឹង​កំពុង​ធ្វើ​កិច្ច​ការ​នេះ​យូរ​ហើយ​ទាំង​ការ​​ពង្រឹង​សមត្ថភាព​​របស់​​មន្ត្រី​បច្ចេកទេស​​ ចំណាត់ការ​ទប់​ស្កាត់​ដល់​មន្ត្រី​ខិលខូច​ និង​​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់​យ៉ាង​ល្អ​ផង​ដែរ។

 

លើស​ពី​នេះ​ទៀត​ សហព័ន្ធ​បាន​​ដាក់​ពិន័យ​កីឡាករ​ដែល​មាន​ភាព​មិន​ប្រក្រតី​សម្រាប់​ការ​ប្រកួត​កន្លង​មក​ ការ​​ណែនាំ​ដល់​កីឡាករ​អំពី​សីលធម៌​ អត្តចរិត​ ឆន្ទៈ​ ឲ្យ​យល់​ឃើញ​ពី​កាតព្វកិច្ច​របស់​ខ្លួន​​​ដែល​ត្រូវ​​ចូល​រួម​ចំណែក​អភិវឌ្ឍ​ដល់​សង្គម​ជាតិ​ និង​ការ​លើក​តម្លៃ​ខ្លួនឯង។

 

ចំណែក​អតីត​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​លោក​​ អេ​ ភូថង​ ពិត​ជា​​សប្បាយ​រីករាយ​​ចំពោះ​​សកម្មភាព​កីឡា​ប្រដាល់​កម្ពុជា​នា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ និង​ចង់​ប្រដាល់​កម្ពុជា​មាន​ដំណើរ​ការ​ល្អ​បែប​នេះ​រហូត។​

 

អ្នក​ជំនាញ​ថា អ្នក​​ប្រដាល់​​កម្ពុជា​បច្ចុប្បន្ន​គិត​លើ​​កិត្តិយស​​ជាង​លុយ​

លោក អេ ភូថង

 

លោក អេ ភូថង​​ថា​ ឥឡូវ​នេះ​កីឡាករ​មាន​ឱកាស​ឡើង​ប្រកួត​យ៉ាង​តិច​ក៏​២ដង​ក្នុង​មួយ​ខែ​ដែរ។​ ការ​ប្រកួត​មាន​ច្រើន​ដូច​នេះ​ប្រាក់​ចំណូល​ក៏​បាន​ច្រើន​តាម​សមត្ថភាព​ និង​ការ​ប្រកួត​។ «​ល្អ​សឹង​តែ​១០០%​​ទៅ​ហើយ​រាល់​ប្រកួត។ ​ភាព​មិន​ប្រក្រតី​​មាន​តិច​តួច​​បំផុត​ ខាង​សហព័ន្ធ​​បាន​ព្យាយាម​តាម​ដាន​និង​កែប្រែ​មិន​ឲ្យ​កើត​ឡើង​ទេ»។

 

រឿង​ដេញ​​កីឡាករ​ចេញ​ពី​សង្វៀន​ដោយ​មិន​ប្រកាស​លទ្ធផល​ ​ពេល​បច្ចុប្បន្ន​នេះ​ក៏​​ស្ទើរ​តែ​គ្មាន​ ហើយ​​គ្មាន​មិន​ប្រក្រតី​អ្វី​គួរ​ឲ្យ​កត់​សំគាល់​ឡើយ។ លោក​បាន​និយាយ​ និង​បន្ត​ថា គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​ផ្គូផ្គង​ដោយ​ម៉ត់​ចត់​ និង​មាន​តម្លាភាព។​ ឥលូវ​នេះ​កីឡាករ​ស្រលាញ់​កេរ្តិ៍​ឈ្មោះ​និង​ចង់​ល្បីល្បាញ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

 

«ខ្ញុំ​អរគុណ​ប្អូន​ៗ​ជំនាន់​ក្រោយ​ដែល​ខំ​ប្រឹង​ប្រែង ​និង​មិន​លក់​ឧត្ដម​គតិ​ខ្លួន​ឯង​ ​ការ​ខំ​ប្រឹង​នេះ​ដើម្បី​ជីវភាព​ខ្លួន​ឯង​ កិត្តិយស​គ្រួសារ​ និង​ប្រទេស​ជាតិ​យើង។ ការ​ខំ​ប្រឹង​នេះ​វា​នឹង​ឲ្យ​ផល​ពេល​ក្រោយ​ដូច​ជា​កីឡាករ​ មឿន​ សុខហ៊ុច​ជា​ដើម»៖ សម្ដី​លោក​គ្រូ​ អេ​ ភូថង

 

អ្នក​ជំនាញ​ថា អ្នក​​ប្រដាល់​​កម្ពុជា​បច្ចុប្បន្ន​គិត​លើ​​កិត្តិយស​​ជាង​លុយ​

កីឡាករ រឿង សោភ័ណ្ឌ

 

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​​ រឿង​ សោភ័ណ្ឌ​ ​ក៏​មាន​ទស្សនៈ​​មិន​ខុស​ពី​លោក​គ្រូ​ អេ​ ភូថង​ដែរ​​ដោយ​បាន​និយាយ​ថា ​ឥឡូវ​នេះ​តម្លៃ​ខ្លួន​ខ្ពស់​គួរ​សម។ ​«​លក់​​​​ខ្លួន​ធ្វើ​អ្វី​នាំ​តែ​គេ​ស្អប់​ខូច​កេរ្តិ៍​ឈ្មោះ។​ ចៅ​ក្រម​ និង​អាជ្ញា​កណ្ដាល​សុទ្ធ​តែ​ដឹង​ពី​សមត្ថភាព​យើង​ឲ្យ​តែ​ហ៊ាន​លក់​គេ​ដឹង​ភ្លាម​ហើយ​ខាង​សហព័ន្ធ​នឹង​ដាក់​ពិន័យ​យើង​ទៀត»។​

 

សោភ័ណ្ឌ​បន្ត​ថា ៖«កាល​ណា​យើង​ខំ​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព ​នោះ​យើង​អាច​បាន​​វ៉ៃ​ជា​មួយ​​បរទេស​ញឹក​ញាប់ ​លុយ​ក៏​បាន​ច្រើន»។​ និយាយ​ត្រង់​ចុះ​ ខ្ញុំ​​ធ្លាប់​មាន​គេ​ទាក់​ទង​ឲ្យ​លក់​ការ​ប្រកួត​ច្រើន​ដង​ដែរ​ តែ​ខ្ញុំ​​មិន​លក់​ឧត្ដម​គតិ​ជា​ដាច់​ខាត»៕​

​​​​​

អត្ថបទ៖​ នួន​ ស៊ីណា